ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៩លើក ( យប់៣លើក ) បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់៨នាក់ ( ស្រី៣នាក់ ) និងរងរបួសស្រាល៦នាក់ ( ស្រី១នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព១៥នាក់ ( យប់៨នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង រថយន្តធុនធំ ចំនួន១គ្រឿង និងគោយន្ត ចំនួន១គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី មិនគោរពសិទ្ធិ៤លើក ( ស្លាប់៧នាក់ ) , ល្មើសល្បឿន៤លើក , និងកត្តាយាន ១លើក ( ស្លាប់១នាក់ )។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤លើក និងផ្លូវខេត្ត ចំនួន៥លើក។ ដោយឡែកយានយន្តដែលបង្កហេតុរួមមាន ម៉ូតូចំនួន៤លើក រថយន្តធុនតូច ចំនួន៣លើក រថយន្តធុនធំ ចំនួន ១លើក និងគោយន្ត ចំនួន១លើក។ រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ៣លើក ស្លាប់១នាក់ របួស៣នាក់ ខេត្តសៀមរាប ១លើក ស្លាប់៣នាក់ ខេត្តកំពត១លើក របួស៣នាក់ ខេត្តព្រះវិហារ២លើក ស្លាប់៣នាក់ របួស៤នាក់ និងខេត្តកំពង់ធំ១លើក ស្លាប់១នាក់ របួស២នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ កើតឡើង៦៧លើក បណ្ដាលឲ្យមនុស្សស្លាប់៣១នាក់ របួសសរុប៩៤នាក់ ក្នុងនោះរបួសធ្ងន់៦២នាក់ និងរងរបួសស្រាល៣២នាក់៕
Source: Kampuchea Thmey Daily
0 Comments