កំពង់ធំ ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះ នៅក្នុងពិធីចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីមរណៈនៅខេត្តកំពង់ធំ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកចូលរួម លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា ពិធីដែលយើងកំពុងប្រារព្ធនាថ្ងៃនេះ ស្របពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ទើបតែបានបញ្ចប់ពិធីបុណ្យបុណ្យភ្ជុំបិណ្ឌ រួមជាមួយនឹងក្តីមោទនភាពឥតឧបមា ចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ និងជួបប្រាស្រ័យសួរសុខទុក្ខ ប្រជាពលរដ្ឋកម្ពុជាយើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រាប់ពាន់នាក់។ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី១០ នៅប្រទេសជប៉ុន និងរហូតដល់ថ្ងៃនេះ គឺចូលរួមនៅក្នុងវេទិការជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅប្រទេសឥណ្ឌូនេស៊ី។
ជាមួយនឹងការលើកឡើងខាងលើនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីធ្វើការកែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបបន្តរ ដែលជាសរសៃឈាមសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងគោលដៅនៃសកលភាវូបនីយ៍កម្ម ក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។
តាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វិស័យនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌បាន និងកំពុងរក្សាបានស្ថិរភាពរឹងមាំ។ ជាក់ស្តែងក្នុងឆ្នាំ២០១៨នេះ តាមការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ច កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ ភាគរយជាប់ៗគ្នា ភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅត្រឹម១១ភាគរយ ហើយ GDP សម្រាប់ប្រជាជនកម្ពុជាក្នុងម្នាក់ទទួលបាន១៥០០ដុល្លារជាង។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាន់យកគោលយោបាយសន្តិសហវិជ្ជមាន និងអព្យាក្រឹតក្នុងការទំនាក់ទំនងការទូតរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសលើពិភពលោក។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងទៀតថា ការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងសហគមន៍អន្តរជាតិ ក្នុងក្របខ័ណ្ឌជាសមាជិកនានា ទាំងនៅក្នុងតំបន់ និងលើសកលលោក ការបញ្ជូនកងរក្សាសន្តិភាព និងការងារមនុស្សធម៌ទៅតាមបណ្តាប្រទេសមួយចំនួន ក្នុងបេសកកម្មនៃអង្គការ សហប្រជាជាតិ ភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលតូចធំ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិធំៗជាច្រើន ជាពិសេសការអញ្ជើញចូលរួមប្រជុំ នៅអង្គការសហប្រជាជាតិលើកទី៧៣ ការជួបប្រជុំជាលក្ខណៈទ្វេភាគី ជាមួយបណ្តាមេដឹកនាំ សំខាន់ៗនៅទូទាំងពិភពលោករបស់សម្តេចអគ្គមហាសេនាបតីតេជោ នាពេលថ្មីៗកន្លងមកនេះ ប្រការនេះពិតជាបានសរបញ្ជាក់ឲ្យឃើញពីកិត្យានុភាពជាតិ និងកិត្តិយសជាតិរបស់កម្ពុជា កាន់តែខ្ពង់ខ្ពស់ និងឧត្តុងឧត្តម។ ដោយឡែកកងយោធពលខេមរភូមិន្ទយើងវិញ ក្នុងអាណត្តិទី៦នេះ ក៏ដូចជាអាណត្តិមុនៗដែរ ក្រៅអំពីភារកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម បង្ការទប់ស្កាត់រាល់អំពើឧក្រិដ្ឋកម្ម ចោរកម្ម អំពើជួញដូរគ្រប់ប្រភេទ អំពើភេរវកម្ម អំពើឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនទៀត ជាពិសេសយើងការពារ និងទប់ស្កាត់បានទាន់ពេលវេលា នូវឧបាយកលល្បិចនាំយក បដិវត្តន៍ពណ៌របស់បក្សពួកប្រឆាំង ប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់អាណត្តិទី៥ ក៏ដូចជាចង់បំផ្លាញការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិបតេយ្យ ពីឆន្ទៈរបស់ប្រជាពលរដ្ឋ និងនីតិរដ្ឋ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ កំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមផែនការ កែទម្រងរបស់ខ្លួនជាបណ្តើរៗ ដោយផ្អែកលើច្បាប់ពីរជាមូលដ្ឋាន គឺច្បាប់កាតព្វកិច្ចយោធា និងច្បាប់សោធនិវត្តន៍។ លោកគិតថា លទ្ធផលនៃការកែទម្រង់នៅពេលនេះ នៅមានភាពលំបាក ខ្វះខាត និងមានចន្លោះប្រហោងខ្លះៗក្តី តែជាបន្តបន្ទាប់ យើងនឹងសង្ឃឹមថា ការងារកែទម្រង់នេះ នឹងទទួលបានជោគជ័យ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជ្រាបនាយទាហានវ័យក្មេង ដែលមានចំណេះដឹងជ្រៅជ្រះ និងកាយសម្បទាមាំមួន ព្រមជាមួយនឹងការពង្រីកចំណេះដឹងខាងវិជ្ជាជីវៈគ្រប់ជំនាញ។ លើមូលដ្ឋាននេះ យើងពិតជាអាចឈានទៅសម្រេចបានតាមផែនការកំណត់របស់យើង។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឱ្យស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្ដេជ្ញាការពាររដ្ឋ ធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយត្រូវសកម្មចូលរួមអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦។ ត្រូវបង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវសារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពល ខេមរភូមិន្ទ ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវចងចាំ និងប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រសាសន៍សម្តេចតេជោ គឺ” ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឲ្យបានជាដាច់ខាត នូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុងតែមាននៅពេលនេះ និងមិនអនុញ្ញាតឲ្យជនណាម្នាក់មកបំផ្លាញសុខសន្តិភាព ស្ថិរភាព សមិទ្ធផលដែលកំពុងមាននេះជាដាច់ខាត”។ ត្រូវបន្តបង្កើន កិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត សាមគ្គីភាព ភាពជាបងប្អូនជាភូមិផងរបងជាមួយ ជាមួយបណ្តាប្រទេសទាំងអស់នៅជុំវិញរបស់យើងនៅក្នុងការរួមគ្នា ថែរក្សាការពារ និងទប់ស្កាត់រាល់អំពើចោរកម្ម ឧក្រឹដ្ឋកម្មឆ្លងដែន និងរត់គេចពន្ធ គ្រប់ប្រភេទ សំដៅធ្វើយ៉ាងណាឲ្យព្រំដែនកម្ពុជា-ជាមួយបណ្តាប្រទេសជុំវិញ ប្រកបដោយព្រំដែន សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ។ ត្រូវបង្កើនការយកចិត្តទុកដាក់ រៀនសូត្រ ស្វែងយល់ពីការអភិវឌ្ឍរីកចម្រើន របស់សង្គមជាតិ ពីឧបាយកលឃោសនា ញុះញង់បោកប្រាស់ ពីកល្បិចផ្សេងៗរបស់បក្សពួកប្រឆាំង និងពួកអគតិខាងក្រៅ ដោយឯករាជ្យម្ចាស់ការប្រឆាំងតបត និងប្រឆាំងដាច់ខាត ចំពោះឧបាយកលល្បិច និងស្មោះស្ម័គ្រ ការពារដាច់ខាតរាល់សមិទ្ធផលជាតិ៕
Source: Kampuchea Thmey Daily
0 Comments