Ad Code

កម្ពុជា​-​ឥណ្ឌូនេស៊ី ឯកភាពគ្នា ក្នុង​ការធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ដែល​បាន​ចុះហត្ថលេខា​សាកល​ពី​ឆ្នាំ​១៩៩៧



​ភ្នំពេញ ​៖ ការ​ឯកភាព​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ឥណ្ឌូនេស៊ី លើក​ទី​៤ ទីក្រុង​ហ្សាការតា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី​០៣ ដល់ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨​។​

តាម​ព័ត៌មាន​ពី​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ដឹក​នាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី លើក​ទី​៤ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ហើយ​មុនពេល​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​៤​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកជំទាវ រ៉េត​ណូ អិ​ល ភី ម៉ារ​ស៊ូ​ឌី បាន​ជួប​ប្រជុំ​ទ្វេភាគី ដែល​ក្នុង​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​សភាពការណ៍ ស្ដីពី​នយោបាយ និង​សេដ្ឋកិច្ចសង្គម​បច្ចុប្បន្ន​ នៃ​ប្រទេស​របស់ខ្លួន និង​ទស្សនៈ​ស្ដីពី​បញ្ហា​តំបន់​។​

ក្នុងអំឡុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរ​បាន​បង្ហាញ​ទស្សនៈ​រួមគ្នា​ថា ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី នៅ​ឆ្នាំ​២០១៩ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរ​បាន​ស្វាគមន៍​គម្រោង​រៀបចំ​សកម្មភាព​រួមគ្នា​ជាច្រើន ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​ឧឡារិក​នេះ​។

ភាគី​ទាំង​ពីរបាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ លើ​ការអភិវឌ្ឍន៍ ​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​វិធានការ​ក្នុងការ​ពង្រីក និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាច្រើន ដូចជា ការពារ​ជាតិ និង​សន្តិសុខ ពាណិជ្ជកម្ម​ និង​វិនិយោគ កសិកម្ម ការ​តភ្ជាប់​ផ្លូវ​អាកាស ឧស្សាហកម្ម ថាមពល វប្បធម៌ ទេសចរណ៍ អប់រំ ព័ត៌មាន ការ​ដឹកជញ្ជូន និង​សុខាភិបាល​។

រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​គ្នា​លើកទឹកចិត្ត​ឲ្យ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង ដែល​ចាំបាច់​សម្រាប់​ការ​ចូល​ជា​ធរមាន នៃ​កិច្ចព្រមព្រៀង ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៧ និង​បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​រវាង​ស្ថាប័ន​ការពារ​ជាតិ​ពាក់ព័ន្ធ​ នៃ​ប្រទេស​ទាំងពីរ​។ ខណៈ​កំពុង​កត់សំគាល់​ពី​ការ​រីក​ចម្រើន​ នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​ឲ្យ​មានការ​ពិភាក្សា​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៩៧ ដើម្បី​រួមបញ្ចូល​ការវិវត្តន៍​ថ្មីៗ​ នៃ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ទាំងពីរ​។

ក្រសួងការបរទេស​បាន​បញ្ជាក់ថា កិច្ច​ប្រជុំបាន​ឯកភាព​លើកទឹកចិត្ត​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ថ្នាំពេទ្យ ស៊ីម៉ង់ ជីគីមី កៅស៊ូ អាហារ​កែច្នៃ និង​ឧស្សាហកម្ម​រថយន្ត​។ រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​ស្វាគមន៍​ការ​កើនឡើង​ការ​វិនិយោគ​របស់​ឥណ្ឌូនេស៊ី នៅ​កម្ពុជា​ផងដែរ​។ ដោយ​កត់សំគាល់ឃើញ​ភាព​វិជ្ជមាន​នេះ ភាគី​ឥណ្ឌូនេស៊ី​ឯកភាព​បន្ត​លើកទឹកចិត្ត​អ្នក​វិនិយោគ មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

កិច្ច​ប្រជុំបាន​ឯកភាពគ្នា​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​បន្ថែមទៀត​លើ​ផលិតផល​កសិកម្ម និង​ពន្លឿន កិច្ច​ពិភាក្សា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​។ កិច្ច​ប្រជុំ​បាន​ជំរុញ​ឲ្យ​មានការ​បង្កើន​ការ​តភ្ជាប់​ផ្លូវ​អាកាស និង​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​អាកាសចរណ៍​ឲ្យ​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។

ភាគី​ទាំង​ពីរ បាន​លើកទឹកចិត្ត​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ពិនិត្យឡើងវិញ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៩៩ និង​បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ជំរុញ​ទិដ្ឋភាព​វប្បធម៌​រួម​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​។

លើសពីនេះ កិច្ចប្រជុំ​ ក៏បាន​លើកទឹកចិត្ត​ឲ្យ​មានការ​បន្ត​សុពលភាព​អនុស្សរណៈ ​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​វប្បធម៌ ដែល​នឹង​ត្រូវអស់​សុពលភាព​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ភាគី​កម្ពុជា​បាន​ថ្លែងអំណរគុណ ចំពោះ​ការបន្ត​ជួយ​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ភាគី​ទាំង​ពីរបាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​នៃ​កិច្ចសហការ​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​របស់​កម្ពុជា និង​មជ្ឈមណ្ឌល​អប់រំ និង​បណ្ដុះ​បណ្ដាល​ នៃ​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​។

ក្រៅពីនេះ ភាគី​ទាំងពីរ​ ក៏បាន​ផ្លាស់ប្ដូរ​ទស្សនៈ ​ស្ដីពី​បញ្ហា​តំបន់ និង​សកល ដែល​ជា​កង្វល់​រួម ក្នុង​នោះ​ក៏មាន​គំនិត​ផ្ដួចផ្ដើម​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ផងដែរ​។

ភាគី​ទាំងពីរ បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី លើក​ទី​៥ នៅ​ឆ្នាំ​២០២០ នៅ​កម្ពុជា ហើយ​នៅពេល​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​៤ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកជំទាវ រ៉េត​ណូ អិ​ល​.​ភី ម៉ារ​ស៊ូ​ឌី បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កំណត់ហេតុ​ស្ដីពី​លទ្ធផល ​នៃ​កិច្ចប្រជុំ​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu