ភ្នំពេញ ៖ Grab ដែលជាក្រុមហ៊ុនផ្ដល់សេវាកក់ការធ្វើដំណើរឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដាក់ចេញនូវដំណោះស្រាយថ្មីសម្រាប់ក្រុមហ៊ុននានា ជាមួយនឹងកម្មវិធីឈ្មោះថា Grab for Business ជាកម្មវិធីគ្រប់គ្រងការចំណាយក្នុងការធ្វើដំណើរ ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ក្នុងបំណងធ្វើដំណើរទៅបំពេញការងារ នៅក្នុងរាជធានីភ្នំពេញ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ Grab បានឲ្យដឹងថា ការដាក់សម្ពោធឲ្យប្រើប្រាស់កម្មវិធីនេះ បានធ្វើឡើងបន្ទាប់ពីការសាកល្បង ដោយជោគជ័យរយៈពេល៥ខែ ជាមួយនឹងក្រុមហ៊ុនចំនួន៣០ ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ Grab ជួយដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់បុគ្គលិកក្នុងបំណងចុះបំពេញការងារ និងសរុបជារួម គឺធ្វើដំណើរបានជាង១០.០០០គីឡូម៉ែត្រ ទៅកាន់ទីតាំងចំនួនជាង៦០០កន្លែងផ្សេងៗ គ្នា ក្នុងរាជធានី។
កម្មវិធី Grab for Business ជាមធ្យោបាយកាន់តែមានផលិតភាពសម្រាប់ក្រុមហ៊ុននានាក្នុងការគ្រប់គ្រងការចំណាយលើការធ្វើដំណើរ។
កម្មវិធីនេះ ជួយលុបបំបាត់នូវការងាររៀបចំឯកសារ សងថ្លៃចំណាយធ្វើដំណើរ និងការធ្វើរបាយការណ៍ទូទាត់ទៅឲ្យបុគ្គលិក និងជួយឲ្យក្រុមហ៊ុននានាអាចគ្រប់គ្រងកាន់តែប្រសើរតាមរយៈការកំណត់គោលនយោបាយធ្វើដំណើរតាមតម្រូវការ ហើយធានាបាននូវគណនេយ្យភាពតាមរយៈរបាយការណ៍ទិន្នន័យមានតម្លាភាព ដើម្បីការពារគោលនយោបាយក្រុមហ៊ុន ជុំវិញការធ្វើដំណើរចុះបំពេញការងារ។
អ្នកស្រី ហេង សុធាវី នាយកប្រចាំប្រទេសស្ដីទី ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ក្រុមហ៊ុននានាគួរផ្ដោតការប្រើប្រាស់ធនធានរបស់ខ្លួនសម្រាប់កំណើនអាជីវកម្ម និងការបម្រើ អតិថិជនរបស់ខ្លួន។ យើងបានមើលឃើញពីឱកាសក្នុងការផ្ដល់នូវសេវាដឹកជញ្ជូនពីមួយកន្លែង ទៅមួយកន្លែងសម្រាប់ក្រុមហ៊ុននានា ដើម្បីជួយឲ្យក្រុមហ៊ុនទាំងនោះធ្វើទំនើបកម្ម និងរៀបចំដំណើរការ គ្រប់គ្រងការចំណាយលើការដឹកជញ្ជូនតាមរយៈបច្ចេកវិទ្យារបស់ Grab។
កម្មវិធី Grab for Business ជួយរៀបចំតាំងពីការធ្វើដំណើរបង្កាន់ដៃបង់ប្រាក់ និងការសងថ្លៃចំណាយ ដូច្នេះកម្មវិធីនេះ ផ្ដល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយផ្ដល់លទ្ធភាពឲ្យផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុ អាចសន្សំសំចៃពេលវេលាក្នុងការគ្រប់គ្រងការចំណាយសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុន”។
ការធ្វើដំណើរដែលកក់ជាមួយ Grab អាចត្រូវបានដាក់ថា ជាការធ្វើដំណើរក្នុងបំណងបំពេញ ការងារ ហើយត្រូវបានកំណត់ដាក់ជាក្រុមនៅក្នុងកម្មវិធី Grab។
រាល់ការធ្វើដំណើរទាំងអស់ នឹងត្រូវបានបញ្ចូលទៅក្នុងគេហទំព័រ Grab for Business ដែលជាឧបករណ៍មួយសម្រាប់ឲ្យក្រុមហ៊ុននានារៀបចំ និងគ្រប់គ្រងលើការធ្វើដំណើររបស់បុគ្គលិក។
មុខងារ នៃកម្មវិធីនេះរួមមាន តាមដាន និងគ្រប់គ្រងការចំណាយលើការធ្វើដំណើរ ដោយផ្នែកចំណាយ ផ្នែក/នាយកដ្ឋានផ្សេងៗ និងក្រុមការងារគម្រោង, កំណត់យកជម្រើសទូទាត់តាមតម្រូវការ, កំណត់គោលនយោបាយ នៃការធ្វើដំណើរ និងភាពងាយស្រួលក្នុងការអនុវត្តគោលនយោបាយនោះ, សន្សំសំចៃពេលវេលាតាមរយៈការកាត់បន្ថយលិខិតស្នាម, បែងចែកដោយងាយស្រួលរវាងការធ្វើដំណើរក្នុងបំណងការងារ និងក្នុងបំណងផ្ទាល់ខ្លួន, បញ្ចូលរាល់បង្កាន់ដៃសម្រាប់ងាយស្រួលក្នុងការសងលើថ្លៃចំណាយ។
Grab for Business បានបម្រើជូនដល់អតិថិជនជាក្រុមហ៊ុននៅតាមបណ្ដាប្រទេសចំនួន៨ ដែល Grab ធ្វើប្រតិបត្តិការ ដែលក្នុងនោះមាន សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ ក្រុមហ៊ុននានា អាចទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះនៅត្រង់តំណនេះ ៖ www.grab.com/kh/business/៕
Source: Kampuchea Thmey Daily
0 Comments