ប្រធានាធិបតីអេក្វាឌ័របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លក្ខខណ្ឌត្រូវបានបំពេញសម្រាប់ស្ថាបនិក WikiLeaks លោក Julian Assange ដើម្បីចាកចេញពីស្ថានទូតរបស់ប្រទេសនេះនៅទីក្រុងឡុងដ៍ដែលនេះនឹងបញ្ចប់ការប្រឈមមុខដាក់គ្នារយៈពេលប្រាំមួយឆ្នាំជាមួយអាជ្ញាធរអង់គ្លេស។
ប្រធានាធិបតី Lenin Moreno បានប្រាប់អ្នកយកព័ត៌មានថា “ផ្លូវនេះត្រូវបានត្រួសត្រាយសម្រាប់លោក Assange ដើម្បីធ្វើការសម្រេចចិត្តចាកចេញ”។ លោកបានពន្យល់ថា គាត់នៅតែត្រូវឆ្លើយសំណួរនៅក្នុងចក្រភពអង់គ្លេសសម្រាប់ការរំលោភលើលក្ខខណ្ឌនៃការបង់ប្រាក់ធានា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Moreno បាននិយាយថា ចក្រភពអង់គ្លេសបានធានាថា ជនជាតិអូស្ត្រាលីអាយុ៤៧ឆ្នាំរូបនេះនឹងមិនត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសណាមួយដែលធ្វើអោយជីវិតរបស់គាត់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នោះទេ។
ប្រទេសអេក្វាឌ័របានស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការស្នាក់នៅរបស់លោក Assange អស់រយៈពេលជាច្រើនខែមកហើយស្របពេលមានទំនាក់ទំនងល្អក់កករជាមួយភ្ញៀវស្ថានទូតរបស់ខ្លួនដែលថ្មីៗនេះបានប្តឹងរដ្ឋាភិបាលក្រុង Quito សម្រាប់ការរឹតត្បឹតលើការប្រើប្រាស់អ៊ីនធឺណិតរបស់គាត់។
លោក Assange ដែលទទួលបានកេរ្តិ៍ឈ្មោះជាអន្តរជាតិដោយសារការទម្លាយរឿងសម្ងាត់ធំបំផុតរបស់ក្រសួងការបរទេសនិងមន្ទីរបញ្ចកោណបានបង្ហាញភាពភ័យខ្លាចម្តងហើយម្តងទៀតថា ប្រទេសអង់គ្លេសនឹងធ្វើបត្យាប័នគាត់ទៅសហរដ្ឋអាមេរិកដើម្បីប្រឈមនឹងការចោទប្រកាន់នៅទីនោះ។
ឯកសារសម្ងាត់ចំនួន២៥១ពាន់ដែលយកចេញពីស្ថានទូតអាមេរិកនៅជុំវិញពិភពលោកដែលទម្លាយដោយ WikiLeaks នៅក្នុងឆ្នាំ២០១០និងត្រូវបានបោះពុម្ពផ្សាយដោយបណ្តាកាសែតអន្តរជាតិឈានមុខគឺបានធ្វើអោយអាម៉ាស់ចំពោះរដ្ឋបាលលោក Bush ក្នុងរដ្ឋធានីវ៉ាស៊ីនតោនហើយបង្កអោយមានការបំផ្លិចបំផ្លាញនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយបណ្តាប្រទេសដទៃទៀត។
គួរបញ្ជាក់ថា លោក Assange បានចូលជ្រកកោននៅស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០១២ដើម្បីចៀសវាងការធ្វើបត្យាប័នទៅប្រទេសស៊ុយអ៊ែតដើម្បីប្រឈមនឹងការសាកសួរក្នុងករណីចំនួនពីរអំពីការរំលោភផ្លូវភេទ៕ AFP
Source: Kampuchea Thmey Daily
0 Comments