ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមជនសង្ស័យជាចោរលួចម៉ូតូចំនួន០២នាក់ កាលពីម៉ោង២កន្លះរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយពីបានឆែកឆេរពួកគេរកឃើញមានរក្សាទុកនូវដែកជាឧបករណ៍កែច្នៃសម្រាប់លួចម៉ូតូគេរួចមក។
មន្ត្រីនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ក្រុមជនសង្ស័យខាងលើមានឈ្មោះ ស្រី តក់ អាយុ១៩ឆ្នាំ គ្មានមុខរបរ ទីលំនៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងម្នាក់ទៀតឈ្មោះ សុខ ចំរើន អាយុ២៧ឆ្នាំ គ្មានមុខរបរ ទីលំនៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
បើតាមប្រភពព័ត៌មានពីក្រុមសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនពួកគេ នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលផ្នែកអន្តរាគមន៍កំពុងយាមល្បាតនៅតាមមូលដ្ឋាន លុះនៅម៉ោង២និង៣០នាទីទៀបភ្លឺ បានប្រទះឃើញពួកគេកំពុងជិះម៉ូតូ១គ្រឿងតាមបណ្ដោយផ្លូវណតប្រីដ្យ មានការសង្ស័យក៏បានឃាត់ត្រួតពិនិត្យដងខ្លួន រកឃើញដែកឧបករណ៍កែច្នៃសម្រាប់កាច់បំបាក់រន្ធសោម៉ូតូដើម្បីយក
របស់គេ ឃើញដូច្នេះក៏បានចាប់ឃាត់ខ្លួនភ្លាមៗបញ្ជូនទៅអធិការដ្ឋានតែម្ដង។
នៅក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញសារធាតុញៀននៅក្នុងទឹកនោមរបស់ពួកគេបញ្ជាក់ថា ពួកគេមានទោសពីបទប្រើប្រាស់(សេព)ថ្នាំញៀនខុសច្បាប់ និងបន្ថែមមួយករណីទៀត ជាក្រុមចោរលួចម៉ូតូយ៉ាងសកម្ម បើទោះបីជាពួកគេបានប្រកែកដោះសា ប៉ុន្តែមានវត្ថុតាង៕
Source: Kampuchea Thmey Daily
0 Comments