Ad Code

អាមេរិក​បោះបង់ចោល​កា​រ​ប៉ុនប៉ង​សម្រាប់​កិច្ចប្រជុំ UN ខែធ្នូ​ស្តីពី​ការរំលោភបំពាន​របស់​កូរ៉េខាងជើង



ក្រុម​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក ​បាន​បោះបង់ចោល​ការជំរុញអោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥​របស់ខ្លួន​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កូរ៉េខាងជើង​ក្នុង​ខែ​នេះ​ ដោយសារតែ​ខ្លួន​មិន​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​។​

យ៉ាងហោចណាស់​ក៏ត្រូវ​ការ​សំឡេងគាំទ្រ​ពី​ប្រទេស​ចំនួន​៩​ដែរ​នៅក្នុង​ស្ថាប័ន​ដែលមាន​សមាជិក​១៥​ប្រទេសមួយ​នេះ​ដើម្បី​គាំទ្រ​សំណើ​មួយ​សម្រាប់​កិច្ចប្រជុំ​នេះ​ដែល​សម្ព័ន្ធមិត្ត​ក្រុង​ព្យុងយ៉ាង​គឺ​ប្រទេស​ចិន​បាន​ព្យាយាម​ទប់ស្កាត់​មិនបាន​សម្រេច​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ក្រុម​អ្នកការទូត​បាន​និយាយថា មាន​សមាជិក​ត្រឹមតែ​៨​ប្រទេស​ប៉ុណ្ណោះ​ដែល​គាំទ្រ​ការអំពាវនាវ​អោយ​កោះប្រជុំ​នៅពេលនេះ​។​

មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយថា “​ប្រសិនបើ​យើង​មិនអាច​រៀបចំ​កិច្ចចរចា​ដ៏​សំខាន់​នេះ​នៅ​ខែ​នេះ​ទេនោះ យើង​សង្ឃឹមថានឹង​បើក​កិច្ចប្រជុំ​ឡើងវិញ​នៅ​ឆ្នាំ​ថ្មី​។ សហរដ្ឋអាមេរិក​នៅតែ​មាន​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​”​។​

នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​សប្តាហ៍​មុន ប្រទេស​កូរ៉េខាងជើង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​ប៉ុនប៉ង​ធ្វើបាប​និង​ជំរុញ​ការប្រឈមមុខគ្នា​ដោយ​ការស្នើសុំ​អោយមាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ថ្វីបើ​មាន​កិច្ចប្រឹងប្រែង​របស់​មេដឹកនាំ​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ក៏ដោយ​។​

ប្រទេស​កូរ៉េខាងជើង​បាន​ច្រានចោល​ការចោទប្រកាន់​ពីបទ​រំលោភ​សិ​ទិ្ធ​មនុស្ស​ម្តង​ហើយ​ម្តងទៀត​និង​បាន​ស្តីបន្ទោស​ការដាក់ទណ្ឌកម្ម​ចំពោះ​ស្ថានភាព​មនុស្សធម៌​ដ៏​យ៉ាប់យ៉ឺន​។​

ក្រុង​ព្យុងយ៉ាង​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦ មក​ដោយសារ​កម្មវិធី​មី​ស៊ី​ល​ផ្លោង​និង​នុយក្លេអ៊ែរ​របស់ខ្លួន​។​

សហរដ្ឋអាមេរិក​អាច​ព្យាយាម​ម្តងទៀត​ក្នុង​ខែមករា​នៅពេលដែល​សមាជិក​ថ្មី​ចំនួន​៥​ប្រទេស ប្តូរ​វេន​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu