កំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពលួចរថយន្តពី ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយបើកមកដល់ក្រុងកំពង់ចាម ក៏បើកបុកនិងកៀររថយន្តចំនួន២គ្រឿងហើយ ក៏ជ្រុលឡើងខឿនសួនច្បារ ផ្លូវភ្លោះបុកគល់ដូងជាប់គាំងទៅមុខលែងរួច និងនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងដើម្បីបំពេញសំណុំឯកសារតាមនីតិវិធី។
លោកស៊ាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨វេលាម៉ោង៧និង២៥នាទី ចំណុចមុខសាលារៀនវាលវង់ចាស់ ស្ថិតក្នុងភូមិទី៤ សង្កាត់វាលវង់ក្រុងកំពង់ចាម។
លោកអធិការរងដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តម៉ាក ធុនដ្រា ស្លាកលេខភ្នំពេញ2AA.1886 បើកបរដោយឈ្មោះ ជា វ៉ាន់ឌី ហៅទី ភេទប្រុសអាយុ៣១ ឆ្នាំនៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានបើកមកបុករថយន្តម៉ាកធុនដ្រា ស្លាកលេខ ភ្នំពេញ2AI .8485 ចតឈប់ស្ងៀមរបស់ឈ្មោះ វ៉ា ពេជ្រ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិទី៩ សង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម។
ប៉ូលិសបានបន្តថា បន្ទាប់មករថយន្តបង្ក បានបើកប៉ះជាមួយរថយន្តម៉ាក វីហ្ហ្គោហ៊ីលុច ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2X.6858 ដែលចតឈប់ស្ងៀមជារបស់ឈ្មោះ អ៊ាម ម៉ូវហ៊ាង ភេទប្រុសអាយុ 43ឆ្នាំ នៅភូមិទី4 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ប៉ូលិស បានបន្តថា ក្រោយពេលកើតហេតុរថយន្តម៉ាកធុនដ្រា បង្កមិនឈប់នៅកន្លែងកើតហេតុទេ គឺ បានបើករថយន្តរត់គេច ទៅឡើងលើ សួនច្បារភ្លោះ មុខធនាគារចាស់ ទើបឈប់។ ប៉ូលិសបានបន្តថា គ្រោះថ្នាក់នេះ បណ្ដាលឲ្យខូចខាតរថយន្ត3គ្រឿង កម្រិតស្រាល និងបាក់ដើមស្លា២ដើម។
ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍ ក្រុងកំពង់ចាមបានយកអ្នកបើកបរ និងវត្ថុតាង មកអធិការដ្ឋាននគរបាលក្រុង កំពង់ចាម ហើយធ្វើការស្រាវជ្រាវ ទើបយើងបានដឹងថា រថយន្តម៉ាកធុនត្រា ស្លាកលេខ ភ្នំពេញ 2AA.1886ដែលឈ្មោះ ផល ឈួង ភេទ ប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិស្គន់ ឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលត្រូវឈ្មោះជា វ៉ាន់ឌី ហៅទីលួច និងបើកបង្កឲ្យមានគ្រោះថ្នាក់ ចរាចរនេះ។
ម្ចាស់រថយន្ត លោក ផល ឈួង បានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ លោកបានយករថយន្ត ធុនដ្រាខាងលើនេះ ទៅផ្ញើទុកនៅផ្ទះ បងប្រុសបង្កើតឈ្មោះ ផល ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ ស្តើងជ័យ ឃុំសូទឹប ស្រុក ជើងព្រៃ ដែលមានចម្ងាយ ប្រហែល៥គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន។
លោកផល ឈួង បានបន្តថា លុះព្រឹកឡើងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បងប្រុសរបស់លោកទូរស័ព្ទប្រាប់ថាឈ្មោះ ទី បានលួចយកឡាននេះជិះសំដៅមកខេត្តកំពង់ចាមហើយ។
លោកផល ឈួង បានប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ បងប្រុសរបស់គាត់ បានទុកសោឡាននៅក្នុងម៉ូតូកង់៣ ហើយក៏ដើរចូលក្នុងបន្ទប់ទឹក នៅពេលចេញមកវិញ ស្រាប់តែឃើញឈ្មោះទី បើកឡាននេះ ចេញដោយលោកមិនបានប្រគល់សោរថយន្តទេ ហើយឈ្មោះ ទី ក៏បានបង្ករគ្រោះថ្នាក់ចរាចរបែបនេះ។
ប៉ូលិសបានបញ្ជាក់ថា ករណីនេះ ផ្នែកជំនាញចរាចរណ៍ និងផ្នែកជំនាញព្រហ្មទណ្ឌក្រុងកំពង់ចាមកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments