Ad Code

ទួរគី​ចង់​ឲ្យ​ធ្វើ​បត្យាប័ន​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​១៨​នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លោក Khashoggi



ប្រទេស​ទួរគី​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ខ្លួន​ចង់​ឲ្យ​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​១៨​នាក់​ត្រូវធ្វើ​បត្យាប័ន​ជុំវិញ​ករណី​ឃាតកម្ម​អ្នកសារព័ត៌មាន Jamal Khashoggi ខណៈដែល​លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​និយាយថា រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​នៅតែមាន​ភស្តុតាង​បន្ថែមទៀត​ដើម្បី​លាតត្រដាង​អំពី​ករណីនេះ​។​

ការប្រកាស​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ព្រះរាជអាជ្ញា​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថា ផ្អែកលើ​ភស្តុតាង​ដែល​ផ្តល់​ដោយ​ប្រទេស​ទួរគី ការសម្លាប់​នេះ​ហាក់ដូចជា​ត្រូវបាន​គេ​គិតទុក​ជាមុន​ដែល​នេះ​ជា​លើកដំបូង​ហើយ​ដែល​អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បានទទួល​ស្គាល់​បែបនេះ​។​

ក្នុង​សុន្ទរកថា​នៅ​ទីក្រុង​អង់កា​រ៉ា លោក Erdogan បាន​និយាយថា ព្រះរាជអាជ្ញា​អារ៉ាប៊ីសាអ៊ូឌីត​នឹងធ្វើ​ទស្សនកិច្ច​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៅ​ថ្ងៃអាទិត្យ​ដើម្បី​និយាយ​ទៅកាន់​អាជ្ញាធរ​ទួរគី​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​។​

អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​១៨​នាក់​ដែល​អ្នក​ទាំងនោះ​កំពុង​តាម​ចាប់​ដោយ​ក្រុង​អង់កា​រ៉ា​ក្រោយពី​មានការ​ខឹងសម្បា​ជា​អន្តរជាតិ​លើ​ការសម្លាប់​លោក Khashoggi ដែលជា​អ្នកកាសែត Washington Post និង​ជា​អ្នក​រិះគន់​គោលនយោបាយ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។ គាត់​ត្រូវបាន​សម្លាប់​នៅ​ស្ថាន​កុងស៊ុល​របស់​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​ខែតុលា​។​

សំណើ​ជា​លាយលក្ខណ៍អក្សរ​សម្រាប់​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ចំនួន​១៨​នាក់​ត្រូវ​បានរៀបចំ​ដោយ​រដ្ឋអាជ្ញា​របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

មន្ត្រី​ទួរគី​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា “​វា​ច្បាស់​ណាស់​ថា ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​ទួរគី​កាន់​តែមាន​ភាពល្អប្រសើ​ដើម្បី​បំរើ​ភាពយុត្តិធម៌​នៅក្នុង​ករណីនេះ​”​។​

កាលពី​ថ្ងៃ​សុក្រ លោក Erdogan បាន​អំពាវនាវ​ឲ្យ​ទីក្រុង​រី​យ៉ា​ដ​ត្រូវ​បង្ហាញថា តើន​រណា​ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​និង​កន្លែង​ទុក​សាកសព​របស់លោក Khashoggi ។​

ប្រធានាធិបតី​ទួរគី​រូបនេះ​បាន​បន្ទោស​ដោយផ្ទាល់​ទៅលើ​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​ដោយបាន​និយាយថា ជនសង្ស័យ​ទាំង​១៨​នាក់​ត្រូវតែ​ដឹងថា​តើ​អ្នកណា​ជា​អ្នក​សម្លាប់​លោក Khashoggi ហើយ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​បុរស​ទាំងនោះ​ត្រូវបាន​កាត់ទោស​នៅក្នុង​ប្រទេស​ទួរគី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu