ភ្នំពេញ ៖បុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស ជាង ១០០ នាក់សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំយុវជននិងកីឡានិងសា លារាជធានីភ្នំពេញនឹងចុះដាំកូនឈើសរុបប្រមាណ ១.០០០ ដើមនៅតាមសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញដែលជាផ្នែកមួយនៃ “គម្រោងលើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថាន និងការដាំកូនឈើ”។
នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសាលាបឋមសិក្សាសន្ធរម៉ុកក្នុងថ្ងៃនេះ ណាហ្គាវើលដ៍ បានទទួលនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការដាំកូនឈើ ៣.៣០០ ដើមចាប់តាំងពីឆ្នាំ ២០១ ៤ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រទេសកម្ពុជាឲ្យកាន់តែស្រស់បំព្រងនិងកាន់តែបៃតង ។
លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានមានប្រសាសន៍ថា «ការការពារបរិស្ថាន គឺជាការងារសង្គមអាទិភាពមួយនៃគម្រោងអភិរក្សបរិស្ថានរបស់យើង ។ តាមរយៈកម្មវិធីដាំកូនឈើ និងការណែនាំស្តីអំពីការថែរក្សាកូនឈើនេះ យើងសង្ឃឹមថាសិស្សានុសិស្ស នឹងស្វែងយល់បន្ថែមអំពីការអភិរក្សបរិស្ថាន និងយល់ដឹងអំពីវិធីជួយធ្វើប្រទេសកម្ពុជាកាន់តែបៃតងក្នុងពេលអនាគត ។ មិនតែប៉ុណ្ណោះ ពួកគេនឹងទទួលបានខ្យល់អាកាស និងម្លប់ពីកូនឈើដែលពួកគេបានដាំផងដែរ» ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញដែលបាន បានមានប្រសាសន៍ថា «យើងដឹងថា ដើមឈើមិនត្រឹមតែផ្តល់សោភ័ណភាពស្រស់បំព្រងនោះទេ ប៉ុន្តែថែមទាំងផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងធ្វើឲ្យដីមានភាពត្រជាក់ទៀតផង។ដូច្នេះយើងមានសេចក្តីសោមនស្សរីករាយដែលកម្មវិធីដាំកូនឈើនេះ នឹងធ្វើឲ្យបរិយាកាសរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍កាន់តែប្រសើរនៅក្នុងពេលអនាគត» ។
លោកស្រីឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «ក្រសួងតែងតែលើកទឹកចិត្តឲ្យមានការដាំដើមឈើ ដូចជាដាំដើមឈើជារបងសម្រាប់ផ្តល់ជាម្លប់ក្នុងទីធ្លា និងនៅកន្លែងលេងរបស់សិស្ស និងអមសងខាងផ្លូវក្នុងទីធ្លាសាលា ជាដើម ។ នៅពេលសាលារៀនមានម្លប់ឈើត្រឈឹងត្រឈៃ វានឹងទាក់ទាញឲ្យសិស្សានុសិស្សមានចិត្តចង់មកសាលារៀន និងមករៀនបានទៀងទាត់ ជាពិសេសជួយធ្វើឲ្យលទ្ធផលនៃការសិក្សារបស់ពួកគេ កាន់តែប្រសើរ» ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានធ្វើការកត់សម្គាល់ថា ព្រៃឈើ “គឺជាដង្ហើមនៃភពផែនដីរបស់យើង” និងមានសារសំខាន់ណាស់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី ។ ដើមឈើ ជួយកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដោយវាស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងបញ្ចេញមកវិញនូវអុកស៊ីសែនដើម្បីកាត់បន្ថយការបំពុលនៃខ្យល់។
លោកបានផ្ញើសារឲ្យប្រជាជនទាំងអស់ជួយការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះផងដែរ។ “តាមរយៈកម្មវិធីដ៏ល្អនេះ យើងចង់ឃើញនិរន្តរភាពនៃដើមឈើដែលយើងដាំ និងលើកកម្ពស់ការដាំកូនឈើទូទាំងប្រទេសដែលស្របទៅនឹងទិសដៅរបស់អង្គការសហប្រជាជាតិក្នុងការទប់ស្កាត់កុំឲ្យមានវាលរហោស្ថាន ។
គួរបញ្ជាក់ថាចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺ លើកកម្ព ស់ការអប់រំ ចូលរួមក្នុងសហគមន៍ អភិវឌ្ឍវិស័យកីឡា និងអភិរក្សបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្ប ន្ន មានប្រជាជនកម្ពុជាជាង ១៦០.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ៕
Source: Kampuchea Thmey Daily
0 Comments