ភ្នំពេញ ៖ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Rémi GENEVEY ប្រធាននាយកដ្ឋាន អឺរ៉ុបខាងកើត, មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ដែលកិច្ចព្រមព្រៀងនេះ មានទឹកប្រាក់សរុបចំនួន៨៤,៦៧ លានអឺរ៉ូ ត្រូវជាប្រមាណ៩៦,៤លានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន៣ ទី១- ឥណទានសម្បទានចំនួន ៥៥ លានអឺរ៉ូ សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី ១៖ កម្មវិធីនេះមានទិសដៅអនុវត្តបន្តពីគម្រោងដែលផ្តល់ឥណទានលើកដំបូងរបស់ AFD ដែលមានទិសដៅ ក្នុងការបន្តពង្រីកការងារស្តារព្រែក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ, ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ រំដោះទឹក នៅក្នុងខេត្តគោលដៅចំនួន ០៥ដែលរួមមាន៖ ខេត្តកណ្តាល, បាត់ដំបង,ព្រះវិហារ,សៀមរាប និងខេត្តកំពង់ធំ ដែលមានលទ្ធភាពអាចស្រោចស្រពលើផ្ទៃដីកសិកម្មបានប្រមាណជាង ២០ ០០០ ហិកតា។
ជាមួយគ្នានេះ, សហគមន៍អឺរ៉ុបតាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (EU/Asian Investment Facility “AIF”) ក៏នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១១,៥លានអឺរ៉ូ ត្រូវជាប្រមាណ ១៣ លានដុល្លារអាមេរិក សម្រាប់ធ្វើ សហហិរញ្ញប្បទានដល់កម្មវិធីនេះផងដែរ ។ កម្មវិធីនេះនឹងជួយគាំទ្រដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធាន ទឹក និងឧតុនិយមឆ្នាំ ២០១៨-២០២៣។
ទី២- ហិរញ្ញប្បទានឥតសំណងចំនួន ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកវារីវប្បកម្ម)៖ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ ២៥ លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណង របស់ EU ក្នុងគោលដៅគាំទ្រកំណើនប្រកបដោយនិរន្តរភាព, ភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និង បរិយាប័ន្ននៃវិស័យជលផលនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខស្បៀង និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មជាតិ និងក្របខណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផលឆ្នាំ ២០១០-២០១៩ ។
ទី៣- ហិរញ្ញប្បទានឥតសំណងចំនួន ៤,៦៧លានអឺរ៉ូ សម្រាប់គម្រោងគ្រប់គ្រងទឹកស្អាត និងអនាម័យតាមខេត្ត៖ គម្រោងនេះ គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ ១១០,៨លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានសម្បទានសហប្រតិបត្តិការពី ADB ចំនួនប្រមាណ ៥០ លានដុល្លារអាមេរិក,ឥណទានសម្បទានពី AFD ចំនួន ៤០ លានអឺរ៉ូ ត្រូវជាប្រមាណ ៤៥,៥ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៤,៦៧ លានអឺរ៉ូ ត្រូវជាប្រមាណ ៥,៣១លានដុល្លារអាមេរិក, ហិរញ្ញប្បទានឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់យន្តការផ្តល់ឥណទានរួមគ្នា (JFJCM) ចំនួន ១០លានដុល្លារអាមេរិក។ គម្រោងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ ២០១១-២០២៥ សំដៅបង្កើនការផ្តល់សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរស់នៅតាមទីប្រជុំជន និងក្រុងនៅក្នុងខេត្តបាត់ដំបង, កំពង់ចាម, ព្រះសីហនុ និងខេត្តសៀមរាប ។
គួររំលឹកថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន រាប់ទាំងកិច្ចព្រមព្រៀងទាំង៣នេះផង រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងតាមរយៈ AFD បានផ្ដល់ហិរញ្ញប្បទានសរុបដល់កម្ពុជាប្រមាណជាង៥៥៤ លានអឺរ៉ូ ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AFD និងដៃគូអភិវឌ្ឍន៍របស់ខ្លួន ដែលរួមមាន សហគមន៍អឺរ៉ុប (EU) ផ្ទាល់ និងតាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (AIF) ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងខាងលើ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃ ប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕
Source: Kampuchea Thmey Daily
0 Comments