ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEA TV នារសៀលថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាការប្រកួតជុំទីចុងក្រោយ រវាងអ្នកប្រដាល់កម្ពុជា រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ថៃ Keng Kat ហើយអ្នកប្រដាល់កម្ពុជា មាស សុជាតិ និងអ្នកប្រដាល់ថៃ Kev Kongvan។
សម្រាប់ជំនួបក្នុងជុំចុងក្រោយនេះ ជាការប្រកួតដ៏សំខាន់បំផុតរបស់ រឿង សារ័ត្ន ដែលគេចាំបាច់ត្រូវឈ្នះKev Kongvan នេះអោយបាន ព្រោះថាបើ សារ័ត្ន ចាញ់ការប្រកួតនេះ គេនឹងជ្រុះធ្លាក់ហាលអាវហើយ ហើយបើឈ្នះ Keng Kat ក៏ត្រូវតែខិតខំផ្ដួលឲ្យបានក្នុងដើមទឹកទី១ដែរ ទើបគេមានសង្ឃឹមបានឡើងទៅផ្ដាច់ព្រ័ត្រនោះ។ សារ័ត្ន ក្នុង៣ប្រកួតជម្រុះកន្លងមក គេឈ្នះ២ ចាញ់១ប្រកួត មាន៧ពិន្ទុ។
ក្នុងពូលកីឡាករខ្មែរនេះ ពុទ្ធ ឆាយរិទ្ធី ដែលបានបញ្ចប់ការប្រកួតជម្រុះហើយនោះ គេមានពិន្ទុច្រើនជាងគេ ដោយក្នុង៤ប្រកួត គេឈ្នះ៣ និងចាញ់១ប្រកួត មាន១០ពិន្ទុ។
មួយ ទៀត ពុទ្ធ ឆាយរិទ្ធី គេផ្ដួលដៃគូប្រកួតឲ្យសន្លប់ក្នុងទឹកទី១ថែមទៀត។ ដូច្នេះ រឿង សារ័ត្ន គេចាំបាច់ត្រូវផ្តួល Keng Kat ឲ្យបានក្នុងនាទីទាបបំផុតក្នុងទឹកទី១នោះ ទើបអាចយកប្រៀបលើ ពុទ្ធ ឆាយរិទ្ធី បាន។
រវាង រឿង សារ័ត្ន និង Keng Kat ពីរនាក់នេះ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក។ គេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ហើយ មាឌ ក៏ប្រហែលគ្នាដែរ ប៉ុន្តែគេចាញ់កំណត់ត្រាប្រកួតថៃ។ Keng Kat មានប្រវត្តិប្រកួតចំនួន៩៦លើក ឈ្នះ៧៥លើក ចាញ់១៨លើក និងស្មើ០៣លើក។ ចំណែក រឿង សារ័ត្ន គេមានកំណត់ត្រាប្រកួត៨១លើក ឈ្នះ៦១លើក ចាញ់១៦ លើក និងស្មើ០៤លើក។
Keng Kat ជាជើងខ្លាំងដែរ នៅក្នុងចំណោមកីឡាករថៃ៤រូប ដែលចូលរួមក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់Wurkz ទម្ងន់៦៧គីឡូក្រាមនេះ។ Keng Kat ឆ្លងកាត់ការជម្រុះ៣លើកកន្លងមកនេះ គឺគេឈ្នះទាំង៣លើក មាន៩ពិន្ទុ ហើយ។ ទោះជាយ៉ាងនេះក្តី Keng Kat គេក៏នៅតែត្រូវការឈ្នះ រឿង សារ័ត្ន ដែរ ដើម្បីសន្សំពិន្ទុឲ្យបានច្រើន សម្រាប់បានឡើងទៅផ្ដាច់ព្រ័ត្រ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
ប៉ុន្តែយ៉ាងណា រឿង សារ័ត្ន ជួប Keng Kat នៅក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ជុំទី៤នេះ គេរាងយ៉ាប់បន្តិចហើយ ព្រោះ Keng Kat គេល្អ និងខ្លាំង។ ដូច្នេះ ចាំមើលរវាង រឿង សារ័ត្ន និង Keng Kat តើនរណាជាអ្នកឈ្នះនោះ?។
ចំពោះ មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ត្រូវគេឲ្យឡើងប្រកួតជំនួស ជឹម ចិត្រា អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ ដែលត្រូវបានដកចេញពីការប្រកួតនេះ ដោយសារតែ ចិត្រា មិនអាចទៅរួច។ ឆ្លងកាត់ពីរប្រកួតកន្លងមក ចិត្រា ឡើងវាយបានម្តងប៉ុណ្ណោះ ដោយចាញ់អ្នកប្រដាល់ថៃPheach Aruon ក្នុងទឹកទី១ ហើយលើកទី២ គេបោះបង់ការប្រកួត ទើបអ្នកផ្គូផ្គងដោះដូរចេញ។ មាស សុជាតិ គេស្ម័គ្រចិត្តបន្តការប្រកួតជម្រុះនេះ។
មាស សុជាតិ ត្រូវជួបប្រកួតជាមួយ Kev Kongvan សម្រាប់ជំនួបជុំទី៤នេះ។ ពួកគេទាំងពីរនេះ មិនដែលប៉ះគ្នាទេពីមុនមក។ យ៉ាងណា មាស សុជាតិ និង Kev Kongvan នេះ ទោះជាអ្នកណាឈ្នះ អ្នកណាចាញ់ក្តី ក៏នៅតែជ្រុះធ្លាក់ដែរ ព្រោះថាពិន្ទុរបស់គេទាំងពីរ តិចជាងគេនៅក្នុងពូល។
Kev Kongvan ឆ្លងកាត់ការជម្រុះ៣លើកកន្លងមកនេះ គឺគេឈ្នះ១ចាញ់២ប្រកួត មាន៥ពិន្ទុ។ ឯ មាស សុជាតិ ដឹងតែពីអត់បានឡើងហើយ។ បើទោះជាឈ្នះ Kev Kongvan ក៏មិន បានការដែរ។
មាស សុជាតិ មានប្រវត្តិប្រកួតចំនួន៦៤លើក ឈ្នះ៥៣លើក ចាញ់១១លើក មិនដែលស្មើ។ ចំណែក Kev Kongvan គេមានកំណត់ត្រាប្រកួតចំនួន៨០លើក ឈ្នះ៦២លើក ចាញ់១៧លើក និងស្មើ០១លើក៕
Source: Kampuchea Thmey Daily
0 Comments