ក្រុមគ្រួសាររបស់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានស្លាប់ក្នុងការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានប្ដឹងក្រុមហ៊ុន Boeing ដោយចោទប្រកាន់ថា ឧបទ្ទវហេតុនេះអាចបណ្តាលមកពីបញ្ហាជាមួយប្រព័ន្ធគ្រប់គ្រងការហោះហើរនៅក្នុងយន្តហោះម៉ូដែល៧៣៧ថ្មីរបស់ខ្លួន។
ឪពុករបស់លោក Rio Nanda Pratama បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃពុធនៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិកដែលជាកន្លែងនៃទីស្នាក់ការធំរបស់ក្រុមហ៊ុនផលិតយន្តហោះនេះជុំវិញការស្លាប់របស់វេជ្ជបណ្ឌិតវ័យក្មេងដែលនឹងត្រូវរៀបការជាមួយមិត្តស្រីកាលរៀនវិទ្យាល័យរបស់គាត់ក្នុងសប្តាហ៍នេះ។
គូដណ្ដឹងរបស់ Pratama ឈ្មោះ Intan Syari អាយុ២៦ឆ្នាំបានបង្កឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងបានឈរថតរូបតែម្នាក់ឯងនៅក្នុងឈុតអាពាហ៍ពិពាហ៍ដែលនាងត្រូវពាក់ក្នុងពិធីមង្គលការនៅប្រទេសឥណ្ឌូនេស៊ី។
បុរសវ័យ២៦ឆ្នាំរូបនេះស្ថិតក្នុងចំណោមមនុស្ស១៨៩នាក់ដែលបានស្លាប់នៅពេលយន្តហោះ Boeing 737-MAX បានធ្លាក់ចូលសមុទ្រជ្វាកាលពីថ្ងៃទី២៩ខែតុលាក្នុងរយៈពេលតិចជាង២០នាទីបន្ទាប់ពីចាកចេញពីទីក្រុងហ្សាការតាតាមជើងហោះហើរទៅកាន់ទីក្រុង Pangkal Pinang ។ មិនមានអ្នករស់រានមានជីវិតពីឧបទ្ទវហេតុនោះទេ។
មានសំណួរជាច្រើនបានលើកឡើងអំពីការខកខានរបស់ក្រុមហ៊ុន Boeing ក្នុងការប្រាប់ដល់ក្រុមហ៊ុនអាកាសចរណ៍និងអាកាសយានិកអំពីការផ្លាស់ប្តូរប្រព័ន្ធប្រឆាំងការរលត់ម៉ាស៊ីនដែលកំពុងត្រូវបានស៊ើបអង្កេតសម្រាប់ទំនាក់ទំនងជាមួយនឹងការធ្លាក់យន្តហោះ។
ម៉ាស៊ីនរបស់យន្តហោះនេះមានទម្ងន់ធ្ងន់ជាងម៉ាស៊ីនដែលដំឡើងលើយន្តហោះមុនៗដែលមានន័យថា យន្តហោះនេះអាចរលត់ម៉ាស៊ីនក្នុងស្ថានភាពខុសៗគ្នា។
យោងតាមសមាគមអាកាសចរណ៍សម្ព័ន្ធមិត្តបានឲ្យដឹងថា ក្រុមហ៊ុន Boeing បានកែប្រែប្រព័ន្ធប្រឆាំងការរលត់ម៉ាស៊ីនដោយមិនបានប្រាប់ដល់ក្រុមហ៊ុនអាកាសចរណ៍និងក្រុមការងាររបស់ពួកគេ។
នៅតែមិនមានចម្លើយចំពោះអ្វីដែលបណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្មថ្មីបំផុតនិងទំនើបបំផុតរបស់ពិភពលោកនេះធ្លាក់។ របាយការណ៍បឋមត្រូវបានគេរំពឹងថានឹងចេញនៅចុងខែនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments