ភ្នំពេញ ៖ នៅចំពោះមុខអ្នកធុរជនប្រមាណ ៥០០ នាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃទី៩ ខែតុលា បានបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្តានុពល និង កាលានុវត្តភាពជាច្រើនក្នុងការទាក់ទាញអ្នកវិនិយោគ។ សម្តេចតេជោបានលើកឡើងពីសក្តានុពលនិងកាលានុវត្តភាពទាំង៦ចំណុច ធ្វើឡើងនៅក្នុងក្នុងវេទិការធុរកិច្ចមេគង្គ-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងវេទិកាធុរកិច្ចមេគង្គ-ជប៉ុន ដែលមានឈ្មោះថា «តំបន់ប្រមូលផ្តុំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី» ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានលើកឡើងនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដោយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ នៅក្នុងដំណាក់កាលចតុកោណទី៤ នេះតាមសម្តេចតេជោ ហ៊ុន សែន គឺសំដៅស្វែងរកប្រភពកំណើនសេដ្ឋកិច្ចថ្មី ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ និង ប្រកបដោយចីរភាព ដោយទាញយកប្រយោជន៍ពីកាលានុវត្តភាពនៅក្នុងតំបន់ បង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ចដែលមានស្រាប់នៅក្នុងអនុវិស័យពាក់ព័ន្ធ។
ដោយឡែកចំពោះសក្តានុពលនិងកាលានុវត្តភាពទាំង៦ចំណុចដែលសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានលើកឡើងប្រាប់អ្នកវិនិយោគ នៅក្នុងឱកាសធុរកិច្ចមេគង្គ-ជប៉ុន រួមមាន៖
ទី១. ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអត្រាកំណើតសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧% ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅនេះ។
ទី២.គឺកម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ានដែលតំបន់នេះបាននិងកំពុងក្លាយជា“រោងចក្រនៃអាស៊ី”ហើយម្យ៉ាង ទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គដែលជាតំបន់មានកំណើនសេដ្ឋកិច្ចនិងការតភ្ជាប់ខ្ពស់ជាងគេ។ ជាមួយគ្នានេះការផ្លាស់ប្តូរទីប្រជុំទម្ងន់នៃកំណើនសេដ្ឋកិច្ចមកទ្វីបអាស៊ីពិសេសអាស៊ីបូព៌ាបន្តនៅជា“ឱកាសមាស”សម្រាប់កម្ពុជាធ្វើការអភិវឌ្ឍនិងធ្វើទំនើបកម្ម ឧស្សាហកម្ម ផលិតកម្ម និង សេវាកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់។
ទី៣.កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុនោះប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះមានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជន ដែលមានចំណូលមធ្យម និងវណ្ណៈកណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់រយៈពេល ៣ ទសវត្សរ៍ខាងមុខ។
ទី៤ .គឺកម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើង រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។
ទី៥ .ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គងសម្រាប់តែទីផ្សារកម្ពុជាដែលមានប្រជាជនប្រមាណតែជាង១៥លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០ លាននាក់ទីផ្សារអាស៊ាន ដែលមានអតិថិជនប្រមាណ ៦៣០ លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយតំបន់ (RECP) ដែលមានអតិថិជនប្រមាណ ៣ប៊ីលាននាក់ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។
ទី៦. កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្ម និងតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេស និងនៅក្នុងតំបន់ជាដើម៕
Source: Kampuchea Thmey Daily
0 Comments