Ad Code

កីឡាករ ច្រឹង ពលរដ្ឋ ត្រៀម​ចេញ​ចូលរួម​ជាមួយ​ក្លិបBuriram United នៅ​ខែ​ក្រោយ



កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើកណ្ដាលប្រចាំក្រុមក្រសួងការពារជាតិ ដែលជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧ ត្រូវបានក្លិបធំជាងគេនៅប្រទេសថៃគឺ Buriram United ប្រកាសចុះកិច្ចសន្យានាំយកទៅចូលរួមក្រុមកាលពីដើមសីហា ឆ្នាំ២០១៨ថ្មីៗនេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។

ក្លិប Buriram United ​បាន​ប្រកាស​ថា​ការ​ចុះ​កិច្ចសន្យា​ជាមួយ ​ច្រឹង ពលរដ្ឋ ​គឺ​ដើម្បី​បំពេញ​កៅអី​កូតាអាស៊ាន​នៅ​ក្នុង​លីគ​កំពូល​ប្រទេស​ខ្លួន​ ពោលគឺក្លិបនីមួយៗអាចចុះបញ្ជីកីឡាករបរទេសបាន​៥នាក់​ដោយ​ក្នុងនោះមានកីឡាករតំបន់អាស៊ាន១នាក់ តំបន់អាស៊ី១នាក់និង៣នាក់ផ្សេងទៀតមិន​កំណត់​ជាតិ​សាសន៍។ កីឡាករកម្ពុជា ទី៣​ដែល​ទៅលេង​នៅ​លីគ​កំពូល​ថៃ ​រូបនេះ​ទទួល​បាន​ប្រាក់​កម្រៃ​ប្រមាណ​ជាង​៥ពាន់ដុល្លារ ក្នុងមួយខែ បូកទាំងរថយន្ដមួយគ្រឿង​ និង​ខុនដូ១​ទៀត​​ សម្រាប់​រស់​នៅ​ប្រកប​អាជីពទៅនោះ។

កីឡាករខ្សែបម្រើកណ្ដាលរូបនេះបានរងរបួសយារសរសៃជង្គង់ខាងស្តាំ នៅក្នុងប្រកួតសប្តាហ៍ទី១៧នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៧ ក្នុងជំនួបយកឈ្នះ២ទល់១ លើក្លិបខេមបូឌានថាយហ្គឺរ។ របួសរបស់កីឡាកររូបនេះបានវៈកាត់ព្យាបាលរួចរាល់ហើយ ខណៈរូបគេអាចនឹងជាទាន់ពេលវេលាមុនរដូវកាលថ្មីឆ្នាំ២០១៩ នៅប្រទេសថៃចាប់ផ្តើម។

នៅ​ក្នុងកិច្ចសម្ភាសន៍លើ Youtube របស់ក្លិបកំពូលតារាងលីគកំពូលថៃ​ មួយ​នេះ​កីឡាករ​​ ច្រឹង ​ពលរដ្ឋ ​រំពឹងថា​បទពិសោធន៍​នៅក្រៅ​ប្រទេស​របស់​ខ្លួន​នឹង​ពង្រឹង​សមត្ថភាព​របស់គេ​ឱ្យកាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ​ក្រោយសម្រាកមួយរយៈពេលធំ។ កីឡាកររូបនេះបានឱ្យដឹងថារូបគេនឹងធ្វើដំណើរ​ទៅ​កាន់​ក្លិប Buriram United នៅខែ ធ្នូ ខាងមុខ​ដើម្បី​ហ្វឹកហាត់​ជាផ្លូវការ​ខណៈ​ជា​បណ្តោះអាសន្ន​រូបគេ​កំពុង​ហ្វឹកហាត់ជាមួយក្លិបចាស់ក្រសួងការពារជាតិ សិន។

សូមបញ្ជាក់ថា ច្រឹង ពលរដ្ឋ ធ្លាប់មានពាក្យចចាមអារាមថាក្លិបបាល់ទាត់ Chonburi FC ដែលជាសមាជិកនៃលីគកំពូលប្រទេសថៃ តាមប្រមាញ់យកទៅចូលរួមក្រុម ក្រោយចប់ស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី តែក្រោយមកព័ត៌មាននេះក៏ស្ងប់ទៅវិញ។ មុនរដូវកាលថ្មីឆ្នាំ២០១៧ ចាប់ផ្តើមក៏មានដំណឹងមកពីប្រទេសសិង្ហបុរី មានក្លិបតាមចាប់អារម្មណ៍កីឡាកររូបនេះដែរ តែក៏ស្ងប់ស្ងាត់ជាបន្តទៀត។ រូបក៏បរាជ័យក្នុងការផ្ទេរទៅកាន់ក្លិបចំណូលថ្មីវិសាខា ផងដែរ និងចុងក្រោយលេចឮថាមានក្លិបនៅប្រទេសអេស្ប៉ាញមកទាក់ទងដែរតែមិនមានដំណឹងបន្ថែម។

កីឡាករវ័យ២១ឆ្នាំរូបនេះធ្លាប់ជាសមាជិកក្នុងក្រុមយុវជនថ្នាលប្រចាំក្លិបព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន) ហើយរូបគេត្រូវបានលោក សំ វ៉ាន់ដេត ដាក់ឈ្មោះក្នុងក្រុមឈុតធំចាប់ពីឆ្នាំ២០១០ ដល់២០១៣ ហើយចន្លោះពីឆ្នាំ២០១៣ ដល់២០១៥ រូបគេចូលរួមជាមួយក្រុមត្រាយអាស៊ី (ខេមបូឌានថាយហ្គឺរ បច្ចុប្បន្ន) រហូតចាប់ពីឆ្នាំ២០១៥ដល់បច្ចុប្បន្នរូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ។ កីឡាកររូបនេះធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពី U16,U19,U22 និងជម្រើសជាតិផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu