ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញហើយនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុន លើកទី ១០ នៅប្រទេសជប៉ុនរយៈពេល ៤ ថ្ងៃនិងបន្តដំណើរចូលរួម “ជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន” ដែលត្រូវបានរៀបចំឡើងស្របជាមួយកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកក្រោមមូលបទ”ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកល”នៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៨នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។
ក្នុងការស្នាក់នៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ពីថ្ងៃទី៦ដល់ថ្ងៃទី១០ខែតុលា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយស៊ីនហ្សូអាបេនាយករដ្ឋមន្ត្រីជប៉ុននិងទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោកម៉ាសាហីរ៉ូអីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា,លោកហីរ៉ូយូគីអីស៊ីហ្គេ(Hiroyuki Ishige) ប្រធាននិងជានាយកប្រតិបត្តិអង្គការJETRO,លោក ហ្វ៊ូមីអាគីតាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងជាប្រធានសមាគមជប៉ុន-កម្ពុជា,លោកណូប៊ូអាគីគីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៊ី (Mitsui Co., Ltd) និងលោកយូស៊ីហ៊ីសាកៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗចំនួនពីររបស់ជប៉ុនផងដែររួមមានកំពង់ផែកុងតឺន័រនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសំអាតទឹកអារីយ៉ាកេ (Ariake)។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជួបសំណេះសំណាលជាមួយសហគមន៍និងនិស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុនមុនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នៅថ្ងៃទី៩តុលា ដែលបណ្តាមេដឹកនាំនៃប្រទេសមេគង្គជប៉ុននិងធ្វើការពិភាក្សានិងអនុម័តយុទ្ធសាស្ត្រទីក្រុងតូក្យូថ្មីសំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់លើកកម្ពស់សុខុមាលភាពប្រជាជននិងការពារបរិស្ថាន។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីនហ្សូ អាបេ ដែលនៅក្នុងឱកាសនោះនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើការកត់សំគាល់ដោយពេញចិត្ត យ៉ាងខ្លាំងនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃ ប្រទេសទាំងពីរបានលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញលោក ស៊ីនហ្សូ អាបេ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ។ ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បាន ទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និង ជម្រាបជូនថា លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្រប។
ក្នុងឱកាសរំលឹកខួបលើកទី១០ នៃយន្តការមេគង្គ-ជប៉ុន ថ្នាក់ដឹកនាំបានសម្រេចលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះទៅដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំទាំងអស់បានអនុម័ត "យុទ្ធសាស្ត្រតូក្យូ ឆ្នាំ ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន" ដែលមានសសរស្ដម្ភបីសំខាន់ៗគឺៈ ទី១.ការតភ្ជាប់រស់រវើកនិងមានប្រសិទ្ធភាព,ទី២.សង្គមដែលផ្តោតទៅលើមនុស្សជាចម្បងនិងទី៣.ការសម្រេចបាននូវមេគង្គបៃតង។
លើកិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន និង ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មេដឹកនាំទាំងអស់បានសម្រេចប្តូរផែនការសកម្មភាពទសវត្សឆ្ពោះទៅរកតំបន់មេគង្គបៃតងត្រឹមឆ្នាំ ២០២០ ,ទៅជាគំនិតផ្តួចផ្តើមមេគង្គជប៉ុន សម្រាប់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ២០៣០។ កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន និង យុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វីក ដែលសេរីនិងបើកចំហ។ មេដឹកនាំទាំងអស់បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹង ប្រឹងជាបន្តបន្ទាប់របស់ប្រទេសមេគង្គនីមួយៗ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ដែលសេរីនិងបើកចំហ ដោយឈរលើគោលការណ៍នីតិរដ្ឋ ដើម្បីធានាឲ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់និងបានបញ្ជាក់ថា តំបន់មេគង្គដែលតភ្ជាប់ ជាមួយមហាសមុទ្រឥណ្ឌា ទៅជាមហាសមុទ្រប៉ាស៊ីហ្វីក មានអំណោយផលផ្នែកភូមិសាស្ត្រដែលអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការសម្រេចបាននូវតំបន់ឥណ្ឌូ ប៉ាស៊ីហ្វីក ដែលសេរីនិងបើកចំហ។
បន្ទាប់មកនៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង បណ្តាមេដឹកនាំនៃប្រទេសមេគង្គបានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ដែរលរៀបចំឡើងដោយក្រុមធុរកិច្ចនៃប្រទេសជប៉ុនមេគង្គ។ ដូចគ្នានឹងបណ្តាមេដឹកនាំនៃប្រទេសមេគង្គដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា មេគង្គជាតំបន់មួយដែលមានទីតាំងយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងមានផលទុនសរុប ក្នុងស្រុក (ផសស) រួមគ្នាសរុបប្រមាណ៨០០ប៊ីលានដុល្លាអាមេរិក និង មានប្រជាជនសរុប ២៤០ លាននាក់។ បច្ចុប្បន្នតំបន់នេះកំពុងតែមានការផ្លាស់ប្តូរតួនាទីជាភូមិសាស្ត្រយុទ្ធសាស្ត្រជាទីផ្សារ និង ជាមជ្ឈមណ្ឌលផលិតកម្មរួមធំមួយ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន និងបណ្តាមេដឹកនាំនៃប្រទេសមេគង្គបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិនិយោគដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ ៥០០ នាក់មកពីប្រទេសមេគង្គ ជប៉ុន និង ដៃគូអភិវឌ្ឍន៍នានារបស់ប្រទេសមេគង្គនិងប្រទេសជប៉ុន។
នៅថ្ងៃទី ១០ខែតុលាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសឥណ្ឌូនេស៊ី។សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញចូលរួមក្នុង“ជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន”ដែលត្រូវបានរៀបចំឡើងស្របជាមួយកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកក្រោមមូលបទ”ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកល”នៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៨នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។
ជំនួបកំពូលនេះមិនត្រឹមតែជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ដើម្បីធ្វើការងារជិតស្និទ្ធថែមទៀតជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប) ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់អាស៊ានក្នុងការសម្រេចបាននូវវឌ្ឍនភាពដ៏ពិតប្រាកដ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ថ្លែងនៅក្នុងជំនួបកំពូលនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ានសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរក្នុងផ្នែកសង្គម ជាពិសេស លើគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាភាពប្រសើរឡើងលើសូចនាករសំខាន់ៗនៃការអភិវឌ្ឍមនុស្ស។ លើសពីនេះទៀតអាស៊ាន គឺជាតំបន់ដែលធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមុនគេផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនជាម្ចាស់ឆ្នោត និងដើម្បីកសាងមូលដ្ឋានគ្រឹះបន្ថែម សម្រាប់ធានានាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ នៅក្នុង បរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាផ្តោតអាទិភាពខ្ពស់របស់ខ្លួនទៅលើ (១) ការកែទម្រង់ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន (២) ការជំរុញការអភិវឌ្ឍឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង (៣) ការកែលំអថែមទៀតនូវបរិយាកាសធុរកិច្ច។
នៅក្នុងបទអន្តរាគមន៍ទាំងអស់របស់ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអគ្គលេខាធិការ អ.ស.ប សុទ្ធតែបានកោតសរសើរអាស៊ានដែលសម្រេចបានវឌ្ឍនភាពសំខាន់ៗក្នុងរយៈពេលកន្លងមក និងបានសម្តែងនូវការបន្តប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាពិសេស លោកអគ្គលេខាធិការអ.ស.ប បានអបអរសាទរនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បី “កាត់បន្ថយគម្លាតអភិវឌ្ឍន៍”រវាងនិងនៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments