ធឿន ធី ជម្រះបញ្ជីជាមួយ ហេង វាសនា
ប្រដាល់ ៖ សរ រាជសីហ៍ អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ Hosein Nasiri នៅលើសង្វៀនBoostrong On Fire របស់ SEATV នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
រាជសីហ៍ អ្នកប្រដាល់ជើងចាស់របស់កម្ពុជា និងអ្នកប្រដាល់អ៊ីរ៉ង់ Hosein Nasiri ពួកគេទាំងពីរជួបប្រកួតគ្នាក្នុងទម្ងន់៧៥គីឡូក្រាម។ ពីរនាក់នេះ មិនដែលប៉ះគ្នាទេពីមុនមក។
ជាលើកទី៤ហើយនៅឆ្នាំ២០១៨នេះ ដែល សរ រាជសីហ៍ ត្រូវគេផ្ដល់ឱកាសឲ្យជួបប្រកួតជាមួយអ្នកប្រដាល់បរទេសនេះ។
Hosein Nasiri គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកហើយ ដែលការមកលើកចុងក្រោយ(១៥កញ្ញា២០១៨) គេបានផ្ដួលយកឈ្នះយុគ យក្សគីល អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ក្នុងទឹកទី២។ អ្នកប្រដាល់អ៊ីរ៉ង់រូបនេះ គេមានស្នៀតប្រដាល់ល្អ ដោយគេចេះទាំងស្នៀតជង្គង់ កែងស្ទាត់ថែមទៀត។
សរ រាជសីហ៍ ជាអ្នកប្រដាល់ជើងចាស់ធ្លាប់ហែលឆ្លងកាត់ប្រកួតជាមួយបរទេស ពិសេសជាមួយថៃ ច្រើនលើកណាស់មកហើយ កាលពីគេនៅមានឈ្មោះបោះសំឡេង ហើយពេលនេះគេក៏នៅតែល្អនិងខ្លាំងដដែល។
យ៉ាងណា ប៉ះជាមួយអ្នកប្រដាល់អ៊ីរ៉ង់ Hosein Nasiri ដែលទើបប្រកួតបាន៣៨លើក ឈ្នះ២៧លើក ចាញ់១១លើក ប្រហែលជាមិនពិបាកប៉ុន្មានឡើយ។ ប៉ុន្តែលើកនេះ សរ រាជសីហ៍ ប្រហែលជាប្រឈមការលំបាករឿងចាញ់កម្លាំងស៊ុហ្វ ព្រោះអ្នកប្រដាល់អ៊ីរ៉ង់នេះ គេមានកម្លាំងកាយសម្បទារឹងមាំ ខ្លាំងជាង។ ប៉ុន្តែបញ្ហាកម្ពស់ គឺមិនចោទទេ ដោយពួកគេទាំងពីរមានកម្ពស់ស្មើគ្នា គឺ១,៧៣ម៉ែត្រដូចគ្នា។
ទោះជាយ៉ាងនេះក៏ដោយ ក៏សង្ឃឹមថា សរ រាជសីហ៍ នឹងយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ Hosein Nasiri បានមិនខាន។ សរ រាជសីហ៍ មានកំណត់ត្រាប្រកួតចំនួន៦៧លើក ឈ្នះ៥៥លើក ចាញ់១២លើកមិនដែលស្មើ។
Hosein Nasiri គេធ្លាប់មកប្រកួតនៅសង្វៀនSEATVនេះម្តងពីរដងហើយកន្លងមក ដែលមកលើកទី១ គេចាញ់ ឯម ឡេងលី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យក្នុងទឹកទី១ និង លើកទី២ គេវាយឈ្នះយុគ យក្សគីល ក្លិបកងចក្ររាជសីហ៍មានរិទ្ធក្នុងទឹកទី២។
អ្នកប្រដាល់អ៊ីរ៉ង់រូបនេះ គេខ្លាំងគួរសមដែរ។ យ៉ាងណា ប៉ះជាមួយ សរ រាជសីហ៍ Hosein Nasiri ក៏មិនជាស្រួលប៉ុន្មានដែរ ព្រោះថារាជសីហ៍ គេវាយបុកខ្លាំង កណ្ដាប់ដៃខ្លាំង ទម្ងន់ជើងក៏ធ្ងន់ដែរ។ តែយ៉ាងណា សរ រាជសីហ៍ ក៏ត្រូវប្រយ័ត្នដែរ សម្រាប់ការប្រកួតលើកនេះ។ ដូច្នេះចាំមើល តើ យុគ យក្សគីល អាចយកឈ្នះអ្នកប្រដាល់បារាំងJulien នេះ បានឬអត់?។
ចំពោះ ធឿន ធី អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ត្រូវគេផ្គូផ្គងឲ្យជួបជម្រះបញ្ជីជាមួយហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹងមានរិទ្ធខេត្តបាត់ដំបង ដោយជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
ពីរនាក់នេះ ធ្លាប់ជួបគ្នាជួបគ្នាម្តងហើយ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដោយវាយស្មើពិន្ទុគ្នា ។ ធឿន ធី និង ហេង វាសនា មានកម្លាំងស៊ុហ្វប្រហាក់ប្រហែលគ្នា ឯបច្ចេកទេសក៏មិនជាស៊ីសងគ្នាប៉ុន្មានដែរ។ ធឿន ធី គេមានកណ្ដាប់ដៃល្អ ស្នៀតជើងទាត់ខ្លាំង ហើយស៊ូក្នុងការប្រកួតថែមទៀត។ គេប្រកួតចុងក្រោយ វាយចាញ់ មុត ខ្លឹមខ្មៅ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ ដោយពិន្ទុ។
ហេង វាសនា គេក៏មានស្នៀតទាត់ល្អដែរ។ជាមួយនេះ វាសនា នៅមានកណ្ដាប់ដៃខ្លាំង រហ័ស និងលឿនផងដែរ។ គេប្រកួតចុងក្រោយ គឺវាយឈ្នះអ្នកប្រដាល់បារាំងNajib ដោយពិន្ទុ។ ចាំមើល តើជួបគ្នាលើកទី២នេះ ធឿន ធី គេអាចយកឈ្នះ ហេង វាសនា បានឬអត់?។
ចំណែក ហ៊ឹម គឹមរៀង អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ នឹងជួបប្រកួតជាមួយ អេ ហនុមាន អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments