ភ្នំពេញ ៖ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum សមាជិករាជវង្សអារ៉ាប់រួមអេមីរ៉េត និង សហការី ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កាលពីថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានមកទស្សនា សមិទ្ធផលសាសនាសំខាន់ៗនៅរាជធានីភ្នំពេញ ដែលជាអំណោយសប្បុរសធម៌របស់សប្បុរសជនប្រទេសអារ៉ាប់រួម ហើយក៏ត្រូវបាន អញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកផងដែរ។
ក្នុងដំណើរទស្សនកិច្ចនោះ ព្រះអង្គបានអញ្ជើញទស្សនាព្រះវិហារឥស្លាម អាំម៉ើត ពិនយ៉ាសៀត នៅគីឡូម៉ែត្រ លេខ០៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ជាបដិភាគថវិការបស់ លោក ខាឡេត សារ៉ាហិលនៅក្រុងឌូបៃ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៧ ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ នេះគឺជាព្រះវិហារឥស្លាមដំបូងគេបង្អស់ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធ។
សូមបញ្ជាក់ផងដែរថា នៅជាប់របងព្រះវិហារមួយនេះ គឺជាសាលារៀនឌូបៃឥស្លាមភ្នំពេញ ដែលជាការឧបត្ថម្ភរបស់សប្បុរសជនអារ៉ាបរួមផងដែរ ដែលមានចំនួន១០បន្ទប់ ដោយឃើញថាសាលារៀនមួយនេះមានសភាពចាស់ទ្រុឌទ្រោម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញទទួលទានអាហារស្រាយបួសរ៉ាម៉ាឌនរបស់សាសនិកឥស្លាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់អគារសិក្សាថ្មី ជំនួសវិញ មានចំនួន២៤បន្ទប់ ដែលបានសាងសង់ ហើយពេលនេះជិតរួចរាល់ជាស្ថាពរហើយ។
ព្រះវិហារឥស្លាម ហាជះ ម៉ារ៉ីយ៉ុំ គីឡូម៉ែត្រលេខ០៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ អំណោយ របស់លោក អាប់ឌុល ហ្គាហ្វា អាល់ឃូរី នៅទីក្រុង អាពូដាពី សម្ដេចទាំងទ្វេបានសម្ពោធនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ទីតាំងព្រះវិហារធំអាល់សារកាល់ ស្ថិតនៅបឹងកក់ ខណ្ឌដូនពេញ អំណោយរបស់ លោក អ៊ីសា ពិនណាសៀត អាល់សារកាល់ នៅទីក្រុង ឌូបៃ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។
ការអញ្ជើញទស្សនាសមិទ្ធផលនានានេះ ធ្វើឡើងបន្ទាប់ពីព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum និងសហការីបានអញ្ជើញ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments