ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានប្រកាសជំហរដាច់ខាតក្នុងការរក្សាអធិបតេយ្យនិងឯករាជ្យជាតិរបស់កម្ពុជាដោយមិនចុះញមចំពោះការគំរាមដកការអនុគ្រោះពន្ធ (EBA «Everything But Arms») លើទំនិញរបស់កម្ពុជាពីគណៈកម្មការអឺរ៉ុបនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មិនត្រូវយកអធិបតេយ្យរបស់ជាតិទៅប្តូរនឹងជំនួយឬការគំរាមណាមួយពីបរទេសនាំឲ្យបំផ្លាញសង្គមកម្ពុជានោះទេ»។ ដោយសម្តេចបញ្ជាក់ថា កម្ពុជាសុខចិត្តបង់ពន្ធលើទំនិញនាំចូលទៅអឺរ៉ុបតែកម្ពុជាមិនឱនក្បាលចំពោះការគំរាមរបស់ពួកគេនោះឡើយ ហើយកម្ពុជានឹងប្រឹងរស់ដោយខ្លួនឯង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាការីនិងប្រជាពលរដ្ឋខ្មែរកំពុងសិក្សានិងរស់នៅក្នុងប្រទេសជប៉ុននៅថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៨នេះ។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងភ្លាមៗខណៈពេលដែលគណៈកម្មការអឺរ៉ុប បានគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ តាមរយៈការនាំចូលទំនិញគ្រប់យ៉ាងពីកម្ពុជាទៅសហគមន៍អឺរ៉ុបលើកលែងតែអាវុធ (EBA-Everything But Arms)។ កម្ពុជាជាប្រទេសមួយដែលបានចុះ កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះហើយតែងតែទទួលបានការអនុគ្រោះពន្ធ។
គួរបញ្ជាក់ថា ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានបញ្ជាក់ថា នីតិវិធីនៃការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) ត្រូវប្រើរយៈពេល៦ខែពីរដង។ ការបញ្ជាក់នេះគឺធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលចេញផ្សាយនៅយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០១៨។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបបានបញ្ជាក់ថា «ការត្រៀមរៀបចំត្រូវបានចាប់ផ្តើមដំណើរការសម្រាប់គណៈកម្មការ(អឺរ៉ុប) ធ្វើសេចក្តីសម្រេចចិត្តដាក់សំណើរផ្លូវការដើម្បីដកចេញជាបណ្តោះអាសន្ននូវការអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ ការនាំចូលទំនិញគ្រប់យ៉ាង លើកលែងតែអាវុធ (EBA-Everything But Arms)»។
សេចក្តីប្រកាសព័ត៌មានបានបន្តថា នៅពេលដែលគណៈកម្មការចាប់ផ្តើមសម្រេចនីតិវិធីនៃការដកបណ្តោះអាសន្នលើប្រព័ន្ធអនុគ្រោះពន្ធនេះ នីតិវិធីនេះត្រូវចាប់ផ្តើមជាមួយប្រព័ន្ធនៃការត្រួតពិនិត្យផ្លូវការដែលមានរយៈពេល៦ខែ។ នេះជាខ្លឹមសារពន្យល់របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មាន។
បន្ទាប់មកវានឹងមានរយៈពេល ៦ ខែទៀតដើម្បីសរសេររបាយការណ៍ស្តីពីការប្រមូលព័ត៌មាន និង បញ្ចប់របាយការណ៍ដោយមានសេចក្តីសម្រេចពីគណៈកម្មការមួយផ្សេងទៀតថា ត្រូវដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធបណ្តោះអាសន្ននោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឱនក្បាលចំពោះបរទេសមួយដងនឹងមានមានការឱនក្បាលជាបន្តបន្ទាប់មិនអាចងើបរួចនោះឡើយ ហើយការឱនក្បាលចំពោះបរទេសជាថ្នូរសម្រាប់ជំនួយ ឬ ជាថ្នូរនឹងអ្វីមួយនោះ គឺជាការបំផ្លាញនូវអធិបតេយ្យនិងឯករាជ្យជាតិរបស់កម្ពុជ ផងដែរ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិតាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នោះសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចនឹងមិនធ្វើទង្វើឱនក្បាលចំពោះបរទេសជាថ្នូរនឹងអ្វីមួយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយកុំយកសន្តិភាពរបស់ ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាមវិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផងចាំបាច់ទៅធ្វើកម្ពុជាធ្វើអីចាំបាច់ធ្វើប្រទេសមួយធ្វើអី»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រធានបទសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ វាពេញនិយមសម្រាប់ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមានលុយ ទៅលើប្រទេសក្រីក្រតែប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថាបើអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធ គឺកម្ពុជានឹងបង់ដោយមិនឱនក្បាលចំពោះការគំរាមរបស់ពួកគេនោះឡើយ ហើយកម្ពុជានឹងប្រឹងរស់ដោយខ្លួនឯង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ចង់ឲ្យបង់ពន្ធបង់ពន្ធ ! សូមផ្តាំឱនក្បាលម្តងត្រូវ ជំពាក់ម្តង ឱនពីរដងជំពាក់ពីរដង ឱនក្បាលបីដងជំពាក់បីដងឱនមួយជីវិតខ្មែរអត់ឯករាជ្យបានទេ ។ ប្រឹងរស់ងើបឈរឡើងដើម្បីការពារឯក រាជ្យ អធិបតេយ្យរបស់ប្រទេស ដើម្បីការពារសន្តិភាពរបស់ប្រទេស»។
សូមបញ្ជាក់ថា ទំនិញកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុបភាគច្រើន គឺជាផលិតផលកាត់ដេរសម្លៀកបំពាក់និងស្បែកជើងដោយនាំចូលក្រោមការអនុគ្រោះដោយរកប្រាក់ចំណេញបានជាង ៦០០ លានដុល្លារក្នុង១ ឆ្នាំៗ៕
Source: Kampuchea Thmey Daily
0 Comments