សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) នៅ ដើមខែតុលា ឆ្នាំ២០១៨នេះបានចេញបញ្ជីឈ្មោះកោះហៅកីឡាករចំនួន៥០នាក់មកពីបណ្តាក្លិបមួយចំនួនដើម្បីចូលរួមធ្វើតេស្តចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ត្រៀមចេញទៅប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន 2018 AFF Futsal Championship នៅប្រទេសឥណ្ឌូណេស៊ី។
ជាលទ្ធផលក្រោយធ្វើតេស្តមកឃើញថាមានកីឡាករ២០នាក់ត្រូវបានជាប់ឈ្មោះជាបឋមនៅក្នុងក្រុម ក្នុងនោះមានកីឡាករ ហេង សុខលី, រស់ រតនៈ, រស់ ស៊ីចំរើន,គន្ធ លន់ដារ៉ុត,គឹម សុខយុទ្ធ,កែវ ជាតូ, គឹម ហាប់,អ៊ុក សេរីរតនៈ, នៅ រ៉ូហ្សេត,តាត់ ផាត់ឌី,សឹង ចាន់វ៉ានណូ,វង្ស ដារ៉ា,ផុន ចាន់ឧត្តម, ញឹក ថាលីដា, ហូ អត្រា,អ៊ឹង ស្លូត,ចន្ថា ចន្ទាកា, សេដ្ឋា សច្ចៈបុត្រ, កែវ ណារ៉េត និង ឡាក់ ភីរុណ។
ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ានក្នុងសាលឆ្នាំ២០១៨ ឬ AFF Futsal Championship 2018 នឹងត្រូវប្រកួតនៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ ពោលគឺសហព័ន្ធកីឡាបាល់ទាត់អាស៊ាន សម្រេចធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ខណៈកម្ពុជា បានសម្រេចបញ្ជូនក្រុមចូលរួមប្រកួតឡើងវិញដែរ ក្រោយខកខានតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ ចំណែកកីឡាករជម្រើសជាតិហ្វូតសាលកម្ពុជាវិញ នឹងធ្វើការហ្វឹកហាត់និងបន្តជម្រុះដើម្បីសម្រេចយកអ្នកខ្លាំងចូលហ្វឹកហាត់ក្នុងក្រុមត្រៀមចេញទៅប្រកួតផងដែរ។
តាមរយៈកិច្ចប្រជុំរបស់សមាជិកបាល់ទាត់ក្នុងតំបន់អាស៊ាននៅទីក្រុងកូឡាឡាំពួរ កាលពីពេលថ្មីៗ បានកំណត់ពីកាលបរិច្ឆេទប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ាន នេះដោយគ្រោងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ ១១ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ដែលមានក្រុម៨ចូលរួម។ ពូល A មាន៖ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាខណៈពូល B មានថៃ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត។
សូមរំលឹកថា ពានរង្វាន់ហ្វូតសាលនៅកម្ពុជា បានផ្អាកសកម្មភាពមួយរយៈតាំងពីឆ្នាំ២០១៣ ទាំងក្រុមជម្រើសជាតិនិងក្លិបឯកជន។ ប៉ុន្តែនៅឆ្នាំ២០១៧ កន្លងទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតសកម្មភាពឡើងវិញ ព្រមទាំងមានកម្មវិធីប្រកួតជើងឯកក្លិបក្នុងស្រុក រហូតដល់ក្រុមឈ្នះជើងឯកទទួលបានកៅអីចេញទៅប្រកួតជើងឯកប្រចាំអាស៊ានកាលពីពេលថ្មីៗផងដែរ។ សកម្មភាពនេះក៏ជាផ្នែកមួយដើម្បីជ្រើសរើសកីឡាករចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិផងដែរ។
ការបង្ហាញខ្លួននៅលើឆាកអន្តរជាតិចុងក្រោយក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១២ បានធ្លាក់ចេញត្រឹមវគ្គជម្រុះតាមពូល ក្រោយប្រកួតចាញ់ម៉ាឡេស៊ី ៨ទល់០ ចាញ់មីយ៉ាន់ម៉ា ៧ទល់៦ ចាញ់វៀតណាម ៤ទល់១ និងឈ្នះហ្វីលីពីន៩ទល់៥។ ក្រុមជម្រើសជាតិថៃ ឈ្នះជើងឯកបានច្រើនជាងគេពោលគឺរហូតដល់១២លើក៕
Source: Kampuchea Thmey Daily
0 Comments