ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី១១ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នៅក្របខ័ណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន២៥,១៥០នាក់ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
តាម គ.ជ.ប សរុបទាំង១១ថ្ងៃនេះ តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន៩៧,០៣៥ នាក់ ហើយអ្នកដែលបានលុបចេញពីបញ្ជីមានចំនួន១៤,២៤៧ នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន៧៧៩ នាក់។ គ.ជ.ប បញ្ជាក់ថា អ្នកមកសុំចុះឈ្មោះបោះឆ្នោត ទី១, ជាប្រជាពលរដ្ឋខែ្មរមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ទី២, ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ១៨ឆ្នាំឡើងគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ទី៣, ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
ចំណែកអ្នកត្រូវធ្វើបច្ចុប្បន្នភាព គឺទី១, ជាប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ រួចហើយ ប៉ុន្តែឈ្មោះ ឬទិន្នន័យក្នុងបញ្ជីបោះឆ្នោត កត់ត្រាមិនត្រឹមត្រូវ ទី២, ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យពីភូមិមួយទៅភូមិមួយទៀតក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យមួយទៅការិយាល័យមួយទៀត ក្នុងភូមិតែមួយ ទី៣, ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ដែលបានទទួលមរណភាព ហើយត្រូវបានសមាជិកគ្រួសាររាយការណ៍ផ្ទាល់ជូនក្រុមចុះឈ្មោះ (ក.ច.ប) ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា នៅសល់តែ៧ថ្ងៃទៀតទេ ប្រជាពលរដ្ឋ ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង ហើយប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០១) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕
Source: Kampuchea Thmey Daily
0 Comments