កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានចាប់ផ្តើមគោលនយោបាយបដិសេធពាក្យសុំសិទ្ធិជ្រកកោនដោយស្វ័យប្រវត្តិចំពោះមនុស្សដែលឆ្លងកាត់ព្រំដែនម៉ិកស៊ិកដោយខុសច្បាប់ក្នុងគោលបំណងរារាំងជនអន្តោប្រវេសន៍អាមេរិកកណ្តាលនិងបង្ខំឲ្យប្រទេសម៉ិកស៊ិកគ្រប់គ្រងពួកគេ។
លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដោយសំដៅបញ្ឈប់លំហូរនៃជនអន្តោប្រវេសន៍ដែលព្យាយាមឆ្លងដែនចូលទៅក្នុងសហរដ្ឋអាមេរិកទាំងគ្មានការអនុញ្ញាតហើយភាគច្រើននៃពួកគេគឺបានស្នើសុំសិទ្ធិជ្រកកោនដោយសារតែអំពើហិង្សានៅក្នុងប្រទេសរបស់ពួកគេ។
លោក Trump បាននិយាយថា “ការបន្តនិងការគំរាមកំហែងនៃការធ្វើអន្ដោប្រវេសន៍ដែលមិនមានមូលដ្ឋានដើម្បីចូលសហរដ្ឋអាមេរិកតាមព្រំដែនភាគខាងត្បូងរបស់យើងគឺកំពុងបង្កឲ្យមានវិបត្តិនិងធ្វើឲ្យខូចខាតដល់បូរណភាពដែនដីរបស់យើង”។
លោក Trump បានប្រើប្រាស់អំណាចគ្រាអាសន្នរបស់គាត់សម្រាប់បទបញ្ជានេះដែលក្រុមអ្នករិះគន់និយាយថា បានរំលោភលើច្បាប់អន្តរជាតិដែលការពារអ្នកស្វែងរកសិទិ្ធជ្រកកោន។
អង្គការ UNHCR ដែលជាស្ថាប័នសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិបានរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះការមិនបំពេញកាតព្វកិច្ចដើម្បីជួយជនភៀសខ្លួន។
អង្គការនេះបាននិយាយថា “UNHCR រំពឹងថា ប្រទេសទាំងអស់រួមទាំងសហរដ្ឋអាមេរិកផងដែរត្រូវធ្វើឲ្យប្រាកដថា អ្នកដែលត្រូវការជំនួយការគាំពារជនភៀសខ្លួននិងជំនួយមនុស្សធម៌គឺអាចទទួលបានជំនួយទាំងពីរនេះភ្លាមៗនិងដោយគ្មានការរាំងស្ទះ”។
ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្ខំឲ្យជនអន្តោប្រវេសន៍ងាកទៅរកអ្នករត់ពន្ធមនុស្សដើម្បីឆ្លងកាត់ព្រំដែនដោយខុសច្បាប់។
មន្ត្រីអាមេរិកបាននិយាយថា ម៉ិកស៊ិកជាប្រទេសមានសុវត្ថិភាពដំបូងគេសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រនិងហុងឌូរ៉ាសហើយការទាមទារសិទ្ធិជ្រកកោនគួរតែត្រូវបានបង្ហាញនៅទីនោះ។
មន្ត្រីរដ្ឋបាលម្នាក់បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “ម៉ិកស៊ិកគឺជាប្រទេសសុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនទាំងនោះដែលគេចចេញពីការធ្វើទុក្ខបុកម្នេញ។ ពួកគេគួរតែស្វែងរកការការពារនៅក្នុងប្រទេសម៉ិកស៊ិក”៕ AFP
Source: Kampuchea Thmey Daily
0 Comments