សេចក្តីសម្រេចរបស់អាមេរិកដែលត្រូវបានគាំទ្រដោយឯកអគ្គរដ្ឋទូតលោកស្រី Nikki Haley ដើម្បីថ្កោលទោសចលនាហាម៉ាសរបស់ប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិពាក់ព័ន្ធការបាញ់គ្រាប់រ៉ុក្កែតដាក់ប្រទេសអ៊ីស្រាអែលគឺមិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់ការអនុម័តកាលពីថ្ងៃព្រហស្បតិ៍ទេ។
វិធានការដែលបានស្នើឡើងនេះបានទទួលការគាំទ្រ៨៧សំឡេងនៅឯមហាសន្និបាតប៉ុន្តែមិនទទួលបានសំឡេងភាគច្រើនពីរភាគបីដែលត្រូវការចាំបាច់នោះទេ។ ប្រទេសចំនួន៥៨បានជំទាស់នឹងវិធានការនេះហើយមាន៣២ប្រទេសបានអនុបវាទ។
លោកស្រី Haley ដែលនឹងលាលែងពីតំណែងនៅបំណាច់ឆ្នាំនេះបានចោទប្រកាន់អង្គការសហប្រជាជាតិម្តងហើយម្តងទៀតថា មានភាពលំអៀងប្រឆាំងអ៊ីស្រាអែលហើយបាននិយាយការពារអ៊ីស្រាអែលសម្រាប់ការប្រឈមមុខដាក់គ្នាចុងក្រោយរបស់ខ្លួនជាមួយក្រុមហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធឥស្លាមនិយមដែលគ្រប់គ្រងតំបន់ Gaza Strip ចាប់តាំងពីឆ្នាំ២០០៧មក។
វាជាសេចក្តីសម្រេចថ្កោលទោសក្រុមហាម៉ាសដែលបានស្នើឡើងជាលើកដំបូងដែលត្រូវបានបង្ហាញដល់មហាសន្និបាទដែលមានសមាជិកចំនួន១៩៣ប្រទេស។
ថ្លែងមុនពេលបោះឆ្នោត លោកស្រី Haley បាននិយាយថា វិធានការនេះនឹងធ្វើអោយមានកំហុសជាប្រវត្តិសាស្ត្រហើយដាក់មហាសន្និបាតនេះនៅលើផ្នែកនៃសេចក្តីពិតនិងតុល្យភាពក្នុងការខិតខំដើម្បីសម្រេចអោយបាននូវសន្តិភាពក្នុងតំបន់មជ្ឈឹមបូព៌ា។
ស្របពេលជាមួយគ្នានោះ ក្រុមហាម៉ាសបានសរសើរចំពោះលទ្ធផលនៃការបោះឆ្នោតនេះដោយហៅវាថាជា “ភាពអាម៉ាស់” ដល់រដ្ឋការរបស់លោកប្រធានាធិបតី Donald Trump ដែលបានប្រកាន់ជំហរគាំទ្រអ៊ីស្រាអែលក្នុងការដោះស្រាយបញ្ហាសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។
អ្នកនាំពាក្យក្រុមហាម៉ាសលោក Sami Abu Zahri បានសរសេរនៅលើ Twitter ថា “បរាជ័យរបស់អាមេរិកនៅឯអង្គការសហប្រជាជាតិគឺតំណាងអោយភាពអាម៉ាស់ចំពោះរដ្ឋបាលអាមេរិកនិងការបញ្ជាក់ពីភាពស្របច្បាប់នៃការតស៊ូ”៕ AFP
Source: Kampuchea Thmey Daily
0 Comments