ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៨វិច្ឆិកានេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារពិការភ្នែកកុមារគរថ្លង់ នៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាទម្លាប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែចុះជួបកុមារពិការ និង គ ថ្លង់ នៅអង្គការគ្រួសារថ្មីក្នុង១ឆ្នាំ ចំនួន២លើក ដើម្បីសំណេះសំណាលផង និងផ្ដល់អាហារដល់កុមារ គថ្លង់។ ក៏ប៉ុន្តែ បើទោះបីសម្ដេច មានការអាក់ខានមិនបានចូលរួម ក៏សម្ដេចតែងចាត់តាំងតំណាងទៅជំនួសផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានចូលរួមជួយអង្គការគ្រួសារថ្មីតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។ ក្រៅពីការជួបជុំ២លើក ក្នុងមួយឆ្នាំ សម្ដេច និងក្រុមគ្រួសារ នៅបានជួយឧបត្ថម្ភប្រចាំខែនូវអង្ករ និងថវិកាដើម្បីរួមចំណែកដល់ដំណើរការមណ្ឌលទាំងអស់នេះ។
សម្ដេច បានហៅការជួបជាមួយកុមារពិការ និង គរថ្លង់នេះ បានធ្វើឲ្យសម្ដេចមានអារម្មណ៍រីករាយផង និង អាណិតអាសូរផង ហើយក៏បានផ្តល់ឱកាសឲ្យសម្ដេចបានពិចារណារិះរកវិធីជួយដល់ជនពិការផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាជនពិការ ដើម្បីបុព្វហេតុប្រទេសជាតិមួយរូបបានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយគាំទ្រដល់សាលាកុមារពិការភ្នែក និងកុមារគថ្លង់ភ្នំពេញថ្មី សាលាកុមារ គថ្លង់ច្បារអំពៅ និង បុរីកុមារកំព្រា ASPECA និង សាលារៀនកុមារពិការនានានៅទូទាំងកម្ពុជា ក៏ដូចជាចំពោះសកម្មភាពរបស់គណៈគ្រប់គ្រង និង លោកគ្រូអ្នកគ្រូទាំងអស់ ដែលធ្វើឲ្យស្ថានភាពរបស់កុមារពិការភ្នែក និង គថ្លង់ មានភាពកក់ក្តៅ ដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់គ្រងទាំងខ្មែរ និងបរទេស។
អង្គការគ្រួសារថ្មីបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ មាន លោក ប៊ិនន័រ ឌុយសាតូ អាម៉ាំងហ្សុង (Benoît Duchâteau-Arminjon) ជាប្រធានស្ថាបនិក។
បច្ចុប្បន្នអង្គការនេះ មានសាលាពិសេសចំនួន៥កន្លែង កំពុងដំណើរការរួមមាន សាលាកុមារពិការភ្នែក និងកុមារ គ-ថ្លង់ភ្នំពេញថ្មី សាលាកុមារគថ្លង់ច្បារអំពៅ, សាលាកុមារពិការភ្នែក និងកុមារគ-ថ្លង់បាត់ដំបង, សាលាកុមារពិការភ្នែក និងកុមារគ-ថ្លង់សៀមរាប និងសាលាកុមារពិការភ្នែក និងកុមារគ-ថ្លង់កំពង់ចាម ហើយសាលាទាំង៥ មានគ្រូបង្រៀនសម្រាប់សិស្សពិការភ្នែកគ្រូបង្រៀន សម្រាប់សិស្សគ-ថ្លង់ និងបុគ្គលិកផ្សេងៗសរុបជាង៣០០នាក់។
ពេលមណ្ឌលកុមារកំព្រានេះផ្លាស់មករាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៣ ក្មេងប្រុសរូបនោះចង់ដឹងថាហេតុអ្វីបានជាខ្លួនមិនអាចទៅសាលារៀនបាន។
លោក ឌូសាតូ អាម៉ង់ហ្សុង បានពន្យល់ប្រាប់ថា ក្នុងប្រទេសកម្ពុជាគ្មានសាលារៀនសម្រាប់កុមារពិការភ្នែកទេ ប៉ុន្តែទីបំផុតលោកបានសន្យាកែប្រែស្ថានភាពនោះ។
អង្គការគ្រួសារថ្មីរបស់បុរសជនជាតិបារាំងរូបនេះ មិនត្រឹមតែបន្តបើកសាលារៀនឯកទេសសម្រាប់សិស្សពិការភ្នែក និងគថ្លង់ទេ ប៉ុន្តែថែមទាំងបានបង្កើតប្រព័ន្ធសរសេរអក្សរស្ទាបខ្មែរដំបូងបង្អស់និងអភិវឌ្ឍ ភាសាសញ្ញាខ្មែរឲ្យមានភាពទូលំទូលាយទៀតផង។
បច្ចុប្បន្នអង្គការគ្រួសារថ្មីបានប្រគល់សាលារៀនទាំងប្រាំរបស់ខ្លួនបូករួមជាមួយឧបករណ៍ និងជំនាញដែលបុគ្គលិករបស់ខ្លួនបានអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះឲ្យទៅរាជរដ្ឋាភិបាលកម្ពុជា។
ចំនួនកុមារពិការភ្នែក ឬគថ្លង់ក្នុងប្រទេសកម្ពុជាគ្មានតួលេខដែលអាចជឿទុកចិត្តបាននោះទេ។ ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា ១៥ភាគ នៃប្រជាជនកម្ពុជាសរុបមានទម្រង់ពិការភាពរាងកាយមួយចំនួនដោយប្រមាណ៣២០.០០០នាក់ មានពិការភាពធ្ងន់ធ្ងរដូចជា ពិការភ្នែក ឬគថ្លង់ជាដើម។
យោងតាមទិន្នន័យរបស់គ្រួសារថ្មីសម្រាប់ឆ្នាំ២០១៥ បង្ហាញថា បុគ្គលិកចំនួន២៥០នាក់របស់ខ្លួនបានមើលថែទាំកុមារចំនួន២.៦០០នាក់ តាមរយៈកម្មវិធីផ្សេងៗរបស់ខ្លួននៅតាមទីក្រុង និង ខេត្តចំនួន១៤។ (អង្គការនេះ នឹងបន្តដំណើរការកម្មវិធីគាំពារកុមារតទៅទៀត ហើយមានគម្រោងអភិរក្ស និងអភិវឌ្ឍសិល្បៈបុរាណ)៕
Source: Kampuchea Thmey Daily
0 Comments