ព្រះសីហនុ ៖ លោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០១៨នេះ បានមានប្រតិកម្ម យ៉ាងខ្លាំងក្លា ក្រោយទទួលបាននៅព័ត៌មាន ពាក់ព័ន្ធ ភាពអនាធិបតេយ្យ នៃការឃុបឃិតគ្នា នេសាទ កូនគ្រែងឈាមតូចៗ ដោយខុសច្បាប់ នៅតំបន់កោះ ខ្យង ស្ថិតក្នុងឃុំអូរជ្រៅស្រុកព្រៃនប់ ដោយ លោក បានចេញបញ្ជាភ្លាមៗ ទៅដល់ មន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេស មន្ត្រីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តព្រះសីហនុឲ្យចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់និងធ្វើការបង្ក្រាប ទៅលើឈ្មួញដែលជួញដូរកូនគ្រែងឈាមយកទៅលក់អោយឈ្មួញនៅប្រទេសវៀតណាម។
ជាមួយគ្នានេះ លោក អភិបាលខេត្តក៏បានធ្វើការបញ្ជាក់ផងដែរថា សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់នៅមូលដ្ឋាន ក៏ត្រូវចូលរួមបង្ក្រាបដែរ ក្នុងករណីជួបការដឹកជញ្ជូនកូនគ្រែងឈាម យកទៅលក់នៅប្រទេសវៀតណាម គឺធ្វើយ៉ាងណា លុបបំបាត់ឲ្យបានទាំងស្រុងនូវ ជំនួញជួញដូរ ក៏ដូចការនេសាទ កូនគ្រែង ខុសច្បាប់បែបនេះតទៅទៀត។
ក្រោយពីមានប្រតិកម្ម ពីសំណាក់ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ រួចមក នៅរសៀលថ្ងៃដដែលនោះ គេសង្កេតឃើញ លោកឯម ភា នាយខណ្ឌរដ្ឋបាល ជលផលកំពង់សោម បានដឹកនាំ ក្រុមមន្ត្រីរបស់ខ្លួនចុះធ្វើការ បង្ក្រាប ក្រុមអ្នកនេសាទកូនគ្រែឈាមផងដែរ និងបានដកហូត កូនគ្រែងឈាមបាន មួយចំនួន នាំយកទៅប្រលែង ក្នុង សមុទ្រវិញ។ ដោយសកម្មភាពចុះបង្ក្រាបរបស់លោក ឯម ភា នាពេលនេះ មើលទៅ ដូច ជាយកចិត្តទុកដាក់បំផុត។
គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុង រយៈពេល ជាងកន្លះខែនេះ សកម្មភាព នេសាទ កូនក្រែង ឈាម ដោយខុសច្បាប់ បានកើត ឡើង ទាំងថ្ងៃទាំងយប់ ពេញលើផ្ទៃសមុទ្រយ៉ាង ពេញបន្ទុក ក្នុងតំបន់ ទឹករាក់ដែលជាតំបន់ហាមឃាត់ មិនអនុញ្ញាត ឲ្យធ្វើការនេសាទ។ ដោយ ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ បានប្រើប្រាស់ ម៉ង ស្បៃ អូសក្នុងបាតសមុទ្រ ដើម្បី ប្រមូលយកកូនគ្រែង ដែលទើបនឹងកកើត មានទំហំតូចៗ ប៉ុនៗ កន្ទុយធូប ដោយក្នុង មួយ គីឡូក្រាម មាន ចំនួនមិនតិចជាង១៥០០គ្រាប់ ទៅ៥០០០គ្រាប់នោះឡើយ។ កូនគ្រែង ឈាមដែលនេសាទបានទាំងអស់ ត្រូវបាន នាំយកទៅស្ត្រីម្នាក់ ឈ្មោះ ចែនី ដែលជាឈ្មួញ ដ៏ធំ ជាងគេ ប្រចាំតំបន់ កោះ ខ្យងនេះតែម្តង ក្នុងតម្លៃក្នុងមួយគីឡូចាប់ពី៣០០០០រៀល ទៅ ៥០០០០រៀល ហើយ ស្ត្រី ឈ្មោះ ចែនី នេះ នាំយកទៅលក់បន្ត នៅប្រទេស វៀតណាម ក្នុងមួយគីឡូក្រាម ចាប់ពី២៥ដុល្លារ ទៅ៣០ដុល្លារ ប៉ុណ្ណោះ។
អ្វី ដែលគួរឲ្យ ចាប់អារម្មណ៍នោះគឺ រាល់សកម្មភាពនៃការទិញលក់ ឬនាំកូនគ្រែងឈាម ចេញទៅលក់ នៅ ប្រទេស វៀតណាមរបស់ស្ត្រីឈ្មោះ ចែនី នេះ គេពុំដែល ឃើញមានសមត្ថកិច្ចណាចុះធ្វើការ បង្ក្រាប ឲ្យបានម្តងនោះទេ។ ចំណុចនេះសបញ្ជាក់ឲ្យឃើញថា ទង្វើនេះគឺជាការឃុបឃិតគ្នា យ៉ាងពិតប្រាកដ ពីព្រោះទីស្នាក់ការ របស់រដ្ឋបាលជលផល ដែលមានមន្ត្រី ប្រចាំការ ជាប់ជាប្រចាំ នៅមិនឆ្ងាយពីទីតាំងប្រមូលទិញកូនគ្រែង របស់ ស្ត្រី ចែនី នោះឡើយ។ ជាមួយនឹង ការដាក់បទបញ្ជារបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ខាងលើនេះ ប្រជាពលរដ្ឋរស់ នៅ តំបន់ កោះខ្យងបានសម្តែង ការគាំទ្រយ៉ាងពេញទំហឹង ដោយសង្ឃឹមថា បទបញ្ជារបស់ លោក យន្ត មីន នាពេលនេះនឹងមានប្រសិទ្ធភាព ដើម្បី ទប់ស្កាត់ និងរក្សា នូវ ធនធានធម្មជាតិ ល្អ ប្រសើរឡើងវិញ តែបើមិនដូចច្នេះទេ ច្បាស់ជាវិនាសហិនហោចអស់ហើយ៕
Source: Kampuchea Thmey Daily
0 Comments