កីឡាករ ធារី ចន្ថាប៊ីន ដែលទើបកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា គឺជាកីឡាករតែ១រូបគត់កំពុងប្រកបអាជីពនៅក្លិប Teregganu FA សមាជិកពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨នៅពេលនេះ ខណៈក្លិបរបស់កីឡាកររូបនេះត្រូវប៉ះក្រុមខ្លាំង Johor Darul Ta'zim F.C ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ប្រចាំយុទ្ធនាកាប្រកួតក្នុងពានរង្វាន់ 2018 Malaysia Cup។
ពានរង្វាន់ 2018 Malaysia Cup បានជម្រុះជាច្រើនលើក ខណៈនៅវគ្គជម្រុះតាមពូលមានក្រុមចំនួន១៦ ចែកជា៤ពូល។ ក្រុមខ្លាំងៗតាមពូលនីមួយៗមានឈ្មោះឡើងទៅលេងនៅវគ្គ៨ក្រុមចុងក្រោយ និងបន្តទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជើងឯក។ ជារួមក្រុមដែលត្រូវប៉ះគ្នាក្នុងវគ្គនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ គឺក្រុមTeregganu FA ប៉ះក្រុមJohor Darul Ta'zim F.C ហើយក្រុម Perak ជួបក្រុម Sabah។ ក្រុមឈ្នះនៅវគ្គនេះត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ខាងមុខ។
ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជើងទី១នេះក្រុម Teregganu FA បានយកឈ្នះលើក្រុម Johor Darul Ta'zim ១ទល់០ លើទីលានកីឡដ្ឋានSultan Ismail Nasiruddin Shah Stadium ក្នុងទីក្រុងKuala Terengganu របស់ខ្លួន។ ចំណែកជើងទី២ វិញនឹងក្រុមទាំង២នឹងធ្វើការប្រកួតគ្នាក្នុងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ខាងមុខលើទីលានកីឡដ្ឋានTan Sri Dato' Haji Hassan Yunos Stadium ក្នុងទីក្រុង Larkin វិញម្តង។
ចំពោះកីឡាករ ធារី ចន្ថាប៊ីន ទើបតែធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលហ្វឹកហាត់និងប្រកួតក្នុងក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិទីម័រខាងកើតនិងសឹង្ហបុរី។ សម្រាប់ប្រកួតកន្លងមកក្នុងវគ្គជម្រុះតាមពូលក្រុម Teregganu FA បានយកឈ្នះលើក្រុម Kuala Lumpur ៥ទល់១ ហើយបន្តឈ្នះលើក្រុម Perak ៤ទល់៣ និងស្មើគ្នាជាមួយក្រុម Felcra ២ទល់២។ ចូលដល់ជុំទី២ក្រុមនេះបានប្រកួតឈ្នះលើក្រុម Felcra ៤ទល់១ មុនចាញ់ក្រុម Perak ២ទល់១ វិញ និងបន្តចាញ់ក្រុមKuala Lumpur៣ទល់២។ ចំណែកវគ្គ៨ក្រុមចុងក្រោយក្រុមនេះបានយកឈ្នះលើក្រុមFelda United ទាំង២ជើងដោយលទ្ធផល៦ទល់៤។
សូមរំលឹកថាកម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឱ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments