ភ្នំពេញ ៖ បុកហើយ បុកទៀត គឺកន្លែងក្បាលនាគពុះចែកទ្រូងផ្លូវត្រង់ភ្លើងស្តុបខាងមុខក្ដាន់ពីរ ជាកន្លែងដែលតែងតែបង្កការគ្រោះថ្នាក់ស្ទើរតែរាល់យប់តែម្ដង មិនត្រឹមតែខូចខាតយានយន្តនោះទេមានទាំងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទៀតផង។
ជាក់ស្ដែងទៀតនោះ នៅវេលាម៉ោង២និង១៥នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្តុបក្ដាន់០២ លើផ្លូវសហព័ន្ធរុស្ស៊ីកែងR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ថែមទៀត រវាងរថយន្តម៉ាកលុចស៊ីស៤៧០ ពាក់ស្លាកលេខភ្នំពេញ2N3923 បើកបុកថ្មពុះចែកទ្រូងផ្លូវ បាក់អស់០១កង់ ហើយរេចង្កូតទៅបុកចូលផ្ទះគេមួយខ្នងទៀត បណ្ដាលឲ្យខូចទ្វារបង និងសសរទ្វារ។
សមត្ថកិច្ចបញ្ជាក់ថា ចំណែករថយន្តខូចធ្ងន់ហើយមនុស្សគ្មានរបួសទេ។ ករណីនេះបានប្រគល់ឲ្យនគរបាលចរាចរណ៍ក្រុងវាស់វែងយករថយន្ត និងអ្នកបើកបររថយន្ត ទៅរក្សាទុកនៅការិយាល័យ ដើម្បីចាត់ការបន្ត។
គួរបញ្ជាក់ថា កន្លែងក្បាលនាគពុះចែកទ្រូងផ្លូវនោះមិនដឹងជាយ៉ាងម៉េចនោះទេ បានជាអ្នកដំណើរដែលតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះទៅដល់កន្លែងនោះ ឲ្យតែខ្វះការប្រុងប្រយ័ត្ន តែបន្តិចនោះ គឺតែងតែបុកក្បាលនាគនោះមិនលោះយប់ឡើយ ពោលគឺបុកខ្ទេចខ្ទីអស់រថយន្តទាំងទំនើប និងមិនទំនើបជាច្រើនគ្រឿងមកហើយ មិនតែប៉ុណ្ណោះ ថែមទាំងមានអ្នកគ្រោះថ្នាក់ធ្ងន់ធ្ងររហូតបាត់បង់អាយុជីវិតទៀតផង ព្រោះតែបុកកន្លែងក្បាលនាគដដែលនោះ។
មិនតែប៉ុណ្ណោះផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ក៏តែងតែខូចខាតទ្វាររបងផ្ទះញយដងផងដែរព្រោះតែរថយន្តបុកក្បាលនាគ ហើយវិលជ្រុលបុកចូលផ្ទះតែម្ដង។
ចឹងហើយ ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុនោះ ក៏បានសំណូមពរទៅខាងជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញ គួរតែមានវិធានការប្ដូររបាំងចែកទ្រូងផ្លូវនោះពីថ្មចេញទៅជារបាំងដែកវិញទៅ ទើបអាចកាត់បន្ថយ នៃគ្រោះថ្នាក់បែបនេះបាន។
បើសិនណានៅតែដាក់ដូច្នេះដដែលនោះ គឺគ្រោះថ្នាក់មិនលោះថ្ងៃឡើយ ហើយនាំឲ្យរំខានដល់ការរស់របស់ពួកគាត់ទៀតផង៕
Source: Kampuchea Thmey Daily
0 Comments