ត្បូងឃ្មុំ ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយប្រជាពលរដ្ឋប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្នុងទឹកព្រែកចាឡង់ ស្ថិតនៅ ភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប៉ូលិសបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសពជនរងគ្រោះ។
សពមនុស្សប្រុស មានអាយុប្រហែល៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានពាក់អាវខ្មៅ រុំដៃទាំងពីរដោយចងសណ្ដោងដុំថ្មចំនួន៣ដុំពន្លិចក្នុងទឹក ដោយមានស្នាមរឹត.ក និងស្នាមប្រេះលើកន្ទុយភ្នែកទាំងសងខាង ព្រមទាំងមានស្នាមជាំក្បាលជង្គង់ខាងស្តាំទៀតផង។
សពមានភិនភាគសម្គាល់ សម្បុរខ្មៅស្រអែម សក់ស្ដើងខ្លី កម្ពស់១.៦៤ម៉ែត្រ មានចាក់សាក់រូបសត្វនាគ ពីដៃខាងស្ដាំលើដើមទ្រូង ឯដៃឆ្វេងចាក់សាក់រូបផ្កាកុលាប និងរូបកងចក្រ ស្លៀកខោប៉ារ៉ា ត្រឹមជង្គង់ អត់មានអាវ។
ប៉ូលិសបានធ្វើការសន្និដ្ឋាន ថា គឺជាករណីឃាតកម្ម(សម្លាប់ពីកន្លែងផ្សេងយកមកទម្លាក់ក្នុងព្រែកចាឡង់)។
ប៉ូលិសបានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតយ៉ាងមមាញឹក៕
Source: Kampuchea Thmey Daily
0 Comments