Ad Code

សូត្រ ប៊ុន​ធី ត្រូវការ​ឈ្នះ Phat Chhayak Phum ជា​ចាំបាច់​សម្រាប់​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​



•លី ភា ប្រកួត​មិត្តភាព​ជាមួយ Phat Ngam
ប្រដាល់ ៖ ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​ជុំ​ចុងក្រោយ​(​ជុំ​ទី​៤) រវាង​អ្នក​ប្រដាល់​កម្ពុជា​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក និង​អ្នក​ប្រដាល់​ថៃ Phat Chhayak Phum ខណៈ​ដែល​អ្នក​ប្រដាល់​កម្ពុជា លី ភា ក្លិប​សំរោង​កោង ​ខេត្ត​បាត់ដំបង គេ​ឡើង​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។​

សូត្រ ប៊ុន​ធី និង Phat Chhayak Phum ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្ដង​ហើយ​កាលពី​ឆ្នាំ​២០១៦​កន្លងមក ដែល​ក្នុង​ការ​ជួបគ្នា​ពេលនោះ លទ្ធផល​គឺ​ស្មើ​ពិន្ទុ​គ្នា។ តែ​យ៉ាងណា ​សូត្រ ប៊ុន​ធី និង Phat Chhayak Phum នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ គ្រាន់តែ​ ប៊ុន​ធី ​មាន​កំណត់ត្រា​ប្រកួត​ច្រើនជាង និង​មាន​កម្ពស់​ខ្ពស់​ជាង​ប៉ុណ្ណោះ។​

Phat Chhayak Phum គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨៨​លើក ឈ្នះ​៧១​លើក ចាញ់​១៦​លើក​ និង​ស្មើ​០១​លើក។ ចំណែក ​សូត្រ ប៊ុន​ធី គេ​មាន​កំណត់ត្រា​ប្រកួត​១១២​លើក ឈ្នះ​៨៨​លើក ចាញ់​២០​លើក និង​ស្មើ​០៤​លើក។

ប៊ុន​ធី គេ​ប្រកួត​ជុំ​ទី​៣ (ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០១៨) គេ​វាយ​ឈ្នះ​Phat Maha ក្នុង​ទឹក​ទី​១។ ចំណែក ការ​ប្រកួត​ជុំ​ទី​៣​របស់ Phat Chhayak Phum (២០​តុលា​២០១៨) គឺ​ឈ្នះ លី ភា ដោយ​ពិន្ទុ។

ដូច្នេះ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ចាញ់ ​លី ភា ​ហើយ​នោះ គឺ​មិន​សង្ឃឹមថា វាយ​ឈ្នះ​សូត្រ ប៊ុន​ធី នោះ​ឡើយ សម្រាប់​ការជួបគ្នា​ជុំ​ទី​៤​ជុំ​ចុង​ក្រោយនេះ ព្រោះថា​សូត្រ ប៊ុន​ធី គេ​ល្អ​និង​ខ្លាំង​ជាង​ លី​ភា​ទៅទៀត។ ប៉ុន្តែ​យ៉ាងណា ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះទេ ហើយ​ពីរ​នាក់​នេះ ក៏​មិន​អាច​អ្នកណា​មើលស្រាល​អ្នកណា​បាន​ដែរ។​

សូត្រ ប៊ុន​ធី គេ​ចាំបាច់​ត្រូវការ​ឈ្នះ Phat Chhayak Phum ឲ្យ​បាន​ដើម្បី​បាន​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ ព្រោះ​ថា​បើសិន​គេ​ចាញ់​ជុំ​ចុងក្រោយ​នេះ នឹង​ត្រូវ​ជួប​បញ្ហា​ជាមួយ​សុខ សា​វិ​ន ក្លិប​ឆ្មា​សរ​សែន​សុខ​គុន​ខ្មែរ ហើយ ព្រោះ​នឹងត្រូវ​ស្មើ​ពិន្ទុ​ជាមួយ សា​វិ​ន​។

​សុខ សា​វិ​ន ដែល​គេ​ឈ្នះ​ក្នុង​ជុំ​ជម្រុះ​ចុងក្រោយ​(២៧​តុលា​២០១៨) ធ្វើ​ឲ្យ​គេ​ចាំ​អ៊ុត​ជាមួយ​ សូត្រ ប៊ុន​ធី ដែល​ត្រូវ​ប្រកួត​ចុង​សប្ដាហ៍​នេះ បើ ​ប៊ុន​ធី​ ឈ្នះ​នោះ​ទើប​សុខ សា​វិ​ន គេ​ត្រូវ​ជ្រុះ​ធ្លាក់ តែបើ​ចាញ់​វិញ គឺមាន​ការ​ផ្ទៀងផ្ទាត់​គ្នា​ហើយ ថា​អ្នកណា​នៅ អ្នកណា​ជ្រុះ​ធ្លាក់​នោះ។

​ម្យ៉ាងទៀត ពីរ​នាក់​នេះ​ សូត្រ​ ប៊ុន​ធី​ និង​សុខ​ សា​វិ​ន​ សុទ្ធតែ​បាន​ផ្ដួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​ក្នុង​ទឹក​១ មួយ​ប្រកួត​ដូចគ្នា​ទៀត។​

ដូច្នេះ សម្រាប់​ការប្រកួត​ចុងក្រោយ​នេះ​ជាមួយ Phat Chhayak Phum សូត្រ ប៊ុន​ធី​ ចាំបាច់​ត្រូវតែ​ឈ្នះ​ឲ្យ​បាន ទើប​ប្រាកដថា​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​នោះ។

ចំពោះ លី ភា ដែល​ប្រកួត​ចុងក្រោយ​នេះ​ត្រូវ​ជួប​ជាមួយ Phat Maha ប្រកួត​បង្គ្រប់​កិច្ច​នោះ គឺ​មិនបាន​ជួប​ឡើយ ដោយ​ខាង​ភាគី​ថៃ​(Phat Maha)​បោះបង់​ការប្រកួត។​ លី​ភា គេ​ត្រូវ​បានឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ តែ​យ៉ាងណា ​លី​ភា ​នៅតែ​ជ្រុះ​ធ្លាក់​ដដែល​ទេ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ Phat Maha នេះ មក​ប្រកួត​៣​ជុំ​កន្លងមក គឺ​សន្លប់​ទាំង​បី​ដង។ ដូច្នេះហើយ ទើប​គេ​មិន​ឲ្យ​មក​ប្រកួត​នៅ​ជុំ​ចុងក្រោយ​នេះ។​ នេះ​បើតាម​លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡា ករ​ថៃ​មក​ប្រកួត និយាយប្រាប់​ឲ្យ​ដឹង​នោះ។​

ជាមួយនឹង​ការមិន​បាន​ប្រកួត​ជាមួយ Phat Maha នេះ លី ភា ត្រូវ​អ្នក​ផ្គូផ្គង​តម្រូវ​ឲ្យ​ជួប​ប្រកួត​ជាមួយ​Phat Ngam ដោយ​ប្រកួត​ជា​លក្ខណៈ​មិត្ត​អន្តរជាតិ។

ប្រហែលជា​មិន​ពិបាក​ទេ ខណៈ​ដែល ​លី ភា​ ជួប​ជាមួយ Phat Ngam​នេះ ព្រោះ​តាម​ការ​កត់​សម្គាល់​នោះ លី​ភា ​គេ​មាន​ផ្លែ​ល្អ​ជាង Phat Ngam ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ក្នុង​ពេល​ជួប​ប្រកួត​ជាមួយ​សារឿន ច័ន្ទ កន្លងមក ​គឺ​មិន​ជា​ខ្លាំង​ប៉ុន្មាន​ឡើយ។

Phat Ngam គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​តែម្ដង​ប៉ុណ្ណោះ​ជាមួយ​ សារឿន ច័ន្ទ ក្លិប​តា​ព្រហ្ម​មានជ័យ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន៥៩​លើក ឈ្នះ​៥១​លើក និង​ចាញ់​០៨​លើក មិនដែល​ស្មើ។ លី ភា អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៦៨​លើក​ឈ្នះ​៥៥​លើក ចាញ់​១៣​លើក និង​មិនដែល​ស្មើ។ យ៉ាង​ណា​សម្រាប់​ការប្រកួត​នេះ គេ​រំពឹង​ថា លី ភា នឹង​ឈ្នះ Phat Ngam។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន​៨​រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។

អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន ​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ , សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ , លី ភា ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង និង​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​។ ឯ​អ្នក​ប្រដាល់​ថៃ​៤​នាក់​វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu