Ad Code

ស្រវឹង​បើក​រថយន្ត RX300 បុក​រះ​ម៉ូតូ​កង់​បី និង​រថយន្ត​ទំនើប ​រួច​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ចម្លាក់​ខ្មែរ​ខ្ទេចខ្ទី​អស់​



ភ្នំពេញ​ ៖​ ដោយសារតែ​ស្រវឹង​ធ្លាក់​ភ្នែក​បុរស​ម្នាក់ ​បាន​បើក​រថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បោះ​ពួយ​រេ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ និង​រថយន្ត​ស៊េរី​ទំនើប​ចត​ស្ងៀម​មួយ​គ្រឿង​ទៀត​ ហើយ​បន្ត​ទៅ​បុក​ចូល​ផ្ទះ​ចម្លាក់​ខ្មែរ បណ្ដាល​ឲ្យ​រង​ការខូចខាត ​តែ​សំណាងល្អ​ មិន​បង្ក​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ឡើយ​។​

គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ស្រា បើក​រថយន្ត​ឡិច​ស៊ិ​ស RX300 មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM-0258 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​ទៅ​បុក​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ពណ៌​ស​ គ្មាន​ស្លាក​លេខ​ និង​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​(Porsche) ពណ៌​ស​ គ្មាន​ស្លាក​លេខ ខណៈ​កំពុង​បើក​ស្រប​ទិសដៅ​គ្នា​នៅខាងមុខ បណ្ដាល​រថយន្ត ​និង​ម៉ូតូ​កង់​បី​ខូចខាត​ផ្នែក​ខាងក្រោយ​ខាងស្តាំ ហើយ​រថយន្ត​បង្ក​មិន​អស់​ល្បឿន ក៏​បន្ត​ទៅ​បុក​ចូល​ផ្ទះ​លក់​គ្រឿង​ចម្លាក់​ខ្មែរ បណ្ដាល​ឲ្យ​ខូច​ខាត​គ្រឿង​ចម្លាក់​មួយ​ចំនួន និង​របង​ស័ង្កសី​មួយ​ចំហៀង ​ត្រូវ​ខូចខាត​អស់​។ ចំណែក​រថយន្ត​បង្ក​ខូច​ខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ទើប​ទៅមុខ​លែង​រួច​។​

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ សំណាងល្អ​ មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់ រង​របួស​ឡើយ​ ក្រោយ​នោះ​បន្តិច​ ក៏​ឃើញ​ម្ចាស់​រថយន្ត​បង្ក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​បាន​ឃាត់ខ្លួន ​រួច​ប្រគល់​ជូន​ទៅ​កម្លាំង​អន្តរាគមន៍​ក្រុង ​និង​បញ្ជូន​តាម​រថយន្ត​ទៅ​ស្នងការ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។

បន្ទាប់មក ​កម្លាំង​សមត្ថកិច្ច​ ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu