មេដឹកនាំនៃប្រទេសទួរគី រុស្ស៊ី បារាំងនិងអាល្លឺម៉ង់នឹងជួបគ្នាក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃសៅរ៍ដើម្បីព្យាយាមនិងស្វែងរកដំណោះស្រាយនយោបាយយូរអង្វែងមួយចំពោះសង្គ្រាមស៊ីវិលស៊ីរី និងពង្រឹងបទឈប់បាញ់ដ៏ផុយស្រួយមួយនៅខេត្តភាគខាងជើងដែលកាន់កាប់ដោយពួកឧទ្ទាម។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នឹងទទួលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin, ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel សម្រាប់កិច្ចប្រជុំកំពូលមួយស្តីពីជម្លោះដែលក្នុងនោះមានមនុស្សជាង៣៦០,០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ២០១១មក។
ប្រទេសរុស្ស៊ីដែលគាំទ្ររបបស៊ីរីរបស់លោកប្រធានាធិបតី Bashar al-Assad ហើយប្រទេសទួរគីដែលគាំទ្រពួកឧទ្ទាមបានរៀបចំកិច្ចចរចាកាលពីលើកមុនជាមួយអ៊ីរ៉ង់ស្តីពីបញ្ហានេះ។
ប៉ុន្តែកិច្ចប្រជុំកំពូលនៅថ្ងៃសៅរ៍នឹងក្លាយជាលើកដំបូងដែលប្រមូលផ្តុំមេដឹកនាំទួរគីនិងរុស្ស៊ីជាមួយថ្នាក់ដឹកនាំនៃប្រទេសសំខាន់បំផុតទាំងពីររបស់សហភាពអឺរ៉ុប។
អ្នកនាំពាក្យប្រធានាធិបតីទួរគីលោក Ibrahim Kalin បាននិយាយកាលពីថ្ងៃសុក្រថា គោលដៅចម្បងគឺត្រូវបញ្ជាក់ពីជំហានដែលនឹងត្រូវធ្វើសម្រាប់ដំណោះស្រាយនយោបាយមួយនិងដើម្បីកំណត់ផែនទីបង្ហាញផ្លូវមួយ។
លោក Kalin បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu ថា ការរៀបចំគណកម្មការមួយដើម្បីបង្កើតរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមរបស់ប្រទេសស៊ីរីដែលគេមើលឃើញថាជាកត្តាដ៏សំខាន់មួយក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះនោះគឺនឹងក្លាយជាចំណុចសំខាន់មួយ។
គួរបញ្ជាក់ថា កិច្ចចរចានេះក៏នឹងសម្លឹងឆ្ពោះទៅរកការពន្យារពេលបទឈប់បាញ់មួយនៅជុំវិញខេត្ត Idlib ដែលកាន់កាប់ដោយពួកឧទ្ទាមផងដែរដែលនៅទីនោះ ក្រុមផ្តល់ជំនួយបានព្រមានថា ការវាយលុករបស់យោធាអាចបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌អាក្រក់បំផុតនៃសង្គ្រាមប្រាំពីរឆ្នាំ៕ AFP
Source: Kampuchea Thmey Daily
0 Comments