Ad Code

បើក​លឿន​ដូចគ្នា​ ឡាន​បុក​អ្នក​ជិះ​ម៉ូតូ​ដាច់​ជើង​ម្ខាង​ សន្លប់​ឈឹង



ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ បាន​រង​របួស​ដាច់​ប្រអប់​ជើង​ឆ្វេង​ម្ខាង ​ជ្រុះ​នៅ​កណ្ដាល​ថ្នល់​ ហើយ​សន្លប់​ឈឹង​មួយ​រំពេច​ បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ពេក ហើយ​រថយន្ត​បង្ក ក៏​បើក​លឿន​ដូចគ្នា​ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរង​គ្រោះ​ចំ​កណ្ដាល​ទ្រូងផ្លូវ​ ចំ​ផ្នែក​ចំហៀង​ខាងឆ្វេង សូម្បីតែ​ម៉ូតូ​ក៏​ខ្ទេច​មើល​មិន​យល់​ដែរ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​ទល់មុខ​វត្ត​កំបូល ​ស្ថិតនៅ​ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​បង្ក​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​កណ្ដុរល្មេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU -5783 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​កើ​ត​ទៅ​លិច ​ក្នុង​ល្បឿន​យ៉ាង​លឿន​ តៃកុង​រត់​គេច​ខ្លួន​បាត់។

ចំណែក​ម៉ូតូ​រងគ្រោះ ​ពណ៌​ខ្មៅ​លា​យស​ មើល​មិន​ស្គាល់​ថា​ម៉ាក​អី​ទេ ​ដោយសារ​រមូរ​ខ្ទេច​ទាំងស្រុង ​តែ​ដឹង​ថា​ពាក់​ស្លាក​លេខ ភ្នំពេញ 1HG- 3193​ បើកបរ​ដោយ​បុរស​ម្នាក់​ ទិសដៅ​ពី​លិច​ទៅ​កើត​ បញ្ច្រាស​ទិស​គ្នា​រងរបួស​ធ្ងន់​ដាច់​ជើង​ខាងឆ្វេង​ម្ខាង​ សន្លប់​ស្ដូកស្ដឹង ​នៅ​កន្លែងកើតហេតុ​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​រងគ្រោះ​បើកបរ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ​ក្នុង​ល្បឿន​លឿន បន្ទាប់មក​ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​ព្រូស​ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ បញ្ច្រាស​ទិស​គ្នា​ ក្នុង​ល្បឿន​លឿន​ដូចគ្នា​ដែរ ហើយ​បាន​បុក​គ្នា​ពេញទំហឹង​ចំ​កណ្ដាល​ទ្រូងផ្លូវ​ ចំ​កង់​រថយន្ត​ផ្នែក​ខាងឆ្វេង បណ្ដាល​ឲ្យ​ជនរង​គ្រោះ​ដាច់​ជើង​ខាងឆ្វេង​ម្ខាង ​ជ្រុះ​នៅ​កណ្ដាល​ផ្លូវ។​

ប្រភព​បន្ត​ថា​ ពេលនោះ​ម៉ូតូ​ជនរងគ្រោះ​បាន​ខ្ទាត​ទៅ​ផ្នែក​ខាងស្ដាំ​របស់​ខ្លួន​ និង​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ខ្ទេច​ទាំងស្រុង ​រកតែ​មើល​ម៉ា​ក​ក៏​ពុំ​ស្គាល់​ផង​។

ចំណែក​ឯ​តៃកុង​រថយន្ត​បង្ក​ ដោយ​ឃើញ​ជនរងគ្រោះ​រង​របួស​ធ្ងន់​ពេក ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ។

ជនរងគ្រោះ ត្រូវ​បាន​រថយន្ត​សាមុយ​ឯកជន​សម្ភព​សុធា​រិ​ទ្ធ​បែក​ចាន​ ​​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ តែ​ដោយ​ជនរងគ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក ដោយ​មន្ទីរពេទ្យ​មួយ​នេះ មិន​មាន​សមត្ថភាព​ព្យាបាល ព្រោះ​ពេទ្យ​នេះ​ទទួល​ព្យាបាល​តែ​របួស​ណា​ស្រាលៗ ​ស្រួល​យក​លុយ​តែប៉ុណ្ណោះ ទើប​បញ្ជូន​បន្ដ​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ព្យាបាល​។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ ​ទៅ​រក្សាទុក​ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu