Ad Code

ក្លិប​Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​Malaysia Cup នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ



កីឡាករ ធា​រី ចន្ថា​ប៊ី​ន ដែល​ទើប​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា គឺជា​កីឡាករ​តែ​១​រូប​គត់​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Teregganu FA សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨ ខណៈ​ក្លិប​របស់​កីឡាករ​រូបនេះ ជា​បេក្ខភាព​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រចាំ​យុទ្ធនាការ​ប្រកួត​ក្នុង​ពានរង្វាន់ 2018 Malaysia Cup។

កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​នេះ​ក្រុម Teregganu FA ត្រូវ​ប្រកួត​ជាមួយ​ក្រុម Perak នៅវេលា​ម៉ោង​៨​ល្ងាច ថ្ងៃ​សៅរ៍ ទី​២៧ ខែតុលា ឆ្នាំ​២០១៨​នេះ ​លើ​ទីលាន​កីឡដ្ឋាន​Shah Alam Stadium ក្នុង​ទីក្រុង​Shah Alam​។ មុន​ឡើង​មកដល់​វគ្គ​នេះ​ក្រុម​Teregganu FA បាន​យកឈ្នះ​ក្រុម​Johor Darul Ta'zim F.C ទាំង​២​ជើង​ដោយ​លទ្ធផល ៣​ទល់​២ ហើយ​ក្រុម Perak ឈ្នះ​ក្រុម Sabah ទាំង​២​ជើង​ដោយ​លទ្ធផល​៧​ទល់​២​។​

​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បានលើកឡើង​មុន​ការប្រកួត​សំខាន់​មកដល់​ថា​៖«​ខ្ញុំ​រីករាយ និង​មាន​មោទនភាព​ចំពោះ​មិត្ត​រួម​ក្រុម​ដែល​យើង​ឡើង​មកដល់​វគ្គ​នេះ​។ យើង សូម​អរគុណ​ដល់​បុគ្គលិក​និង​អ្នកគាំទ្រ​គាំទ្រ​ទាំងអស់​ដែល​តែងតែ​នៅ​ជាមួយ​យើង​។ ខ្ញុំ​ចង់​តបស្នង​វិញ​នឹង យក​ជើងឯក​ក្នុង​ពានរង្វាន់​នេះ​សម្រាប់​អ្នកគាំទ្រ និង​នៅ​ប្រទេស​កម្ពុជា​របស់ខ្ញុំ គ្រួសារ​របស់ខ្ញុំ​ភរិយា​របស់ខ្ញុំ និង​កូន​របស់ខ្ញុំ​។ ខ្ញុំ​ព្យាយាម​ធ្វើ​ឱ្យ​ពួកគេ​មាន​មោទកភាព និង​បង្កើត​ប្រវត្តិសាស្ត្រ​»​។​

ពានរង្វាន់ 2018 Malaysia Cup បាន​ជម្រុះ​ជាច្រើន​វគ្គ ខណៈ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​មាន​ក្រុម​ចំនួន​១៦​ចែកជា​៤​ពូ​ល​។ ក្រុម​ខ្លាំងៗ​តាម​ពូ​ល​នីមួយៗ​មានឈ្មោះ​ឡើងទៅ​លេង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ និង​បន្តទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ​។

ចំពោះ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទើបតែ​ធ្វើដំណើរ​ត្រឡប់​ទៅ​ជួយ​ក្រុម​វិញ ក្រោយ​ធ្វើដំណើរ​មក​ស្រុកកំណើត ចូល​ហ្វឹកហាត់​និង​ប្រកួត​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជម្រើស​ជាតិ​ទី​ម័​រ​ខាងកើត​និង​សិង្ហ​បុរី​។

សូម​រំលឹកថា ​កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុងនោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម ដោយ​នៅសល់តែ ធា​រី ចន្ថា​ប៊ី​ន ម្នាក់​ប៉ុណ្ណោះ​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu