ភ្នំពេញ ៖ យុវជន២នាក់ ខណៈពេលកំពុងឈរចាំមិត្តភ័ក្ដិនៅក្បែរហាងចិនមួយកន្លែង ស្រាប់តែមានក្រុមចោរមួយក្រុមមានបក្ខពួក៥នាក់ជិះម៉ូតូពីរគ្រឿងមកឈប់ក្បែរ ហើយទាញដាវមកដេញកាប់ជនរងគ្រោះម្ចាស់ម៉ូតូបណ្ដាលឲ្យរបួសដៃ ពេលដែលជនរងគ្រោះខំរត់គេចពីការតាមកាប់ទើបចោរឆ្លៀតយកម៉ូតូជិះគេចខ្លួនទៅបាត់អស់ កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង ក្បែរភោជនីយដ្ឋាន ញ៉ូវថោនក្នុងបុរីញ៉ូវថោន ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
គេតែងសង្កេតឃើញថា ក្រុមចោរស្ទាវៗភាគច្រើនតែងបង្កបទល្មើសក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យញឹកញាប់ណាស់ ទោះបីកន្លងមកមានការបង្ក្រាបចាប់ខ្លួនជាញឹកញយក្ដីក៏ហាក់នៅមិនថមថយដែរ ពោលគឺក្រុមនេះ នៅតែមានបក្ខពួកគ្នាខ្នងមិនចេះអស់ អាចនិយាយបានថា ខណ្ឌពោធិ៍សែនជ័យ ប្រៀបដូចជាសម្បុកក្រុមជនល្មើសលាក់ខ្លួនអីចឹង ព្រោះករណីបែបនេះតែងកើតមានឡើងញឹកញាប់ណាស់។
ម៉ូតូដែលជនសង្ស័យប្លន់ម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CO -7617 ស៊េរី២០១៤ ឡើងស៊េរី២០១៦។
ជនរងគ្រោះឈ្មោះ គិន ម៉េងគាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិវ៉ារិន ស្រុកកងមាស ខេត្តកំពង់ចាម។
ជនរងគ្រោះម្នាក់ទៀត ឈ្មោះ រ៉ាន់ ឌី អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ ចំនួន២គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥មិនចាំស៊េរីទាំង២គ្រឿង។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់កំពុងឈរចាំមិត្តភ័ក្ដិនៅក្នុងហាងចិន យីហោ ឆាវ ស៊ីង ជិតកន្លែងកើតហេតុ បន្ទាប់មកស្រាប់តែមាន ជនសង្ស័យគ្នា៥នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ទាំង២ ដោយមិនចាំស៊េរី បានធ្វើសកម្មភាពយកដាវដេញកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យត្រូវចំនួនមួយដាវចំកំភួនដៃខាងស្តាំបណ្ដាលឲ្យជនរងគ្រោះ ភ័យ រត់ចោលម៉ូតូ ហើយត្រូវក្រុមជនសង្ស័យយកម៉ូតូជនរងគ្រោះជិះគេចចេញទៅបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរងគ្រោះ តេប្ដឹងសមត្ថកិច្ចភ្លាមៗ បន្ទាប់មក លោកនាយប៉ុស្តិ៍ចោមចៅ៣បានមកដល់កន្លែងកើតហេតុ ដើម្បីសាកសួរព័ត៌មានពីជនរងគ្រោះងាយស្រួលក្នុងការស៊ើបអង្កេតរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់ តែជនរងគ្រោះពេលភ្លាមៗមិនទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយទេ ដោយសារមិត្តភ័ក្ដិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីព្យាបាលសិនចាំពេលថ្ងៃនឹងមកដាក់ពាក្យបណ្ដឹងជាក្រោយ៕
Source: Kampuchea Thmey Daily
0 Comments