Ad Code

លទ្ធផល​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី ៖ អាស៊ាន​ ជំរុញ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ជាមួយ​ពិភព​លោក​



ភ្នំពេញ ៖ តាម​លទ្ធផល​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ប្រទេស​សិង្ហ​បុរី បាន​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​អាស៊ាន បាន​ជំរុញ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ជាមួយ​ពិភពលោក នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការ​បរទេស កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។​

តាម​ក្រសួងការបរទេស​បញ្ជាក់​ថា សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​» នៅ​ថ្ងៃទី ១៣-១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ជា​លទ្ធផល​សំខាន់ៗ​ នៃ​កិច្ចប្រជុំ​នោះ គឺ​ថ្នាក់​ដឹក​នាំ​អាស៊ាន បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា និង​បាន​កត់​សម្គាល់​នូវ​វឌ្ឍនភាព​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ដែល​រឹងមាំ និង​មាន​នវានុវត្តន៍ និង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែមទៀត​នូវ​ទំនាក់ទំនង​អាស៊ាន​ជាមួយ​ពិភពលោក​។

ថ្នាក់ដឹកនាំ​បាន​អះអាង​ជាថ្មី​នូវ​ការ​ប្ដេជ្ញា​រួមគ្នា​ក្នុងការ​អនុវត្ត​ដោយ​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ​នៃ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​២០២៥ និង​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​សម្រាប់​អាស៊ាន​ដែល​រឹងមាំ និង​មាន​នវានុវត្តន៍​។

ថ្នាក់ដឹកនាំ​បាន​គូស​បញ្ជាក់​អំពី​សារសំខាន់​ក្នុង​ការ​ពង្រឹង​មជ្ឈភាព និង​ឯកភាព​អាស៊ាន នៅក្នុង​ការ​ប្រឹងប្រែង​ក​សាង​សហគមន៍ និង​ការ​ធ្វើ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ខាងក្រៅ​អាស៊ាន​។

ថ្នាក់ដឹកនាំ​បាន​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​ឆ្ពោះ​ទៅ​រក​និម្មាបនកម្ម​តំបន់​ដែល​ផ្អែកលើ​ច្បាប់ បើក​ចំហ មាន​តម្លាភាព និង​បរិ​យា​ប័ន្ន និង​ដោយ​ប្រកាន់ខ្ជាប់​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន​។

ថ្នាក់ដឹកនាំ​ក៏បាន​ផ្លាស់ប្ដូរ​យោបល់​ទៅលើ​បញ្ហា​សំខាន់ៗ​ជាច្រើន​រួមមាន ការ​ត.ភ្ជាប់ ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍ បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន បដិវត្ត​ឌីជីថល និង​បញ្ហា​ផ្សេងៗ​ទៀត ​ដែល​ជា​ការ​កង្វល់​រួម​ដែល​ប៉ះពាល់​ដល់​តំបន់ និង​ពិភពលោក​។​

លើ​ទិដ្ឋភាព​សេដ្ឋកិច្ច ថ្នាក់ដឹកនាំ​បាន​កត់​សម្គាល់​ដោយ​ការ​ពេញចិត្ត ដែល​តំបន់​សម្រេច​បាន GDP រួមគ្នា ២.៨ ទ្រី​លាន នៅក្នុង​ឆ្នាំ​២០១៧ និង​បានកត់សម្គាល់​កំណើន​ដែល​រំពឹង​ថា ​នឹង​រក្សា​ស្ថិរភាព ក្នុង​អត្រា​៥.១ ភាគរយ និង​៥.២​ភាគរយ នៅក្នុង​ឆ្នាំ​២០១៨ និង​២០១៩​។

ថ្នាក់ដឹកនាំ​បាន​ស្វាគមន៍​វឌ្ឍនភាព​ដែល​សម្រេច​បាន​ប្រកបដោយ​ខ្លឹមសារ​នៅក្នុង​ការ​ចរចារ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ក្នុង​ឆ្នាំ​២០១៨ និង​បាន​ប្ដេជ្ញា​សាជាថ្មី​ក្នុង​ការ​បញ្ចប់ RCEP ដែល​ទំនើប គ្រប់​ជ្រុងជ្រោយ មាន​គុណភាព​ខ្ពស់ និង​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​នៅ​ក្នុង​ឆ្នាំ​២០១៩​។​

សម្រាប់​ផ្នែក​សង្គម​-​វប្បធម៌ ថ្នាក់ដឹកនាំ​បាន​រិះរក​ដំណោះស្រាយ​រួមគ្នា​ក្នុង​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ការ​ស្គាល់​អត្តសញ្ញាណ​អាស៊ាន និង​អាស៊ាន​រួម និង​បាន​ស្វែងរក​មធ្យោបាយ​ប្រកបដោយ​នវានុវត្តន៍​ក្នុង​ការ​ផ្ដល់​ឲ្យ​ប្រជាជន​នូវ​ជំនាញ និង​សមត្ថភាព ដែល​អាច​ជួយ​ឲ្យ​អាស៊ាន​នៅតែ​រក្សា​បាន​នូវ​ភាព​រស់រវើក បរិ​យា​ប័ន្ន និង​ជា​កន្លែង​ដែល​ប្រកបដោយ​ថាមវន្ត​សម្រាប់​ប្រជាជន​រស់នៅ ធ្វើ​ការងារ និង​កម្សាន្ត​។​

ថ្នាក់ដឹកនាំ​បាន​ត្រៀម​ជាស្រេច​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ការរៀបចំ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ប្រជាជន​មក​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ក្នុង​ស្មារតី​សាមគ្គី​ភាពជា​គ្រួសារ​តែមួយ និង​បាន​គូស​បញ្ជាក់​អំពី​តម្រូវការ​ក្នុង​ការ​កសាង​នូវ​ជំនឿ និង​ទំនុក​ចិត្ត​ រវាង​ជន​ធ្វើ​មាតុភូមិនិវត្តន៍ និង​ប្រជាជន​នៅ​ក្នុង​សហគមន៍ ក៏ដូចជា​រវាង​មី​យ៉ាន់​ម៉ា និង​សហគមន៍​អន្តរជាតិ​។

ថ្នាក់ដឹកនាំ​ក៏បាន​ស្នើសុំ​ប្រទេស​មី​យ៉ាន់​ម៉ា​ឲ្យ​អញ្ជើញ​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​សម្របសម្រួល​ជំនួយ​មនុស្សធម៌ មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​វាយតម្លៃ​អំពី​ស្ថានការណ៍​។​

នៅក្នុង​កិច្ចប្រជុំ​កំពូល សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ទៅលើ​ចំណុច​សំខាន់​ៗ ដោយ​បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ការពិភាក្សា​ ស្ដីពី​ការអនុវត្ត​ក្របខ័ណ្ឌ​ទីក្រុង​ឆ្លាត ឆ្នាំ​២០១៨ និង​រិះរក​មធ្យោបាយ​ ដើម្បី​ធ្វើ​សមាហរណកម្ម និង​ធ្វើ​សុខដុម​នីយកម្ម​ផែនការមេ ​ស្ដីពី​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​របស់​ខ្លួន ទៅ​ក្នុង​យន្តការ​តំបន់​រួម​មួយ ដែល​អាច​សម្របសម្រួល និង​គ្រប់គ្រង​ប្រកប​ដោយ​តុល្យភាព​, គូស​បញ្ជាក់​អំពី​សារៈសំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។​

កិច្ចប្រជុំ​កំពូល​បានអនុម័ត​ឯកសារ​សំខាន់ៗ​ចំនួន​៧ រួមមាន ទី​១, ក្របខ័ណ្ឌ​ទីក្រុង​ឆ្លាត​អាស៊ាន, ទី​២, សេចក្ដីថ្លែងការណ៍ ​ស្ដីពី​គោលការណ៍​ណែនាំ​ ស្ដីពី​ជំនួយ​ផ្នែក​កុងស៊ុល ដោយ​ស្ថាន​បេសកកម្ម​ការ​ទូត​នានា ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន នៅ​ក្នុង​បណ្ដា​ប្រទេស​ទី​បី ដល់​ជនជាតិ​ នៃ​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ,ទី​៣, ផែនការមេ​សម្រាប់​ការ​ជំរុញ​អាស៊ាន​២០២៥: ការ​បញ្ជ្រាប​ចំណេះ​ដឹង​សិទ្ធជន​ពិការ ,ទី​៤,សេចក្ដីថ្លែងការណ៍​អាស៊ាន​ស្ដីពី​ការ​អនុម័ត​ទិវា​យុវជន​អាស៊ាន ក្នុង​សកម្មភាព​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះ​មហន្តរាយ ,ទី​៥, សេចក្ដីថ្លែងការណ៍​អាស៊ាន​ ស្ដីពី​ការ​លើក​កម្ពស់​ការងារ​បៃតង សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​ក្នុង​សហគមន៍​អាស៊ាន, ទី​៦, សេចក្ដីប្រកាស​រួម​អាស៊ាន ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​ជូន​សន្និសីទ​លើក​ទី​២៤ នៃ​ភាគី​ពាក់ព័ន្ធ (COP 24) ចំពោះ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (UNFCCC) និង ៧) សេចក្ដីប្រកាស​រួម​អាស៊ាន​ជូន​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​សន្និសីទ​របស់​ភាគី​អនុសញ្ញា​ស្ដីពី​ពិពិធ​ភាព​ជីវចម្រុះ (CBD COP 14)៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu