Ad Code

ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង​ ត្រូវ​ចោរប្លន់​យក​ទៅ​បាត់ ​នៅ​សង្កាត់​ព្រែកកំពឹស



ភ្នំពេញ ៖ យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​តាំងពី​ខេត្ត​តាកែវ​ចូល​មក​រាជធានី​ភ្នំពេញ​យប់​ស្ងាត់ ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​០៦​នាក់ ​ជិះ​ម៉ូតូ​០៣​គ្រឿង ដេញ​តាម​ពី​ក្រោយ​ រួច​ធាក់​ឲ្យ​ដួល និង​វាយ​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ រួច​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​

ករណី​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​០៤​ទៀបភ្លឺ ​ឈានចូល​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ រោង​ម៉ាស៊ីន​កិនស្រូវ តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ឈ្មោះ ឆាយ ចាងណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លាង​រថយន្ត នៅ​ម្ដុំ​ផ្សារ​បឹង​ត្របែក ស្នាក់នៅ​កន្លែងធ្វើការ និង​មាន​ស្រុកកំណើត ភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុង​ទ្រាំង ខេត្ត​តាកែវ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1Q-1857 ជិះ​ចេញពី​ស្រុកកំណើត​បំណង​ចូល​មក​ក្រុងភ្នំពេញ​មក​កន្លែងធ្វើការ​ម្តុំ​ផ្សារ​បឹងត្របែក ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០២ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​រង្វង់​មូល​ស្រី​កង​ស្រូវ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​០៦​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង ក្នុង​នោះ​០២​គ្រឿង ម៉ាក​ហុងដា និង​០១​គ្រឿង​ទៀត ម៉ាក Duke (​មិន​ចាំ​ស្លាក​លេខ​) បាន​ជិះ​ដេញ​តាម​ពី​ក្រោយ​រូបគាត់ លុះដល់​ចំណុច​កើតហេតុ​ ជនសង្ស័យ​បាន​កៀរ​ម៉ូតូ​រូបគាត់​ឲ្យ​ដួល​ រួច​ធ្វើ​សកម្មភាព​វាយ​ទៅលើ​រូបគាត់​បន្ថែមទៀត បណ្ដាល​ឲ្យ​រងរបួស​ក្បាលជង្គង់ និង​កែងដៃ​ផង​ដែរ ហើយ​ប្លន់​យក​ម៉ូតូ​គាត់​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព។​

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ បាន​ត្រឹមតែ​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​តែប៉ុណ្ណោះ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu