Ad Code

ដេក​មិន​ព្រម​ក្រោក ​ពេល​នាំគ្នា​អើតមើល ​ទើប​ដឹង​ថា​ស្លាប់​



​ភ្នំពេញ ៖ បុរស​ជា​បុគ្គលិក​សហគ្រាស​ផលិត​ថ្នាំពេទ្យ​ម្នាក់ បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​គ្មាន​អ្នកណា​ដឹង​នោះទេ​ ដោយមាន​ការសង្ស័យ ​ព្រោះ​មិនឃើញ​ទៅធ្វើ​ការ​ ទើប​គោះទ្វារ​ហៅ​មិន​ឮសូរ​ឆ្លើយតប ពេល​អើត​មើល ឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត់ទៅហើយ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៦​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​ស្ថិតនៅ​បន្ទប់​ជួល​លេខ​១៥ ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ​សែន​ជ័យ។​

ជនរងគ្រោះ​ឈ្មោះ អ៊ីវ ណា​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ស​ហ​គ្រាស​ផលិត​ឱសថ​PPM ស្នាក់នៅ បន្ទប់​ជួល លេខ​១៥ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​វាល​ប្រិ​យ៍ ឃុំ​ចំបក់ ស្រុក​បាទី ខេត្ត​តាកែវ។ មាន​ប្រពន្ធ​ឈ្មោះ ណៃ ស្រី​នាង អាយុ​៣៣ មុខរបរ​មេផ្ទះ មាន​កូន​ចំនួន​២​នាក់ ប្រុស​១​នាក់ ​ស្រី​១​នាក់ រស់នៅ​ភូមិ​ទ្រា ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្ដេច ខេត្ត​​ព្រៃវែង។​

តាម​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មក​ស្នាក់នៅ​បន្ទប់​ជួល​តែម្នាក់ឯង​ទេ រីឯ​ប្រពន្ធ​នៅ​មើល​ថែកូនៗ​នៅឯ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង រហូតមកដល់​ព្រឹក​ថ្ងៃនេះ ​ក៏​មានរឿង​បែបនេះ​តែម្ដង។​

តាម​សម្ដី​បុរស ​ឈ្មោះ សុខ ណា​ង អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ព្រឹក ជនរងគ្រោះ​តែងតែ​ភ្ញាក់​ក្រោក​ពី​ដំណេក ម៉ោង​៦​ព្រឹក ហើយ​ចាក់​ចម្រៀង តាម​ធុងបាស មុន​រៀបចំខ្លួន​ទៅ​ធ្វើ​ការងារ តែ​សម្រាប់​ព្រឹក​កើតហេតុ​នេះ មិន​ឮសូរ ចាក់​ចម្រៀង មិន​ឃើញ​ក្រោក​ ងើប​ចេញ​ក្រៅ​ដូច​សព្វដង មិនបាន​ចាប់អារម្មណ៍ រហូតដល់​វេលា​ម៉ោង​៧​ជាង​ទៅ​ហើយ នៅតែ​មិនឃើញ​ចេញ​ក្រៅ​បន្ទប់​ទៀត ទើប​អ្នកជិតខាង​៥​ ទៅ​៦​នាក់ ងឿងឆ្ងល់ ក៏​គោះ​ទ្វារ​ហៅ មិន​សូរ​ឆ្លើយ ដាក់​ជណ្ដើរ​ឡើង​អើតមើល ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​ទៅ​ហើយ ឃើញ​ដូច្នេះ​ក៏​នាំគ្នា​ឆោឡោ ប្រាប់​ទៅ​ម្ចាស់​ផ្ទះ​ជួល រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះមក​ពិនិត្យ និង​ប្រាប់​សាច់ញាតិ​មក​មើល​ជាក់ស្ដែង រួច​សាច់ញាតិ​មក​គាស់​ទ្វារ​បើក​មើល​ឃើញ​ពិតជា​ស្លាប់​បាត់​មែន​។​

សាកសព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច ឃើញ​ថា​ស្លាប់​ដោយ​ជំងឺ​ខ្យល់គរ ពុំមាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ រួច​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ដោយ​ពុំ​មាន​ប្ដឹងផ្ដល់​អ្វី​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu