ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអះអាងថា ជារៀងរាល់ឆ្នាំមានជនពិការប្រមាណ ២៨,០០០ នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាគ្រប់ប្រភេទ ដោយឥតគិតថ្លៃ។
ថ្លែនៅក្នុងទិវាទិវាជនមានពិការភាព ក្រោមប្រធានបទ “លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព”នៅសាលមហោស្រពកោះពេជ្រកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោក វង សូត បានមានប្រសាសន៍ថា ការផ្តល់សេវាស្តាលទ្ធភាពពលកម្មដល់ជនមានពិការនៅតាមសហគមន៍នេះ គឺដើម្បីរួមចំណែកជួយដល់ជនមានពិការភាពក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងមុខរបរ ជាពិសេសសម្រាប់ជនពិការគ-ថ្លង់ និងជនពិការភ្នែក ក៏ត្រូវបានអភិវឌ្ឍន៍ផងដែរ ដូចជាអក្សរស្ទាប ភាសាសញ្ញា ត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា នៃវិស័យ អប់រំ ព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឲ្យការផ្តល់ព័ត៌មានជូនជនមានពិការភាព។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី វង សូត បានបន្តទៀតថា ដើម្បីជួយលើកកម្ពស់ជនមានពិការភាព រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍អនុញ្ញាតឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសផ្តល់ភាព អនុគ្រោះក្នុងការផ្តល់សេវាកម្មដល់ជនពិការ ដោយបន្ធូរបន្ថយជាអតិបរមា ឬអាចលើកលែងទាំងស្រុង នូវកម្រៃសេវាចាំបាច់មួយចំនួនតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លើសពីនេះ ក្រសួងសុខាភិបាល បានពង្រីកសកម្មភាពពិនិត្យ ព្យាបាលជំងឺដល់ជនមានពិការភាព និងចាស់ជរា ដែលមានជីវភាពលំបាក គ្មានទីពឹង ដោយឥតគិតថ្លៃ។
ទន្ទឹមនេះដែរ ក្រសួងមហាផ្ទៃ ក៏បានដាក់បញ្ចូលការគិតគូរដល់ជនមានពិការភាព ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រួលដល់ជនមានពិការភាព ក្នុងការប្រើប្រាស់សេវាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឲ្យកាន់តែមានភាពងាយស្រួលឡើង។
លោក វង សូត បានបញ្ជាក់ថា កម្ពុជា បានសម្រេចបានការងារជាច្រើន លើវិស័យពិការភាព មានដូចជា បានជំរុញការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនពិការឲ្យចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជន។
ជាក់ស្ដែងក្នុងឆ្នាំ២០១៨ ជនមានពិការភាពសរុបចំនួន២.៨៣៩នាក់ ក្នុងនោះ ជនពិការកម្រិតធ្ងន់មានចំនួន ១.៤៧៨ នាក់ បានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ចំណែក វិស័យឯកជនចំនួន៧៧ មានជនពិការចំនួន៣.០៥៥ នាក់ បាននិងកំពុងបម្រើការងារ។ សរុបទាំងរដ្ឋ និងឯកជនមានចំនួនប្រមាណ៥.៨៩៤ នាក់។
បានបើកផ្តល់របបគោលនយោបាយ ចំពោះជនមានពិការភាព ក្រីក្រនៅតាមសហគមន៍ បច្ចុប្បន្នជនមានពិការភាពក្នុងខេត្តចំនួន០៧ មាន ៖ ខេត្តកណ្តាល ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ចាម ប៉ៃលិន និងខេត្តបាត់ដំបង ដែលជនមានពិការភាពសរុប ១០.៣៥៣ នាក់ ដែលបានទទួលប័ណ្ណសង្គមកិច្ច និងថវិការបបឧបត្ថម្ភគោលនយោបាយ។ ជនមានពិការភាពចំនួន ២.៤១២ នាក់ បានទទួលរបបគោលនយោបាយ សម្រាប់ជនមានពិការភាពក្រីក្រផ្នែកថែទាំសុខភាព។
បានសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ ផ្ទះជូនអតីតយុទ្ធជនពិការ តាមសហគមន៍បានរាប់រយខ្នង និងកំពុងអនុវត្តគោលនយោបាយ ស្ដីពីការផ្តល់ដីសម្បទាន សង្គមកិច្ច ដល់កងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងអតីតយុទ្ធជនរាប់ពាន់គ្រួសារ។ និងបាន បង្កើនប្រាក់ថ្លៃអាហារដល់អតីតយុទ្ធជន និងយោធិនពិការផងដែរ។
ក្រៅពីនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការ ក្នុងការប្រកួតប្រជែងមុខជំនាញ ការប្រកួត កីឡាស្ប៉េស្យាល់អូឡាំពិក ឲ្យមានលក្ខណៈដូចជ័យលាភីផ្សេងៗដែរ ព្រមទាំងជំនួយឧបត្ថម្ភជាច្រើនតាមរយៈ កាកបាទក្រហមកម្ពុជា។
គួរបញ្ជាក់ថា ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា ប្រេវ៉ាឡង់ នៃអត្រាពិការភាពមាន ៤% នៃចំនួនប្រជារាស្ត្រ កម្ពុជាសរុប ហើយចំនួនអ្នកពិការមានប្រមាណ ៥២ ៤.០០០នាក់៕
Source: Kampuchea Thmey Daily
0 Comments