ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុនដើម្បីបំពេញទស្សនកិច្ចផ្លូវការនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ពីថ្ងៃទី៦ដល់ថ្ងៃទី១០ខែតុលា។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងតូក្យូកាលពីវេលាម៉ោង១៧៖៤០នាទីម៉ោងនៅទីក្រុងតូក្យូត្រូវនឹងម៉ោង១៣និង៤០ នាទីម៉ោងនៅ កម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវនៅប្រទេសជប៉ុននៅព្រឹកថ្ងៃទី៧ តុលា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចលើតំបន់និងមជ្ឈមណ្ឌលសំខាន់ៗមួយចំនួនក្នុងទីក្រុងតូក្យូ និង ទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ក្នុងនោះទី១.សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ,ទី២អញ្ជើញទស្សនាកំពង់ផែកុងតឺន័រអន្តរជាតិយូកូហាម៉ា និងទី៣.អញ្ជើញទស្សនាគម្រោងអភិវឌ្ឍតំបន់មីណាតូមីរ៉ាយ ទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ។
នៅមជ្ឈមណ្ឌលសំអាតទឹកលូក្នុងទីក្រុងតូក្យូ សម្តេចតេជោបានតាមដានស្តាប់ យកចិត្តទុកដាក់ពីការធ្វើបទបង្ហាញពីសំណាក់ថ្នាក់ដឹក នាំមជ្ឈមណ្ឌលស្តីពីគម្រោងនៃការផលិតទឹកស្អាតក្នុងទីក្រុងតូក្យូ ពិសេសការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់បម្រើឲ្យសេចក្តីត្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូ ។ មជ្ឈមណ្ឌលនេះក៏កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជាក្នុងការនាំយកនូវបច្ចេកវិទ្យាដ៏ទំនើបនេះទៅកាន់ប្រទេសកម្ពុជាដើម្បីធ្វើប្រព្រឹត្តកម្មទឹកកខ្វក់មួយចំនួនដើម្បីបម្រើឲ្យសេចក្តីត្រូវការនិង ការប្រើប្រាស់របស់ប្រជាជនកម្ពុជា ពិសេសការកាត់បន្ថយលើហានិភ័យនៃសុខភាពរបស់ប្រជាជនកម្ពុជា។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញទស្សនាកំពង់ផែអន្តរជាតិយូកូហាម៉ាដែលជាកំពង់ផែនក្នុងតឺន័រទឹកជ្រៅមួយរបស់ប្រទេសជប៉ុន។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាប្រទេសជប៉ុនកំពុងចូលរួមជួយរៀបចំការអភិវឌ្ឍកំពង់ផែស្វយ័តព្រះសីហនុ តាមរយៈការរៀបចំ ប្រព័ន្ធគយនិងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
ក្នុងដំណើរទស្សនកិច្ចកំពង់ផែយូកូហាម៉ាសម្តេចតេជោនាយករដ្ឋមន្ត្រីបានតាមដានយ៉ាងយកចិត្តទុកដាក់តាមដានពីខ្សែចង្វាក់ផលិតកម្ម និង ហេដ្ឋារចនាសម្ព័ន្ធក្នុងកំពង់ផែ ពិសេសការលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកំពង់ផែអន្តរជាតិយូកូហាម៉ាជាមួយនឹងកំពង់ផែស្វយ័តខេត្តព្រះសីហនុ។
នៅទីនោះសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ាដែលបានអនុ ញ្ញាតឲ្យរូបសម្តេចធ្វើទស្សនកិច្ច។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើដល់កំពង់ផែអន្តរជាតិយូកូហាម៉ាបន្តការយកចិត្តទុកដាក់និងបង្កើន កិច្ចសហប្រតិបត្តិការជាមួយនិងកំពង់ផែស្វយ័តខេត្តព្រះសីហនុសំដៅធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅជាកំពង់ផែដែលមានលក្ខណៈស្តង់ដារអន្តរជាតិនិងមានការប្រកួតប្រជែងជាមួយនឹងបណ្តាកំពង់ផែនៃប្រទេសក្នុងតំបន់និងអន្តរជាតិ។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារជាមួយលោកស្រីហ្វុមីកូ ហាយ៉ាស៊ីអភិបាលក្រុងយូកូហាម៉ា។ ក្នុងជំនួបអាហារការងារថ្ងៃត្រង់នោះលោកស្រីអភិបាលក្រុងមានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ សម្តេច តេជោនៅទីក្រុងយូកូហាម៉ា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ។
លោកស្រីអភិបាលក្រុងមានប្រសាសន៍បន្តថា ទីក្រុងយូកូហាម៉ាពិសេសកំពង់ផែអន្តរជាតិយូកូហាម៉ាមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងជា មួយនិងកំពុងផែស្វយ័តខេត្តព្រះសីហនុ ។ លោកស្រីអភិបាលក្រុងបន្តថា ឆ្នាំ២០១៨ នេះគឺជាខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរកម្ពុជាជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំក្រុងយូកូហាម៉ា ដែលបានរៀបចំ ទទួលបដិសណ្ឋារកិច្ចនិងទទួលទានអាហារការងារថ្ងៃត្រង់ជូនចំពោះសម្តេច និង គណៈប្រតិភូ។ សម្តេចតេជោមានប្រសាសន៍ថា បើទោះបីជា មានរយៈពេលខ្លីក្នុងការអញ្ជើញទស្សនាទីក្រុងយូកូហាម៉ាពិសេសទស្សនកិច្ចកំពង់ផែអន្តរជាតិ យូកូហាម៉ាក៏ពិតមែនតែសម្តេចសូមគាំទ្រយ៉ាង ពេញទំហឹងចំពោះថ្នាក់ដឹកនាំកំពង់ផែនអន្តរជាតិយូកូហាម៉ា ដែលបានធ្វើកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាព របស់កំពង់ផែស្វយ័តខេត្តព្រះសីហនុក្នុងរយៈពេលកន្លងមកនិងបន្តទៅអនាគត។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថាប្រទេស ជប៉ុនបានចូលរួមចំណែកយ៉ាងឥតសំចៃក្នុងការស្វែងរកសុខសន្តិភាព ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញពោលគឺការរីកចម្រើនរបស់ ប្រទេសកម្ពុជានៅពេលបច្ចុប្បន្ននេះគឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ។
បន្ទាប់មកសម្តេចតេជោបានអញ្ជើញទស្សនាគម្រោងអភិវឌ្ឍន៍តំបន់ មីណាតូ មីរ៉ាយ ពីលើអាកាសកំពស់ ២០០ ម៉ែត្រនៃសណ្ឋាគារឡែនម៉ាក ក្នុងទីក្រុងយូកូហាម៉ា។
នៅវេលាម៉ោង១៧និង៣០នាទី ម៉ោងនៅទីក្រុងតូក្យូប្រទេសជប៉ុនក្នុងថ្ងៃទី ៧ ខែ តុលា សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍និស្សិតខ្មែរ និង កម្មសិក្សាការីនៅប្រទេសជប៉ុនចំនួន៣៥០នាក់។
នៅថ្ងៃទី ៨ ខែ តុលាដែលជា ថ្ងៃទី ៣ នៃការស្នាក់នៅទីក្រុងតូក្យូប្រទេសជប៉ុនសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា, ជួបពិភាក្សាជាមួយលោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាននិង ជានាយក ប្រតិបត្តិការអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), ជួបពិភាក្សាជាមួយលោក ណូប៊ូអាគី គីតាម៉ូរី តំណាងក្រុមហ៊ុន មីស៊ុអ៊ី , ជួប ពិភាក្សាជាមួយលោក ហ្វ៊ុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងជាប្រធានសមាគមជប៉ុន-កម្ពុជានិងពិសាអាហារថ្ងៃ ត្រង់ការងារជាមួយសមាគមជប៉ុន-កម្ពុជា។
នៅវេលាម៉ោង១៤និង២០នាទីរសៀល ថ្ងៃទី៨ ខែតុលា ជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់សមភាគីនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក្នុង ពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើងនៅទីស្តីការនាយករដ្ឋមន្ត្រីជប៉ុនក្នុងទីក្រុងតូក្យូ។
ជំនួបពិភាក្សាទ្វេភាគីរបស់ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីកម្ពុជា-ជប៉ុនបានចំណាយពេលពិភាក្សាទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិ ការទ្វេភាគីពហុភាគីបញ្ហាតំបន់និងអន្តរជាតិរយៈពេលប្រមាណ ១ ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមកប្រមុខដឹកនាំរដ្ឋាភិបាលនៃ ប្រទេសទាំងពីរកម្ពុជា-ជប៉ុនបានឈានទៅធ្វើសន្និសីទកាសែតរួមគ្នា។ ក្នុងសន្និសីទកាសែតរួមគ្នានេះលោកនាយករដ្ឋមន្ត្រីជប៉ុន បានប្រកាស អមដំណើរជាមួយកម្ពុជាតាមវិថីនៃការអិវឌ្ឍប្រកបដោយប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្ត្រីបានបន្តថា ជប៉ុននឹងអញ្ជើញអ្នកនយោបាយវ័យក្មេងនៃគណបក្សនានានៅកម្ពុជានិង មន្ត្រី គ ជ ប មកពិនិត្យមើលដំណើរការប្រជាធិបតេយ្យរបស់ប្រទេសជប៉ុន។ ជាមួយនេះជប៉ុននិងជួយដល់ដំណើរការរបស់ស្ថាប័នយុត្តិធម៌របស់កម្ពុជាផងដែរ។ ចំណែកសម្តេចតេជោ ហ៊ុន សែន ក៏បានសំដែងការពេញចិត្តនឹងអ្វីដែលលោក អាបេ ថានឹងអញ្ជើញអ្នកនយោបាយវ័យក្មេងមកពីគណបក្ស នយោបាយនានាមកទស្សនកិច្ចនៅប្រទេសជប៉ុន ។ សម្តេចតេជោហ៊ុនសែនបន្តថា នេះជាវិធីសាស្ត្រនៃកសាងលិទ្ធប្រជាធិបតេយ្យសម្រាប់អនាគតវែងឆ្ងាយរបស់កម្ពុជា។អ្នកនយោបាយវ័យចាស់អាចផុតរលត់ទៅហើយអ្នកនយោ បាយវ័យក្មេងគេអាចកសាងនូវវប្បធម៌ប្រជាធិបតេយ្យមួយមានរយៈពេលយូរហើយមានសុខដុមរមនាជាមួយគ្នាផងថែមទៀត។
សម្តេចតេជោហ៊ុនសែនបានបន្តថា នៅក្នុងការចរចាសម្តេចបានស្នើសុំឲ្យលោក អាបេ បន្តជួយកម្ពុជាលើការបោះឆ្នោតបន្តទៅទៀត ព្រោះការបោះឆ្នោតមិនបញ្ចប់នៅឆ្នាំ ២០១៨ នោះទេយើងត្រូវធ្វើតាមការកំណត់បន្តទៀត។ ដោយសារអាស៊ីត្រូវជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ី អឺរ៉ុបលោកនាយក រដ្ឋមន្ត្រីជប៉ុនបានគាំទ្របេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុបនៅឆ្នាំ ២០២០។ នៅព្រឹកថ្ងៃទី៩ ខែតុលាសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ។ នៅមុនពិធីបើកកិច្ចប្រជុំកំពូលបណ្តាមេដឹកនាំនៃប្រទេសមេគង្គបានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារការងារពេលព្រឹករៀបចំ ដោយសមាគមមិត្តភាពសភាជប៉ុន-មេគង្គសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ។ មេដឹកនាំនៃប្រទេសមេគង្គដែលអញ្ជើញចូលរួមក្នុងពិធីទទួល ទានអាហារការងារពេលព្រឹក។ នៅក្នុងពិធីទទួលទានអាហារការងារពេលព្រឹកនេះបណ្តាមេដឹកនាំនៃប្រទេសមេគង្គ និងថ្នាក់ដឹកនាំនៃសមាគម មិត្ត ភាពសភា ជប៉ុន-មេគង្គ បានធ្វើការផ្លាស់ប្តូរយោបល់ និងទស្សនៈ ជំរុញវឌ្ឍនភាពនៃការបង្កើតឡើងសមាគមសភាមិត្តភាពជប៉ុន-មេគង្គ ដែលបង្កើតឡើងដោយគំនិតផ្តួចផ្តើមរបស់បណ្តាមេដឹកនាំជប៉ុន-មេគង្គ នាពេលកន្លងមក។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរសម្តេចតេជោ ហ៊ុន សែន និង មេដឹកនាំនៃប្រទេសមេគង្គបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុនលើកទី១០។ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលបានប្រារព្ធធ្វើឡើងនៅវិមានរដ្ឋក្នុងទីក្រុងតូក្យូ បណ្តាមេដឹកនាំនៃប្រទេ សមេគង្គត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោកស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ -ជប៉ុន លើកទី១០។ នៅមុនពិធីបើកកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ បណ្តាមេដឹកនាំនៃប្រទេសមេគង្គ-ជប៉ុន បានទទួលជួបជាមួយ តំណាងក្រុមកីឡាករអាយុក្រោម ១៧ ឆ្នាំ មកពីប្រទេសមេគង្គ-ជប៉ុន ដែលក្រុមកីឡាទាំងអស់នេះនឹងចូលរួមក្នុងកម្មវិធីប្រកួតកីឡាអបអរសាទរខួប១០ ឆ្នាំ នៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន។ នៅក្នុងពិធីជួបជុំជាមួយនឹងតំណាងមកពីប្រទេសមេគង្គ-ជប៉ុននោះដែរ មេដឹកនាំនៃប្រទេស មេគង្គ-ជប៉ុន បានជូនបាល់ទាត់ជានិម្មិតរូបដល់ក្រុមកីឡានៃប្រទេសនិមួយៗដោយឡែកតំណាងក្រុមកីឡាក៏បានជូនអាវយ៉ឺតកីឡាមានលេខ ១០ ជូនបណ្តាមេដឹកនាំនៃប្រទេសមេគង្គ-ជប៉ុនផងដែរ។
កិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ បានអនុម័តយុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនដែលផ្តោត ទៅលើសសរស្ដម្ភថ្មីបីនៃកិច្ចសហប្រតិបត្តិការមេគង្គជប៉ុន ក្នុងនោះទី១.ការតភ្ជាប់រស់រវើកនិងមានប្រសិទ្ធភាព, ទី២.សង្គមដែលផ្តោតទៅលើ មនុស្សជាចម្បង និង ទី៣.ការសម្រេចបាននូវមេគង្គបៃតង។ លើកិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន និង ទិសដៅអភិវឌ្ឍប្រកបដោយចីរភាព មេដឹកនាំទាំងអស់បានសម្រេចប្តូរផែនការសកម្មភាពទសវត្សឆ្ពោះទៅរកតំបន់មេគង្គបៃតង ត្រឹមឆ្នាំ ២០២០ ,ទៅជាគំនិតផ្តួចផ្តើមមេគង្គជប៉ុន សម្រាប់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ២០៣០។ កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន និង យុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វីក ដែលសេរីនិងបើកចំហ។ មេដឹកនាំទាំងអស់បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចខិតខំប្រឹង ប្រឹងជាបន្តបន្ទាប់របស់ប្រទេសមេគង្គនីមួយៗ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ដែលសេរីនិងបើកចំហ ដោយឈរលើគោលការណ៍នីតិរដ្ឋ ដើម្បីធានាឲ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់និងបានបញ្ជាក់ថា តំបន់មេគង្គដែលតភ្ជាប់ ជាមួយមហាសមុទ្រឥណ្ឌា ទៅជាមហាសមុទ្រប៉ាស៊ីហ្វីក មានអំណោយផលផ្នែកភូមិ សាស្ត្រដែលអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការសម្រេចបាននូវតំបន់ឥណ្ឌូ ប៉ាស៊ីហ្វីក ដែលសេរីនិងបើកចំហ។
មេដឹកនាំនៃប្រទេសមេគង្គទាំងអស់បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្រោមយុទ្ធសាស្ត្រឥណ្ឌូ ប៉ាស៊ីហ្វីក ដែលសេរីនិងបើកចំហ ព្រមទាំងបានសំដែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន ដែលរួមចំណែកដល់យុទ្ធសាស្ត្រ ឥណ្ឌូ ប៉ាស៊ីហ្វីក ដែលសេរីនិងបើកចំហ។
បន្ទាប់មកនៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង បណ្តាមេដឹកនាំនៃប្រទេសមេគង្គបានអញ្ជើញ ចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ដែរលរៀបចំឡើងដោយក្រុមធុរកិច្ចនៃប្រទេសជប៉ុន មេគង្គ ។ ដូចគ្នានិងបណ្តាមេដឹកនាំនៃប្រទេស មេគង្គដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា មេគង្គជាតំបន់មួយដែលមានទីតាំងយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងមានផលទុនសរុប ក្នុងស្រុក (ផសស) រួមគ្នាសរុបប្រមាណ៨០០ប៊ីលានដុល្លាអាមេរិក និង មានប្រជាជនសរុប ២៤០ លាននាក់ ។ បច្ចុប្បន្នតំបន់នេះកំពុងតែ មានការផ្លាស់ប្តូរតួនាទីជាភូមិសាស្ត្រយុទ្ធសាស្ត្រជាទីផ្សារ និង ជាមជ្ឈមណ្ឌលផលិតកម្មរួមធំមួយ។
សម្តេចតេជោក៏បានបញ្ជាក់ដែរថា ប្រទេសមេគង្គមានសក្តានុពលអាចបំពេញបន្ថែមគ្នាទៅវិញទៅមកដោយផ្អែកលើឧត្តមភាពប្រកួតប្រជែងនៅក្នុងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្ម។
សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបុរេសកម្មក្នុងការរៀបចំនិងដាក់ចេញនូវផែនការ និង គោលនយោបាយសេដ្ឋកិច្ចជាក់លាក់ ដែលឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។ សម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកំពុង តែអនុវត្តន៍នូវវិធានការមួយចំនួនរួមមានទី១.លើកកម្ពស់ការសម្រួលពាណិជ្ជកម្មដោយត្រៀមដាក់ឲ្យអនុវត្តន៍នូវបញ្ជរចេញចូលតែមួយធ្វើសាមញ្ញកម្មនិងស្វ័យប្រវត្តិកម្ម នីតិវិធីគយ ទាំងលើការកំណត់ថ្លៃ និង ការបញ្ចេញទំនិញ កាត់បន្ថយនូវថ្លៃសេវា ទាំងផ្លូវការ និង មិនផ្លូវការ និងកែ សម្រួលស្ថាប័នតាមមាត់ច្រកទ្វារអន្តរជាតិនិងកំពង់ផែអន្តរជាតិ ដើម្បីសម្រួល និង ពន្លឿនដល់ការនាំចេញនិងនាំចូល។ ទី២.យកចិត្តទុកដាក់ និងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយពង្រីកផ្លូវជាតិទាំងអស់ឲ្យទៅជាបួនគន្លងជាពិសេសផ្លូវជាតិដែលតភ្ជាប់ទៅនិងប្រទេស ជិតខាងនិងកំពុងកសាងកំពង់ផែសមុទ្រទឹកជ្រៅរហូតដល់ជម្រៅទឹក ១៤ ម៉ែត្រដែលអាចទទួលបាននូវកប៉ាលដឹកទំនិញធំៗ និង កសាងផ្លូវ ល្បឿនលឿនដែលនឹងសម្រេចរួចរាល់ក្នុងរយៈពេលឆាប់ៗខាងមុខ និង ទី៣.បញ្ចុះថ្លៃភ្លើងបន្ថែមទៀតដោយចាប់អនុវត្តពីឆ្នាំ ២០១៩ តទៅក៏ ដូចជាធ្វើឲ្យប្រសើរឡើងនូវស្ថិរភាពនៃការផ្គត់ផ្គង់ ដើម្បីលើកកម្ពស់ភាពទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតកម្ម។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន និងបណ្តាមេដឹកនាំនៃប្រទេសមេគង្គបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិនិយោគដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ ៥០០ នាក់មកពីប្រទេសមេគង្គ ជប៉ុន និង ដៃគូអភិវឌ្ឍន៍នានារបស់ប្រទេសមេគង្គនិងប្រទេសជប៉ុន។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅចំនួន ៣.៥៥៥ មុខទំនិញនិងការលើកលែងពន្ធគយនិងកូតាចំនួន៨.៨៥៩ មុខ ទំនិញក្នុងនោះទំនិញកសិកម្មនិងនេសាទ១.៩៨៣ មុខ ,ទំនិញឧស្សាហកម្មមាន៦.៩៦៦មុខក្នុងនោះលើកលែងតែផលិតផលស្ករ អង្ករ ផលិត ផលត្រីមួយចំនួន ម្សៅ និង ផលិតផលស្បែកខ្លះ៕
Source: Kampuchea Thmey Daily
0 Comments