ភ្នំពេញ ៖ កីឡាករ ឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀប ខេត្តបន្ទាយមានជ័យ ត្រូវគេផ្គូផ្គងឲ្យជួបកីឡាករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក រីឯកីឡាករខាំ ខ្លានាង អ្នកប្រដាល់រហាប់ស្វាយប៉ាក ត្រូវជួបជាមួយកីឡាករថៃរុងសាក់ សកៈឌិបុរីរ៉ាំ នាថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីអិនស៊ី។
ការជួបគ្នារវាងកីឡាករ ឃីម បូរ៉ា និងកីឡាករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ហើយការជួបគ្នានេះ គ្មានប្រភពណាលើកឡើងពីការធ្លាប់ជួបគ្នារវាងកីឡាករទាំងពីរទេនាពេលកន្លងមកនោះ តែកីឡាករថៃម្នាក់នេះ ធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេ គឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្ដួលគូប្រកួតឲ្យដួលទាំងជំហរ។
ចំណែកកីឡាករ ឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះ ចិត្តប្រដាល់របស់គេតូច រួមផ្សំជាមួយកម្លាំងស៊ុហ្វ មិនសូវខ្លាំងផងនោះ ធ្វើឲ្យកីឡាកររូបនេះ មិនសូវហ៊ានប្ដូរជាមួយគូប្រកួតណាដែលដើរចូលវាយកំញើញខ្លួននោះឡើយ។
ទោះជាយ៉ាងនេះក្តី ឃីម បូរ៉ា គេវាយតាមបច្ចេកទេសដកថយមែន តែគេវាយសងមួយៗ វិញ ចំគោលដៅបានល្អ ការប្រកួតរាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ។ ចាំមើលការជួបគ្នានេះ កីឡាករកម្ពុជា ឃីម បូរ៉ា និងកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក នរណាជាអ្នកឈ្នះ?។
ដោយឡែក កីឡាករស្រករក្រោយខាំ ខ្លានាង គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ រុងសាក់ សកៈឌិបុរីរ៉ាំ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម អ្នកទាំងពីរក៏មិនធ្លាប់ជួបគ្នាដែរនៅលើសង្វៀននេះ ហើយកីឡាករថៃម្នាក់នេះ ក៏ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរ មានឈ្នះ មានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។
កីឡាករខាំ ខ្លានាង គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗ ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
ជាមួយនឹងស្នៀតខ្លាំង ទាំងដៃ ទាំងជើង និងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្ដួលដៃគូជាបន្តបន្ទាប់ ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មី ហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។ ចាំមើលរវាងខាំ ខ្លានាង និងកីឡាករថៃរុងសាក់ សកៈឌិបុរីរ៉ាំ នេះនរណាជាអ្នកឈ្នះ?៕
Source: Kampuchea Thmey Daily
0 Comments