ប៉ៃលិន ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ ឃាត់ខ្លួន ខណៈប្រើអំពើហិង្សាលើប្អូនបង្កើត បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លុះដល់ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញស្រុក បានធ្វើការស្រាវជ្រាវ និងឈានដល់ការដកហូតនូវកាំភ្លើងខ្លីមួយ ដែលជនសង្ស័យលាក់ទុក ស្ថិតនៅចំការស្វាយមួយកន្លែង ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យឈ្មោះ អៀម សុកល ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅមិនពិតប្រាកដ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះ អៀម សុផានី ភេទស្រី អាយុ៥៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកអនុសេនីយ៍ឯក រី តារា អធិការស្ដីទី នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ៖ ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលត្រូវជាប្អូនបង្កើត របស់ជនសង្ស័យ ក្នុងករណីប្រើប្រាស់អំពើហិង្សា បណ្តាលឲ្យរងរបួសចំនួន០២កន្លែង ត្រង់កែងដៃស្ដាំ និងភ្លៅខាងស្ដាំ កាលពីវេលាម៉ោងកើតហេតុខាងលើ។
លោកបានបន្តថា ៖ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ស្រាប់តែមានព័ត៌មានពីប្រជាពលរដ្ឋថា ជនសង្ស័យមានលាក់ទុកនូវកាំភ្លើង ពេលនោះសមត្ថកិច្ចជំនាញ ក៏ធ្វើការស្រាវជ្រាវ ព្រមទាំងសាកសួរជនសង្ស័យ ដើម្បីរកនូវកាំភ្លើងនោះ ស្រាប់តែជនសង្ស័យ បានឆ្លើយសារភាពថាពិតជាមានកាំភ្លើងលាក់ទុកមែន។ កម្លាំងសមត្ថកិច្ចជំនាញ ក៏នាំជនសង្ស័យឲ្យទៅយកកាំភ្លើង ដែលលាក់ទុក ព្រមទាំងធ្វើការដក់ហូតតែម្តង។
លោកអធិការស្តីទី បន្តថា ៖ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឈានទៅដល់ការចាប់យកវត្ថុតាង នូវអាវុធខ្លីចំនួនមួយដើម ដែលជនសង្ស័យបានលាក់ទុក រួមមាន ៖ កាំបិតចិតបន្លែចំនួន០១ដើម,កាំភ្លើងខ្លីម៉ាក k54 ចំនួនមួយ, គ្រាប់ចំនួន០៦គ្រាប់ និងបង់សម្រាប់ដាក់គ្រាប់ចំនួន ០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments