Ad Code

អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​ប្រកាស​មិន​គាំទ្រ​ជំហរ​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​បបួល​សម្តេច​នាយក​រដ្ឋមន្ត្រី​ភ្នាល់​ដាក់​សេរីភាព​លោក កឹម សុខា



ភ្នំពេញ​ ៖ ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​បាន​មក​ជំទាស់​ជា​បណ្តើរៗ​ហើយ ទាក់ទង​ទៅ​អ្វីដែល​ទណ្ឌិត សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ចេញមុខ​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​គ្នា​រឿង​ដោះលែង​ជន​ត្រូវ​ចោទ កឹម សុខា នាពេលខាងមុខ ដោយ​សំអាង​ថា យុទ្ធសាស្ត្រ​ដែល​មេដឹកនាំ​របស់​ខ្លួន​យកទៅ​ប្រើ​នោះ ជា​យុទ្ធសាស្ត្រ​ខុស​។

លោក ហ៊ុន កុសល ដែល​គេ​ស្គាល់​ថា ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​តាំងពី​ដើម​នោះ បានប្រកាស​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ថា លោក​គឺជា​អ្នកគាំទ្រ​គណបក្ស​សម រង្ស៊ី តាំងពី​បង្កើត​ដំបូង រហូតមកដល់​បច្ចុប្បន្ន ហើយក៏​នៅតែ​គោរព​ស្រឡាញ់​ដដែល​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ខ្ញុំបាទ ហ៊ុន កុសល ជា​អ្នកគាំទ្រ គណបក្ស សម រង្ស៊ី តាំងពី​គណបក្ស​បង្កើត​ដំបូង រហូតមកដល់​បច្ចុប្បន្ន ខ្ញុំ​នៅ​គោរព​ស្រឡាញ់​លោក​ប្រធាន​ដដែល ប៉ុន្តែ​ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ មិន​គាំទ្រ​សារ​នយោបាយ​របស់លោក​ប្រធាន​ចុងក្រោយ ដែល​បបួល​លោកនាយក​រដ្ឋមន្ត្រី​ភ្នាល់​គ្នា​ដាក់​សេរីភាព ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ស្មារតី​សាមគ្គី​របស់​បក្ស​សង្គ្រោះ​ជាតិ​។ ខ្ញុំ​ប្រកាស​ជំទាស់​មេ ខ្ញុំ​មិនអាច​រុញ​មេ​ទម្លាក់​ទឹក​ទេ ខ្ញុំ​នៅតែ​ប្រកាន់​ថា យុទ្ធសាស្ត្រ​ភ្នាល់ ជា​យុទ្ធសាស្ត្រ​ខុស​”​។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក ហ៊ុន កុសល បាន​បញ្ជាក់​ទៀតថា “​ការមិនទុកចិត្ត​គ្នា​រវាង​អ្នកនយោបាយ​ជាន់ខ្ពស់​របស់​សង្គ្រោះ​ជាតិ គឺ​កាច​សាហាវ​ជាង​ជំងឺមហារីក​ទៅទៀត​”​។

ភាសា​ចុងក្រោយ​របស់​លោក ហ៊ុន កុសល គេ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ទេ ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា លោក ហ៊ុន កុសល ពិតជា​ចង់​និយាយ​ពី​ជំហរ​នយោបាយ​របស់​លោក សម រង្ស៊ី ទៅលើ​លោក កឹម សុខា ។ ពីព្រោះ ក្រោយពី​លោក សម រង្ស៊ី បាន​ប្រើ​យុទ្ធសាស្ត្រ​មួយ​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​នោះ មាន​អ្នកវិភាគ និង​សកម្មជន​អ្នកគាំទ្រ ក៏ដូចជា​អតីត​មេដឹកនាំ​នៅក្នុង​គណបក្ស​ប្រឆាំង​ជាច្រើន​បាន​ចេញ​មក​ថ្កោលទោស​លោក សម រង្ស៊ី ដោយ​អះអាង​ថា លោក សម រង្ស៊ី មិន​គួរ​យក​សេរីភាព​របស់លោក កឹម សុខា មក​ធ្វើជា​ល្បែងភ្នាល់​គ្នា​នោះទេ ហើយ​មាន​អតីត​មេដឹកនាំ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​អះអាងថា ការដែល​លោក សម រង្ស៊ី លើកយក​សេរីភាព​របស់​លោក កឹម សុខា មក​ធ្វើជា​ល្បែងភ្នាល់​នោះ ដើម្បី​ញោះ​កុំ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ដោយ​សំអាង​ថា ខ្លាច​គេ​ផាត់​ខ្លួន​ចោល​ឲ្យ​នៅ​ក្រៅ​សង្វៀន​នយោបាយ​។

ចំណែក​លោក គង់ គាំ ដែល​ជា​អតីត​ថ្នាក់ដឹកនាំ​មួយរូប​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​លើក​ឡើង​ថា សុខៗ​ស្រាប់តែ​លើកយក​ការ​ដោះលែង​លោក កឹម សុខា ធ្វើជា​ល្បែងភ្នាល់ ហើយ​លោក​បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ខ្លាច​លោក កឹម សុខា ត្រូវ​ដោះលែង ឬ​ខ្លាច​គេ​ទុក​ខ្លួន​ក្រៅ​កញ្ចប់​? តាម​លោក គង់ គាំ សេចក្តី​សង្ឃឹម​ទាំង​អ្នកគាំទ្រ មាន​គន្លឹះ​តែមួយគត់ គឺ​ខ្មែរ និង​ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​របស់​ខ្លួន​ដោយ​ខ្លួនឯង ប៉ុន្តែ​បើ​លោក សម រង្ស៊ី ធ្វើ​បែបនេះ ក្ដី​សង្ឃឹម​ទាំងអស់​ត្រូវ​បាន​រលាយខ្សុល។

សូមបញ្ជាក់​ថា កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨ លោក សម រង្ស៊ី បាន​សរសេរ​ប្រកាស​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ផ្លូវការ​របស់ខ្លួន ដោយ​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​គ្នា​លើ​ករណី​ការ​ដោះលែង​លោក កឹម សុខា​។ ក្នុងការ​ភ្នាល់​នេះ លោក សម រ​ង្ស៉ី បាន​កំណត់​ថា បើសិន​មានការ​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាង​យូរ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ ខាងមុខ​នោះ សម្តេច​តេ​ជោ នឹង​ចុះ​ចេញពី​តំណែង តែបើ​សិន​មិន​មាន​ការ​ដោះលែង​ទេ លោក សម រង្ស៊ី នឹង​ស្ម័គ្រចិត្ត​ប្រឈម​ចំពោះមុខ​ច្បាប់ ដោយ​ចូល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ដើម្បី​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​។

ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​តាមរយៈ​បណ្តាញ​ព័ត៌មាន FN ថា សម្តេច​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ដោយ​បញ្ជាក់​ថា ប្រសិនបើ​លោក​សម រង្ស៊ី ចាញ់​ក្នុង​ការ​ភ្នាល់​លើក​នេះ ត្រូវ​ហ៊ាន​ចូល​ឲ្យ​ចាប់ខ្លួន ដើម្បី​អនុវត្ត​ទោស​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu