ភ្នំពេញ ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ នៅប្រទេសកម្ពុជា។
ពិធីនេះធ្វើឡើង នៅសារមន្ទីរជាតិកម្ពុជានារសៀលថ្ងៃ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានម្ចាស់ហត្ថលេខី លោក William (Bill) A. Heidt, ឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចព្រមព្រៀងទី១ គឺការបន្តនូវអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា” សម្រាប់រយៈពេល៥ឆ្នាំ២០១៨ -២០២៣។ វាគឺជាការបញ្ជាក់ឡើងវិញ នូវអនុស្សរណៈ នៃការយោគយល់ ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០៣ ដោយត្រូវបានបន្តតាមរយៈសារលិខិតផ្លាស់ប្ដូរគ្នា នៅឆ្នាំ២០០៨ ហើយត្រូវបានកែប្រែ និងបន្តដោយសារលិខិតផ្លាស់ប្ដូរគ្នា នៅឆ្នាំ២០១៣។
អនុស្សរណៈ នៃការយោគយល់នេះមានបំណងកាត់បន្ថយការជំរុញឲ្យមានការលួចប្លន់ប្រភេទវត្ថុបុរាណដែលតំណាងឲ្យកេរដំណែលវប្បធម៌ដ៏មានតម្លៃ និងសម្បូរបែបរបស់កម្ពុជា ដែលមានតម្លៃមិនអាចរកអ្វីជំនួសបាន។
ដោយអនុលោមទៅតាមច្បាប់របស់ខ្លួនរួមមាន អនុសញ្ញាស្ដីពីច្បាប់អនុវត្តលើសម្បត្តិវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើការរឹតត្បិតលើការនាំចូលទៅក្នុងសហរដ្ឋអាមេរិក នូវវត្ថុបូរាណខ្លះ មួយចំនួន គិតចាប់ពីយុគសម័យសំរឹទ្ធ (ឆ្នាំ ១៥០០ មុនគ្រិស្តសករាជ) រហូតដល់យុគសម័យខ្មែរ (ឆ្នាំ ១៦០០ ក្រោយគ្រិស្តសករាជ) ដែលអាចរួមមានប្រភេទថ្ម លោហធាតុ កុលាលភាជន៍ កែវ និងឆ្អឹងមួយចំនួន ដែលត្រូវបានកំណត់ភិនភាគដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ល្គឹកណារដ្ឋាភិបាលកម្ពុជា ចេញអាជ្ញាប័ណ្ណមួយដែលបញ្ជាក់ថា ការនាំចេញបែបនេះមិនរំលោភទៅលើច្បាប់របស់ខ្លួនទេ។
កិច្ចព្រមព្រៀងទី២ គឺកិច្ចព្រមព្រៀងផ្ដល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ ២០១៨ ដែលបានយល់ព្រមហើយ រវាងក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិក នៅភ្នំពេញ ឧបត្ថម្ភដល់អាជ្ញាធរជាតិព្រះវិហារ ដែលមានទឹកប្រាក់ចំនួន២០០.០០០ដុល្លារ និងមានឈ្មោះថា “ការអភិរក្សជណ្ដើរបូរាណផ្នែកខាងជើង របស់ប្រាសាទព្រះវិហារ ដែលត្រូវបានសង់តាំងពីសតវត្សទី១១”។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា រយៈពេល៥ឆ្នាំដំបូង នៃ MOU មានជោគជ័យច្រើន។ វត្ថុបុរាណចំនួនជាង២០ ត្រូវបានបញ្ជូនត្រឡប់មកវិញ រួមទាំងរូបចម្លាក់ពីប្រាសាទកោះកេរ។ ខ្ញុំបានចូលរួមនៅក្នុងពិធីប្រគល់ នៃរបស់ដែលត្រូវបានបញ្ជូនមកពីសារមន្ទីរ Cleveland Museum of Art និងសារមន្ទីរ Denver Art Museum។ លោកអ្នកអាចឃើញរូបចម្លាក់នៅក្នុងសារមន្ទីរជាតិនេះ។ វាគឺជានិមិត្តរូបដ៏ល្អអស្ចារ្យនៃកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការធានាថា វប្បធម៌របស់ប្រទេសកម្ពុជាត្រូវបានថែរក្សា សម្រាប់មនុស្សរាប់ជំនាន់ទៀត នៅកម្ពុជា។
សំខាន់ដូចគ្នានេះដែរ គឺថា MOU នេះផ្ដល់ក្របខ័ណ្ឌសម្រាប់ការខ្ចីបណ្ដោះអាសន្ននូវវត្ថុបុរាណវប្បធម៌ខ្មែរដល់សារមន្ទីរ និងស្ថាប័នវប្បធម៌អាមេរិក។ វាល្អសម្រាប់ទាំងប្រទេសកម្ពុជា ទាំងសហរដ្ឋអាមេរិក ពីព្រោះតាមរយៈកម្ចីនេះ ជនជាតិអាមេរិកអាចឃើញវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដោយផ្ទាល់គម្រោងដ៏មានជោគជ័យទាំងនេះមិនអាចមានទៅបានដោយគ្មានការសហការរបស់យើងជាមួយនឹងក្រសួងវប្បធម៌នោះទេ។ “ខ្ញុំសូមអរគុណជាពិសេសចំពោះលោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការដឹកនាំ និងចក្ខុវិស័យ ដែលអនុញ្ញាតឲ្យយើងពង្រីក និងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការកន្លងមករបស់យើង។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា “នៅចុងខែនេះ ខ្ញុំនឹងបញ្ចប់អាណត្តិរបស់ខ្ញុំ នៅកម្ពុជា ហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ខ្ញុំបានធ្វើការងារលើបញ្ហានានា នៅក្នុងរយៈពេល៣ឆ្នាំនេះ តែគ្មានការងារណាដែលធ្វើឲ្យខ្ញុំពេញចិត្តជាងការជួយអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ហើយជួយនាំវាត្រឡប់មកកន្លែងដើមវិញនោះទេ។ សហប្រតិបត្តិការនេះ គឺជាអ្វីដែលប្រជាជនអាមេរិក និងប្រជាជនកម្ពុជាមានមោទនភាពទៅលើ។”
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ”ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណ និងកោតសរសើរដល់លោក William (Bill) A. Heidt ឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលអាមេរិក ព្រមទាំងសហការីរបស់លោកទាំងអស់ដែលបានចូលក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈវប្បធម៌ និងAFCP នៅសារមន្ទីរជាតិកម្ពុជានាពេលនេះ”។
លោកស្រីបានបន្តថា ការចុះហត្ថលេខា នៃអនុស្សរណៈវប្បធម៌និង AFCP នេះ បានបង្ហាញពីការប្ដេជ្ញា និងការខិតខំដើម្បីសហការ និងពង្រឹងមិត្តភាព និងការយោគយល់គ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីគាំទ្រការថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនខ្មែរ, សហគមន៍អន្តរជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ។
ក្រោមកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចុះហត្ថលេខាបន្តអនុសារណៈយោគយល់ស្ដីពីការដាក់កម្រិតហាមប្រាមនូវការនាំចូលបុរាណវត្ថុរបស់កម្ពុជា, មានវត្ថុសិល្បៈបុរាណវិទ្យាជាច្រើនបានប្រគល់ត្រឡប់មកកម្ពុជាវិញ។
ហេតុដូច្នេះហើយនៅក្នុងបរិបទនេះ ការបន្តអនុស្សរណៈយោគយល់រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នឹងដើរតួជាការបន្តយ៉ាងសំខាន់ និងការពង្រឹងនូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក។
ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈប្រព្រឹត្តិការណ៍ថ្ងៃនេះ នឹងនាំឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះបេតិកភណ្ឌខ្មែរ និងប្រាង្គប្រាសាទនៅកម្ពុជា ក៏ដូចជានាំឲ្យទេសចរពីប្រទេសរបស់លោកអ្នកមកកម្ពុជាកាន់តែច្រើនជាងមុន៕
Source: Kampuchea Thmey Daily
0 Comments