ភ្នំពេញ ៖ អភិបាលក្រុងសេអ៊ូល បានផ្ដល់រង្វាន់កិត្តិយសលើកទឹកជូនដល់ជនបរទេស ចម្រុះជាតិសាសន៍ចំនួន២២នាក់ ដែលបានចូលរួមបង្កើតកម្មវិធី និងសកម្មភាពរស់រវើកនានា លើវិស័យសង្គម វប្បធម៌ និងហិរញ្ញវត្ថុ។ នេះបានតាមការបញ្ជាក់របស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េលោក ឡុង ឌីម៉ង់។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា “ជារៀងរាល់ឆ្នាំ លោកអភិបាលរដ្ឋធានីសេអ៊ូល បានបង្កើតកម្មវិធីផ្តល់នូវរង្វាន់ កិត្តិយសលើកទឹកចិត្ដដល់ជនបរទេស ជាប្រជាពលរដ្ឋកិត្តិយស របស់ទីក្រុងសេអ៊ូល សម្រាប់ការចូលរួមចំណែករបស់ពួកគេ ក្នុងការបង្កើតកម្មវិធី ឬសកម្មភាព រស់រវើកនានា លើវិស័យសង្គម វប្បធម៌ និងហិរញ្ញវត្ថុ ដល់ទីក្រុងសេអ៊ូល”។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់បន្ថែមទៀតថា “ឆ្នាំនេះមាន Seoul Honorary Citizenship ចំនួន២២នាក់ចម្រុះជាតិសាសន៍ ដែលលោកអភិបាលក្រុង បានជូនរង្វាន់។
នៅទីក្រុងសេអ៊ូលមានប្រជាជនបរទេសរស់នៅប្រមាណ៤៦ម៉ឺនននាក់ ដែលបានធ្វើឲ្យទីក្រុងមួយនេះ បានក្លាយជាទីក្រុង លំដាប់ពិភពលោក ពោពេញដោយភាពចម្រុះ ហើយលោកអភិបាលក្រុងសន្យាទទួលនូវ រាល់សំឡេងរបស់ជនបរទេសទាំងអស់ ធ្វើយ៉ាងណាឲ្យពួកគាត់រស់នៅ ប្រចាំថ្ងៃដោយសន្តិសុខ និងបរិស្ថានល្អ”៕
Source: Kampuchea Thmey Daily
0 Comments