ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា កម្ពុជានៅតែបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិ និងស្ថាប័នអន្តរជាតិដទៃទៀត ដោយមិនរើសអើង ប្រកបដោយការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមក។ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងបែបនេះ តាមរយៈតាមសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការិយាល័យអ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិចំនួនជាង៨៣ភាគរយ ដែលបានចេញទីសំដែងឆន្ទៈ តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន និងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន ដែលជាអធិបតេយ្យ និងបូរណភាព នៃប្រជាជាតិឯករាជ្យ និងជាសមាជិកពេញលេញ នៃអង្គការសហប្រជាជាតិ។
តាមការិយាល័យអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ និងមោទនភាពបំផុត មិនត្រឹមតែការបោះឆ្នោត និងលទ្ធផល នៃការបោះឆ្នោតនោះទេ តែសណ្ដាប់ធ្នាប់ក៏ល្អផងដែរ ដោយមានការចូលរួមពីសំណាក់គណបក្សនយោបាយចំនួន២០ ប្រកួតប្រជែងយកជ័យជំនះ ដើម្បីដឹកនាំរាជរដ្ឋាភិបាល។
ជាលទ្ធផលគណបក្សទាំងអស់នោះ បានឯកភាពអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត និងច្បាប់ស្ដីពីគណបក្សនយោបាយ និងគោរពព្រះរាជតួនាទីព្រះមហាក្សត្រជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយបរិបទនេះដែរ នយោបាយកៀរគរកម្លាំងជាតិ ក្នុងការកសាង និងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើត “ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់” ដើម្បីចូលរួមការងាររដ្ឋ។
ការិយាល័យអ្នកនាំពាក្យលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តពង្រឹងនីតិរដ្ឋ ជាប្រចាំ ដើម្បីផលប្រយោជន៍ប្រជាជាតិ និងការពារដាច់ខាតនូវសិទ្ធិសេរីភាព ក្នុងការសម្រេចជោគវាសនារបស់ខ្លួន ដោយខ្លួនឯង ដែលគ្មានការជ្រៀតជ្រែកពីមជ្ឈដ្ឋានណាមួយ។
ការិយាល័យអ្នកនាំពាក្យ បានសំដែងនូវការគោរព ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសកម្មភាព ទាំងថ្នាក់ជាតិ និងអន្តរជាតិ រហូតទទួលបាននូវការគោរព និងគាំទ្រ ពីគ្រប់វេទិកាអន្តរជាតិ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិ ឬស្ថាប័នអន្តរជាតិដទៃទៀត ដោយមិនរើសអើង ប្រកបដោយការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមក៕
Source: Kampuchea Thmey Daily
0 Comments