Ad Code

លោក Trump ចាប់ផ្តើម​ការបង្ក្រាប​លើ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​អាមេរិក​កណ្ដាល



កាលពី​ថ្ងៃ​សុក្រ សហរដ្ឋអាមេរិក​ បាន​ចាប់ផ្តើម​គោលនយោបាយ​បដិសេធ​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​មនុស្ស​ដែល​ឆ្លងកាត់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ ដោយ​ខុសច្បាប់​ក្នុង​គោលបំណង​រារាំង​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​និង​បង្ខំ​ឲ្យ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​គ្រប់គ្រង​ពួកគេ។

លោក​ប្រធានាធិបតី Donald Trump បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​ដោយ​សំដៅ​បញ្ឈប់​លំហូរ​នៃ​ជនអន្តោប្រវេសន៍​ដែល​ព្យាយាម​ឆ្លងដែន​ចូលទៅក្នុង​សហរដ្ឋអាមេរិក​ទាំង​គ្មាន​ការអនុញ្ញាត​ហើយ​ភាគច្រើន​នៃ​ពួកគេ​គឺ​បាន​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ដោយសារតែ​អំពើហិង្សា​នៅក្នុង​ប្រទេស​របស់​ពួកគេ​។​

លោក Trump បាន​និយាយថា “​ការបន្ត​និង​ការគំរាមកំហែង​នៃ​ការធ្វើ​អន្ដោប្រវេសន៍​ដែល​មិនមាន​មូលដ្ឋាន​ដើម្បី​ចូល​សហរដ្ឋអាមេរិក​តា​ម​ព្រំដែន​ភាគខាងត្បូង​រប​ស់​យើង​គឺ​កំពុង​បង្ក​ឲ្យ​មាន​វិបត្តិ​និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​បូរណភាព​ដែនដី​របស់​យើង​”​។​

លោក Trump បាន​ប្រើប្រាស់​អំណាច​គ្រាអាសន្ន​របស់គាត់​សម្រាប់​បទបញ្ជា​នេះ​ដែល​ក្រុម​អ្នក​រិះគន់​និយាយថា បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ដែល​ការពារ​អ្នកស្វែងរក​សិ​ទិ្ធ​ជ្រកកោន​។​
​អង្គការ UNHCR ដែលជា​ស្ថាប័ន​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការមិន​បំពេញ​កាតព្វកិច្ច​ដើម្បី​ជួយ​ជនភៀសខ្លួន​។​

អង្គការ​នេះ​បាន​និយាយថា “UNHCR រំពឹងថា ប្រទេស​ទាំងអស់​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នក​ដែល​ត្រូវការ​ជំនួយការ​គាំពារ​ជនភៀសខ្លួន​និង​ជំនួយ​មនុស្សធម៌​គឺអាច​ទទួលបាន​ជំនួយ​ទាំងពីរ​នេះ​ភ្លាមៗ​និង​ដោយ​គ្មាន​ការរាំងស្ទះ​”​។​

ទីភ្នាក់ងារ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​មួយ​នេះ​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​បង្ខំ​ឲ្យ​ជនអន្តោប្រវេសន៍​ងាក​ទៅរក​អ្នករត់ពន្ធ​មនុស្ស​ដើម្បី​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់​។​

មន្ត្រី​អាមេរិក​បាន​និយាយថា ម៉ិ​ក​ស៊ិ​ក​ជា​ប្រទេស​មាន​សុវត្ថិភាព​ដំបូង​គេ​សម្រាប់​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ហ្គា​តេ​ម៉ា​ឡា អែល​សាល់​វ៉ា​ឌ័​រ​និង​ហុង​ឌូ​រ៉ា​ស​ហើយ​ការទាមទារ​សិទ្ធិ​ជ្រកកោន​គួរតែ​ត្រូវ​បានបង្ហាញ​នៅ​ទីនោះ​។​

មន្ត្រីរដ្ឋបាល​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា “​ម៉ិ​ក​ស៊ិ​ក​គឺជា​ប្រទេស​សុវត្ថិភាព​មួយ​សម្រាប់​ជនភៀសខ្លួន​ទាំងនោះ​ដែល​គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​។ ពួកគេ​គួរតែ​ស្វែងរក​ការការពារ​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu