ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ និងអ្នកជំងឺ បានរត់ចែកជើងគ្នាចុះមកជាន់ក្រោម ខណៈឮសំឡេងផ្ទុះ ហើយបានឃើញផ្សែង និងអណ្ដាតភ្លើងឆាបឆេះក្នុងបន្ទប់បើកថ្នាំពេទ្យជាន់ទី២ នៃអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកុមារជាតិ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់បើកថ្នាំជាន់ទី២ ក្នុងអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយផ្លូវលេខ១១០ ស្ថិតក្នុងភូមិ១៤ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជុំវិញហេតុការណ៍នេះត្រូវបានគេដាក់ការសង្ស័យថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យមានសំឡេងផ្ទុះ និងឆេះឡើងតែម្ដង។
បើតាមក្រុមគ្រូពេទ្យដែលធ្វើការនៅបន្ទប់កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានលាន់ឮសំឡេងផ្ទុះ ដែលគេសង្ស័យឆ្លងចរន្តអគ្គិសនី ហើយក៏ចេញផ្សែង និងអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង។ ភ្លាមនោះ ក្រុមគ្រូពេទ្យ និងឪពុកម្ដាយក្មេងៗអ្នកជំងឺ ក៏បាននាំគ្នាពរកូនចុះមកក្រោមរត់ជាន់ជើងគ្នា ហើយបានរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានភ្លាមៗ
ដែរ។ ហើយខណៈភ្លើងកំពុងតែឆេះមិនបានប៉ុន្មាននាទីផង គេក៏បានឃើញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកចំនួន២គ្រឿង ចុះមកដល់កន្លែងកើតហេតុ ដើម្បីបាញ់ទប់ស្កាត់កុំឲ្យភ្លើងរាលដាលទៅបន្ទប់ផ្សេងៗថែមទៀត បន្តបន្ទាប់មកទៀតក៏មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលរាជធានីភ្នំពេញ បន្តរហូតដល់វេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃដដែលនេះ ទើបអណ្ដាតភ្លើងរលត់ទាំងស្រុង។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញប្រតិបត្តិការចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់៧គ្រឿង ស្មើនឹង២៨ម៉ែត្រគូប ដោយមានរថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ស្មើនឹង៤ម៉ែត្រគូប។
ក្នុងករណីអគ្គីភ័យខាងលើនេះបានបណ្តាលឲ្យខូចខាតនូវសម្ភារៈ និងឯកសាររបស់ពេទ្យមួយចំនួន រួមជាមួយនឹងឯកសាររបស់អ្នកជំងឺ តែមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕
Source: Kampuchea Thmey Daily
0 Comments