ភ្នំពេញ ៖ ជនបរទេស២នាក់ ប្រហែលស្រវឹងជ្រុល បានបើករថយន្តស៊េរីទំនើបម៉ាក Audi TFS មួយគ្រឿងយ៉ាងលឿន បានគេចពីម៉ូតូ ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវព្រះមុនីវង្ស កែងនិងផ្លូវមុខវិទ្យាស្ថានជាតិគ្រប់គ្រង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Audi TFS ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AB-3011 បើកបរ និងរួមដំណើរដោយបុរសបរទេស២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានបួងបត់ឆ្វេងទៅផ្លូវលេខ៩៦ ដោយខ្វះការ ប្រុងប្រយ័ត្ន ខណៈពេលនោះ ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿងទៀត បានបើកបញ្ច្រាសទិសគ្នា ធ្វើឲ្យរថយន្តខាងលើ អកហ្សើ ហើយក៏បានកាច់ចង្កូតគេចពីម៉ូតូទៅខាងស្តាំ ក៏ជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ដែលនៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យវៀចទ្រេត រីឯ រថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ប្រភពព័ត៌មានបន្តទៀតថា ភ្លាមៗនោះ ជនបរទេសទាំង២នាក់នោះ បានទាក់ទងហៅអ្នកបកប្រែឲ្យចុះកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយ រួចជនបរទេសនោះ ក៏ឡើងរថយន្តមួយគ្រឿងទៀត បើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកកន្លែងកើតហេតុ ធ្វើការវាស់វែង និងស្ទូចរថយន្តបង្ក យករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិរដ្ឋពេលក្រោយទៀត៕
Source: Kampuchea Thmey Daily
0 Comments