ភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកបានសន្និដ្ឋានថា រាជទាយាទដ៏មានឥទ្ធិពលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman គឺនៅពីក្រោយការសម្លាប់អ្នកកាសែត Jamal Khashoggi ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយលើកឡើងពីប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ។
ការវាយតម្លៃរបស់អាមេរិកនេះគឺផ្ទុយពីការសន្និដ្ឋានរបស់ព្រះរាជអាជ្ញាអារ៉ាប៊ីសាអ៊ូឌីតនៅមួយថ្ងៃមុនដែលថា ព្រះអង្គម្ចាស់មិនមានជាប់ពាក់ព័ន្ធនៅក្នុងករណីឃាតកម្មដ៏សាហាវនេះទេ។
ប៉ុន្តែកាសែត Washington Post បានរាយការណ៍ថា CIA បានរកឃើញថា ភ្នាក់ងារអារ៉ាប៊ីសាអ៊ូឌីតចំនួន១៥នាក់បានជិះយន្ដហោះរបស់រដ្ឋាភិបាលទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលហើយបានធ្វើឃាតលោក Khashoggi នៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
កាសែតនេះបានរាយការណ៍ថា CIA បានដកស្រង់ប្រភពចារកម្មជាច្រើនដែលក្នុងចំណោមនោះ មានការហៅទូរស័ព្ទរវាងលោក Khashoggi និងបងប្រុសរបស់ព្រះអង្គម្ចាស់ដែលជាឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំសហរដ្ឋអាមេរិក។
ឯកអគ្គរាជទូតត្រូវបានគេរាយការណ៍ថាបានប្រាប់អ្នកសារព័ត៌មានរូបនេះថា គាត់នឹងមានសុវត្ថិភាពក្នុងការទៅស្ថានកុងស៊ុលនៅទីក្រុងអ៊ីស្តង់ប៊ុលនិងទទួលឯកសារដែលគាត់ត្រូវការ។
ប៉ុន្តែអ្នកនាំពាក្យស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា ឯកអគ្គរាជទូត Khalid bin Salman មិនដែលបានពិភាក្សាអំពីអ្វីដែលទាក់ទងនឹងការធ្វើដំណើរទៅប្រទេសទួរគីជាមួយលោក Khashoggi ទេ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ដែលបង្ហោះលើគណនី Twitter របស់ឯកអគ្គរាជទូតបាននិយាយថា “ឯកអគ្គរាជទូត Khalid bin Salman មិនដែលមានការសន្ទនាតាមទូរស័ព្ទជាមួយលោក Khashoggi ទេ”។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា “ការអះអាងនៅក្នុងការវាយតម្លៃនេះគឺមិនពិតឡើយ”។
ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារចារកម្មអាមេរិកក៏បាននិយាយផងដែរថា ក្នុងការកំណត់អំពីតួនាទីរបស់រាជទាយាទដែលគេចាត់ទុកថាជា “អ្នកគ្រប់គ្រងជាក់ស្តែង” នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត, “គ្មានរឿងបែបនេះកើតឡើងដោយព្រះអង្គមិនដឹងឬមិនជាប់ពាក់ព័ន្ធជាមួយព្រះអង្គនោះទេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments