ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែវិច្ឆិកា បានកសាងសំណុំរឿងបញ្ជូនចោរជំនាញខាងលួចរថយន្ត ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីរូបគេធ្វើសកម្មភាពកាលពីវេលាម៉ោង១៨និង៥៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៥៤ ផ្លូវលំ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅរួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ជនរងគ្រោះម្ចាស់រថយន្តឈ្មោះ ហុង មករា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ លក់ដូរ។ ដោយឡែកជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ថៃ វិណូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកមើលថែរថយន្ត។
មន្ត្រីអាវុធហត្ថរាជធានីបន្តថា លុះដល់មកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៤០នាទី នៅចំណុចមុខវិទ្យាល័យបាក់ទូក ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា បានសហការជាមួយជនរងគ្រោះឃាត់ជនសង្ស័យយកមកសាកសួរ។ តាមការបំភ្លឺជនសង្ស័យបានសារភាពថា ខ្លួនពិតជាយករថយន្តរបស់ជនរងគ្រោះយកទៅលក់ពិតប្រាកដមែន។
ប្រភពបន្តទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments